ភី​ធី​ស៊ី​កុំព្យូទ័រ សហការ​ជាមួយ Lenovo ដើម្បី​បង្កើន​ការលក់​លើ​ទីផ្សារ​កម្ពុជា​

174

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​មើលឃើញ​ទីផ្សារ​កុំព្យូទ័រ កំពុងមាន​តម្រូវការ​ខ្ពស់​ទាំង​ក្នុងចំណោម សិស្ស និស្សិត​និង​ពិសេស​បណ្តា​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​នានា​នោះ ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​ជាមួយ​ក្រុមហ៊ុន Lenovo​បាន​សហការ​ជាមួយគ្នា​ឡើង ដើម្បី​ពង្រីក​លើ​ទីផ្សារ​នៅ​កម្ពុជា​។​

​បញ្ជាក់​ក្នុង​ពិធី​អង្គសិក្ខាសាលា​ស្តីអំពី “Transforming the Future Workspace”​នា​សណ្ឋាន​គារ​ភ្នំពេញ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨ លោក Joe Ng ប្រធាន​ផ្នែក​លក់​ផលិតផល Lenovo SMB​ប្រចាំ​ប្រទេស​តំបន់​កណ្តាល​អាស៊ី​ប៉ា​ស៊ី​ភិ​ច​បានឱ្យដឹង​ថាបើ​គេ​មើ​លពី​ទីផ្សារ​ផ្នែក​កុំព្យូទ័រ​កម្ពុជា​ប​ច្វុ​ប្បន្ន​កំពុងមាន​សក្តានុពល​ខ្លាំងក្លា​ក្នុង​ស្រទាប់​យុវជន​កម្ពុជា​។​

​លោក​បាន​បន្ត​ឱ្យដឹងថា “​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​លើ​វិស័យសេដ្ឋកិច្ច​ពិសេស​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ ហេតុនេះ​តម្រូវការ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​វៃឆ្លាត​រួមផ្សំ ជា​រឿង​សំខាន់​មិនអាច​ខ្វះ​បានឡើយ​។​ដោយ​មើលឃើញ​លើ​ទីផ្សារ​តម្រូវការ​ចាំបាច់​នេះហើយ​ទើប​Lenovo ចូលខ្លួន​មក​ដើម្បី​បម្រើ​លើ​វិស័យនេះ​នៅ​កម្ពុជា​”​។​

​បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោកស្រី តាំង វួ​ច​ឡាយ អគ្គនាយិកា​រង​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​ខូ​អិ​ល​ធី​ឌី​បានឱ្យដឹងថា ការរៀបចំ​អង្គសិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់ ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា របៀប​ប្រើប្រាស់​និង​គុណ​តម្លៃ​របស់​ផលិតផល​ថ្មី Lenovo Commercial ។​វា​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន Lenovo ដែលមាន​គុណភាព​ខ្ពស់ និង​មាន​សមត្ថភាព​វៃឆ្លាត​ហួស​ពី​ការ​គិតទុក ហើយ​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។

​លោកស្រី​បញ្ជាក់​បន្ថែមថា​បច្ចុប្បន្ន​បើ​គេ​ក្រឡេកមើល​ទីផ្សារ​វិញ​ឃើញថា​តម្រូវការ​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​ទំនើបៗ​នោះ​ទាំង​សិស្សានុសិស្ស និស្សិត​និង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ស្ថានទូត អង្គការ អ្នកទិញ​លក់​បន្ត និង​អតិថិជន​ប្រើប្រាស់​តាម​ផ្ទះ​មាន​កំណើន​ឡើង​គួរកត់សម្គាល់​។​

​លោកស្រី​បន្ត​ឱ្យដឹងថា​ក្រុមហ៊ុន ភី ធី ស៊ី គឺជា​ក្រុមហ៊ុន​ធំជាងគេ ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​សេវាកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ មកម្ល៉េះ​៕ ល​