ភិក្ខុ ប៉ុល សា​រឿង (​នាយ​តាក់ស៊ី​) ធ្វើ​កិច្ចសន្យា​ឈប់​ទេសនា​មួយរយៈ ក្រោយ​ផ្ទុះ​ការរិះគន់​

180
ចែករម្លែក

​ភ្នំពេញៈ ភិក្ខុ ប៉ុល សា​រឿង អតីត​តារា​កំប្លែង នាយ​តាក់ស៊ី ត្រូវបាន​មេគណ​ខេត្ត​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ និមន្ត​មក​ធ្វើ​កិច្ចសន្យា​ឈប់​ទេសនា​មួយរយៈ ក្រោយ ពេលដែល​ភិក្ខុ​អង្គ​នេះ បាន​ចូលរួម​សម្តែង​ធម្មទេសនា ដែល​បាន​ប្រើប្រាស់​សង្ឃដីកា​និង​កាយវិការ​មិន​ស័ក្តិ​សមជា​ភេទបព្វជិត​ហើយ​បង្ក​ឲ្យ​មានការ​រិះគន់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ នេះ​បើ​យោងតាម​កិច្ច​ស​ន្សា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១១ កក្កដា ២០១៩ ធ្វើឡើង​ចំពោះ ព្រះ​មុនី​ស​ត្ថា​ចា​រ្យ​កោសល កែវ ចន្ថា ព្រះ​មេគណ ខេត្តកំពង់ស្ពឺ និង​ព្រះ មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត កំពង់ស្ពឺ​។

​ក្នុង​កិច្ចសន្យា​បាន​រៀបរាប់ថា ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ​ឈ្មោះ ប៉ុល សា​រឿង (​ហៅ​តាក់ស៊ី​) អាយុ ៤១ បច្ចុប្បន្ន​គង់នៅ​វត្ត ថ្មី​ដងទង់ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង​ខេត្ត​កំពង់ ស្ពឺ​។ ខ្ញុំព្រះករុណា អាត្មាភាព សូម​ធ្វើ​កិច្ចសន្យា ចំពោះ ព្រះ​មុនី​ស​ត្ថា​ចា​រ្យ​កោសល កែវ ចន្ថា ព្រះ​មេគណ ខេត្តកំពង់ស្ពឺ និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​លោក ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ស្ពឺ ថា ១.​ឈប់​ទេសនា​មួយរយៈ​ពេល​។ ២.-​ឈប់​សម្តែងធម៌​ទេសនា​ដែលមាន​កាយវិកា​មិន​សមជា​សមណៈ ឬ​សំលេង​ដូច​អ្នក កំប្លែង​។ ៣-​រហូតដល់​ខ្ញុំព្រះករុណា បួស​បានយូរ​គួរសម និង​រៀន​ព្រះធម៌​វិន័យ​របស់ ព្រះពុទ្ធសាសនា​បាន​ច្រើន​។ ប្រសិនបើ​ខ្ញុំព្រះករុណា អាត្មាភាព ប្រព្រឹត្តធ្វើ​ផ្ទុយ និង​ធ្វើអំពើរ​ប្រាស់ចាក​ពី​វិន័យ​សមណៈ​សង្ឃ ឬ​មិន​ធ្វើតាម កិច្ចសន្យា​ខាងលើនេះ ខ្ញុំព្រះករុណា អាត្មាភាព ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​ហើយ​និង​ព្រម​ឲ្យ មេគណ​ខេត្ត និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ស្ពឺ​មាន​វិធានការ​តាម​ព្រះធម៌​វិន័យ​ព្រះពុទ្ធសាសនា​ចុះ​។

​សូម​រំលឹកថា អតីត​តារា​កំប្លែង នាយ​តាក់ស៊ី ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​លាឈប់​ពី​វិស័យ​សិល្បៈ ហើយនឹង​សម្រេចចិត្ត ទៅសុំ​សីល​។​ក្តី​ប្រាថ្នា​នេះ ក៏បាន​ឈានចូល​ការ​បួស​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ២០១៩ នៅក្នុង​វត្ត​ដងទង់ ខេត្តកំពង់ស្ពឺ​។ បន្ទាប់​បាន​ពី​បួស​បាន ៩​ថ្ងៃ ភិក្ខុ ប៉ុល សា​រឿង ហៅ​តាក់ស៊ី ក៏បាន​ចូលរួមសម្តែង​ធម្មទេសនា និង​ប្រើប្រាស់​កាយវិការ បែប​អ្នកកំប្លែង​ធ្វើ​ឲ្យ​មានការ​រិះគន់​ពេញបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​ក៏មាន​មន្ត្រី​សង្ឃ​ផងដែរ​៕ ដោយ​: បញ្ញា​សាស្ត្រ​