ភាព​រង្គោះរង្គើ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង វិបត្តិ​នៅ​កាតា បង្ហាញថា​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កំពុង​ឈានទៅរក​មាត់ជ្រោះ​គ្រោះថ្នាក់​

1969
ចែករម្លែក

បទវិភាគ: ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត​បាន​ដឹកនាំ​ប្រទេស​ជាច្រើន ទៅ​កាត់ផ្តាច់​ប្រទេស​កាតា ដោយ​មិន​រំពឹងទុក ចេញពី​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស ដែល​មើលទៅ​លែងមាន​ការសហការ​គ្នា​តទៅទៀត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ជាហេតុ​នាំឱ្យមាន​ការបា​រ​ម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​ក្នុងចំណោម​សមាជិក​។ ការពិត​ដែលថា កាតា​មាន​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ធំ​បំផុត​និង​សំខាន់បំផុត​មួយ​នោះ បាន​សបញ្ជាក់​ថា​ជា​គោលនយោបាយ​ធានា​សុវត្ថិ​ភាពល្អ​បំផុត​សម្រាប់​រដ្ឋ​តូច​មួយ​នេះ ប៉ុន្តែ​ជម្លោះ​នេះ​បាន​នាំ​រឿង​ឈឺក្បាល​មិន​ស្ទើរ​ទេ ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​អារ៉ាប់​បាន​បង្កើត​ក្រុមប្រឹក្សា​នេះ​ឡើង​ដើម្បី​ប្រឆាំងនឹង​អ៊ីរ៉ង់ ដែលជា​សត្រូវ​ធំ​បំផុត​របស់ខ្លួន ស្រប​ពេលដែល​អ៊ីរ៉ង់​ទើបតែ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដាក់​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​។ ការវាយប្រហារ​បែបនេះ គឺជា​ការវាយប្រហារ​លើ​ក​ដំបូង​មិន​ធ្លាប់មាន​ជាង​មួយ​ទសវត្សរ៍​កន្លះ កន្លងមកនេះ​។

នេះ​មិនទាន់​និយាយ​ដល់​តម្លៃ​ប្រេង​ចុះ​ខ្លាំង​ទូទាំង​សកលលោក ដែល​កំពុង​ញាំញី​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​របស់​ពួកគេ​ផង​ទេ​។ ហើយក៏​មិនទាន់​រាប់បញ្ចូល​ការគំរាមកំហែង​បង្កឡើង​ដោយ​ពួក​អាយ​ស៊ី​ស ដែល​ទើប​វាយប្រហារ​ក្រុង​តេ​ហេ​រ៉ង់​ជា​លើកដំបូង ឬ សង្គ្រាម​គ្មាន​ច្រកចេញ​នៅ​យេ​ម៉ែន ដែលនាំឱ្យ​រាស្ត្រ​រងទុក្ខវេទនា​កាន់តែ​ធ្ងន់ធ្ងរ​។

ដូច្នេះ​តើ​កំពុងមាន​អ្វី​កើត​ឡើងទៅ​? អ្នកវិភាគ​ខ្លះ​បានចង្អុលបង្ហាញ​ការពិត​ថា កោលាហល​ភាគច្រើន​កើតឡើង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​របស់គាត់ ដែល​ធ្វើឡើង​ដើម្បី​បង្ហាញថា បក្ស​សាធារណរដ្ឋ​មាន​ទស្សនៈវិស័យ​ពិភពលោក​ខុសគ្នា​ឆ្ងាយ​ពី​សម​ភាគី​បក្ស​ប្រជាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ តែ​តាម​ការពិត ភាព​តានតឹង​ជាច្រើន​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន ទាំង​ជាមួយ​អ៊ីរ៉ង់ និង កាតា បានកើត​ឡើង​រាប់​ឆ្នាំ​មកហើយ គ្រាន់តែ​មិនទាន់​ផ្ទុះ​ចេញមក​ខ្លាំង​។ ប៉ុន្តែ​ការគាំទ្រ​ជា​សាធារណៈ​ដ៏​ខ្លាំងក្លា​របស់លោក​ត្រាំ​ចំពោះ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត ក្នុងនាម​ជា​ដៃគូ​តំបន់​ដ៏​សំខាន់​របស់លោក ប្រហែលជា​បានធ្វើឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្លាហាន​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង និង បាន​ផ្លាស់ប្តូរ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​។

អា​រ៉ា​ប៊ី​សា​អូឌីត និង ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ផ្សេងទៀត ដូចជា អារ៉ាប់​រួម​អេ​មី​រ៉ា​ត មានការ​សង្ស័យ​យ៉ាងជ្រៅ​ជ្រៅ​អំពី​ស្ថានភាព​ការទូត​របស់លោក​អូ​បា​ម៉ា ជាមួយ​អ៊ីរ៉ង់ ដែល​កើតឡើង​នៅក្នុង​កិច្ចព្រមព្រៀង​អំពី​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​។

លោក ម៉ៃ​ឃើ​ល អេ​សិន​ស្តេត នាយក​កម្មវិធីសិក្សា​យោធា​និង​សន្តិសុខ នៅ​វិទ្យាស្ថាន​វ៉ាស៊ីនតោន​សម្រាប់​គោលនយោបាយ​មជ្ឈិមបូព៌ា បានសរសេរថា “​ការប៉ុនប៉ង​របស់រ​ដ្ឋ​បាល​អូ​បា​ម៉ា​ដើម្បី​ដកខ្លួន​ចេញពី​តំបន់ បាន​នាំឱ្យមាន​ការផ្លាស់ប្តូរ​វប្បធម៌​ជា​យុទ្ធសាស្ត្រ​របស់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ដោយ​ធ្វើឱ្យ​ដៃគូ​អាមេរិក​ខ្លះ​មាន​ជំនឿ​ចិត្តខ្លាំង​លើ​សមត្ថភាព​ពួកគេ​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​”​។​

លោក ម៉ៃ​ឃើ​ល អេ​សិន​ស្តេត បាន​បន្ថែមថា ទោះយ៉ាងណា “​ការលក់​អាវុធ ឬ ការកើនឡើង​ផ្នែក​យោធា មិនអាច​តបស្នង​ចំពោះ​កំហុស​គោលនយោបាយ និង ការដើរ​ខុសផ្លូវ​នោះឡើយ ដែល​ឥទ្ធិពល​របស់​វា​ប៉ះពាល់​តំបន់​ទាំងមូល និង ភូមិសាស្ត្រ​នយោបាយ​”​។

ការខិតខំ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក រិច ធី​ល​ល័​រ​សុន ដើម្បី​ព្យាយាម​សម្របសម្រួល​វិបត្តិ​នៅ​កាតា ស្របពេល​ធ្វី​តរបស់​ត្រាំ​ហាក់​គាំទ្រ​ការដឹកនាំ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ដាក់​កាតា​ឱ្យ​ឯកោ បានត្រឹមតែ​ធ្វើឱ្យ​ភាពមិនប្រាកដប្រជា​កាន់​តែ​ផុង​ជ្រៅ​ទៅៗ​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។ កាតា​បាន​បដិសេធ​ជា​យូរ​មកហើយ​ថា​មិនបាន​គាំទ្រ​ពួក​ភេរវ​ករ​ទេ ប៉ុន្តែ​ពួក​អ្នកការទូត​លោកខាងលិច​និយាយថា ការធ្វេសប្រហែស​របស់​កាតា​បានអនុញ្ញាត​ឱ្យ​ហូរ​លុយ​ទៅ​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ុន​នី ដូចជា បណ្តាញ​អាល់​កៃ​ដា​ក្នុង​ស៊ី​រី​ជាដើម​។

ក្រសួងការបរទេស​អា​មេ​រិ​ក​សប្តាហ៍​នេះ​បានទាមទារ​ឱ្យ​ប្រទេស​ជាច្រើន​ដែល​កំពុង​ធ្វើ​ពិ​ហ​ការ​ប្រទេស​កាតា ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ឱ្យបាន ដោយ​លើកឡើងថា រដ្ឋបាល​ត្រាំ​លែងមាន​ការអត់ធ្មត់​ទៀតហើយ​ជុំវិញ​ជម្លោះ​ក្នុងចំណោម​ដៃគូ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។

​ក្នុងប្រទេស​អ៊ីរ៉ង់ ការ​ថ្លែង​របស់លោក​ធី​ល​ល័​រ​សុន កាលពី​សប្តាហ៍​មុន នៅ​ចំពោះមុខ​សភា​ថា អាមេរិក​កំពុងធ្វើការ​ឆ្ពោះទៅរក “​ការគាំទ្រ​របស់​ក្រុមមនុស្ស​ទាំងនោះ​នៅក្នុង​អ៊ីរ៉ង់ ដែល​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិភាព​” បានធ្វើឱ្យ​ខឹងសម្បារ​ជាខ្លាំង​ដល់​មន្ត្រី​ជាច្រើន​នៅ​ទីនោះ (​បណ្តា​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​) ដែល​កំពុង​សង្ស័យ​ត្រាំ​ស្រាប់​។

​ទន្ទឹមនេះ ពលរដ្ឋ​នៃ​ទីក្រុង​តេ​ហេ​រ៉ង់​បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​យ៉ាង​បើកចំហ​ថា បាន​គាំទ្រ​ការវាយប្រហារ​របស់​ពួក​រដ្ឋ​អ៊ីស្លាម​មកលើ​សភា និង ទីសក្ការៈ​របស់​ស្ថាបនិក​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​សម្លាប់​មនុស្ស ១៨ នាក់ និង​បង្ក​របួស​ជាង ៥០ នាក់​។

​ភស្តុតាង​របស់​ពួកគេ​? ព្រះបន្ទូល​របស់​ព្រះអង្គម្ចាស់​ស្នងរាជ្យ​ទើប​តែងតាំង​ថ្មីថ្មោង មហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ កាលពី​ខែឧសភា ថា ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត​នឹង “​ធ្វើ​ចំណាត់ការ ដូច្នេះ វា​នឹង​ក្លាយជា​សមរភូមិ​សម្រាប់​ពួកគេ​នៅ​អ៊ីរ៉ង់ មិនមែន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​”​។

​ដូច្នេះ នៅពេល​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​ជាង ១៥ ឆ្នាំ​មកនេះ ទៅលើ​ទឹកដី​បរទេស​នៅ​សប្តាហ៍​នេះ ដោយ​ផ្តោត​គោលដៅ​លើ​អ្នក​ប្រយុទ្ធ​អាយ​ស៊ី​ស​ក្នុង​ស៊ី​រី ជុំវិញ​ការវាយប្រហារ​មកលើ​ក្រុង​តេ​ហេ​រ៉ង់ គេ​បានទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា នេះ​ជា​សារ​មួយ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត និង អាមេរិក​។

វិបត្តិ​រវាង​អ៊ីរ៉ង់ និង អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ ២០១៦ បាន​លាតសន្ធឹង​ចូលក្នុង​ករណី​បាញ់ប្រហារ​ក្នុង​រដ្ឋ​នៃ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ (​អ៊ីរ៉ង់​)​។ អា​រ៉ា​ប៊ី​សា​អូឌីត​និយាយថា ខ្លួន​បាន​ចាប់​សមាជិក​បីនាក់​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅលើ​ទូក​ដឹក​គ្រឿងផ្ទុះ​មួយ ដែល​តាម​ការចោទប្រកាន់​គឺមាន​ផែនការ​វាយប្រហារ​កន្លែង​បូម​ប្រេង​នៅក្នុង​សមុទ្រ​ដ៏​សំខាន់​មួយកន្លែង​។ អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ទោះបី​មុននេះ អ៊ីរ៉ង់​ទទួលស្គាល់​ការស្លាប់​ពលរដ្ឋ​ខ្លួន​ម្នាក់ ដែល​អ៊ីរ៉ង់​ហៅថា​ជា​អ្នកនេសាទ ដែល​ត្រូវ​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត បាញ់​ស្លាប់​។

កោលាហល​ក៏​កំពុង​កើតឡើង​នៅ​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ផ្សេងទៀត​ដែរ ជាពិសេស ប្រទេស​កោះ​តូច បា​រ៉ែ​ន ដែល​ភ្ជាប់​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​តាមរយៈ​ផ្លូវ​ឆ្លងកាត់​ទំនប់ទឹក​មួយ​។ ការបង្ក្រាប​របស់​រដ្ឋា​ភិ​បាល​ទៅលើ​ជន​ប្រឆាំង​ជាង ១ ឆ្នាំ​មកនេះ បាន​បន្ត​រឹង​តែ​ខ្លាំងក្លា​។ ជន​សកម្មប្រយុទ្ធ​បានធ្វើការ​ឆ្លើយតប​ដោយ​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំង​សន្តិសុខ ក្នុងនោះ​រួមទាំង​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ ដែល​សម្លាប់​ប៉ូលិស​ម្នាក់​។

ក្នុង​កូ​វ៉ែត និង​អូ​ម៉​ង់ ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​អំពី​សុខភាព​មេដឹកនាំ​បច្ចុប្បន្ន​របស់​ពួកគេ គឺ​ប្រមុខ​ដឹកនាំ ស៊ី​ក សា​បា អាល់ អា​ម៉ាត់ អាល់ សា​បា អាយុ ៨៨ ឆ្នាំ (​កូ​វ៉ែត​) និង ស្តេច ស៊ុ​លត​ង់ កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ត ព្រះជន្ម ៧៦ វស្សា (​អូ​ម៉​ង់​)​។ ក្នុង​អូ​ម៉​ង់ គឺ​គ្មាន​អ្នក​ស្នងរាជ្យ​ច្បាស់ការ​ណា​នៅឡើយ​ទេ​សម្រាប់​ស្តេច​ត្រកូល​ស៊ុ​លត​ង់ ខណៈ​ក្នុង​កូ​វ៉ែត ការ​ប្រទាញប្រទង់​ដឹកនាំ​ប្រទេស​អាច​នឹង​កើតឡើង​ផងដែរ​។​

ការ​ប្រឈម​នៃ​ការគ្រប់គ្រង​រជ្ជកាល​ជា​បន្តទៀត​នៅក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស គឺ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការដោះស្រាយ​បញ្ហា​យុវជន​កើនឡើង​ដ៏​ច្រើន ដែល​រំពឹង​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ​ជាង​ឪពុកម្តាយ​ពួកគេ​។ ក្នុង​អា​រ៉ា​ប៊ី​សា​អូឌីត ស្តេច​សាល់​ម៉ាន់ ដែល​ដាក់​រាជបុត្រ​ផ្ទាល់​របស់​ទ្រង់​ព្រះជន្ម ៣១ វស្សា ដើម្បី​ស្នងរាជ្យ​បល្ល័ង្ក អាច​បង្កើន​ប្រជាប្រិយភាព ក្នុងចំណោម​យុវជន​របស់​ព្រះរាជាណាចក្រ​នេះ ប្រសិនបើ​ទ្រង់​អាចដាក់​ចេញ​ផែនការ​ដើម្បី​ផ្តាច់​ប្រទេស​នេះ​ពី​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ប្រេង​ទាំងស្រុង​។

​ទាំងអស់នេះ​អាច​នឹង​បរាជ័យ ជាមួយ​ការខ្វែងគំនិត​គ្នា​កំពុង​កើតឡើង​ក្នុងចំណោម​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​សង្គ្រាមពាក្យសម្តី​មិន​ធ្លាប់មាន​ពីមុនមក​រវាង​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ មួយវិញទៀត បញ្ហា​នោះបាន​កើតឡើង​រាប់​ទសវត្សរ៍​មកហើយ គ្រាន់តែ​វា​មិនទាន់​លេចឡើង​ឱ្យឃើញ​ច្បាស់​។

ឥឡូវនេះ វិបត្តិ​បាន​ពុះកញ្ជ្រោល​ខ្លាំង​ដល់​កម្រិត​ដែល​គេ​មិន​ធ្លាប់​ឃើញ​តាំងពី​ការឈ្លានពាន​របស់​អ៊ីរ៉ាក់​ចូល​កូ​វ៉ែត​ក្នុង​ឆ្នាំ ១៩៩០​។ វិបត្តិ​នោះបាន​បញ្ចប់ទៅ​ជាមួយ​ស​ង្គ្រា​ម និង ការដុត​បំផ្លាញ​អ​ណ្តូ​ត​ប្រេង ដែលជា​ព្រឹត្តិការណ៍​មួយ គ្មាន​នរណា​ចង់ឃើញ​វា​កើតឡើង​ម្តងទៀត​ឡើយនា​ពេលបច្ចុប្បន្ន​៕ ​ដោយ ៖កញ្ញាដាលីស

រាជបុត្រ​ស្នងរាជ្យ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទទួល ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃទី ២១ មិថុនា

ដកស្រង់​ចេញពី​អត្ថបទ​របស់ The Associated Press