ភី​ធើ ឆេ​ក ទទូច​ឲ្យ​អ្នកគាំទ្រ​អា​សេណ​ល​ផ្តល់​ពេលវេលា​បន្ថែម​ដល់​កីឡាករ ដើម្បី​សម្រប​ខ្លួន​នឹង ទម្រង់​លេង​ថ្មី​

911
ចែករម្លែក

​អ្នកចាំទី ភី​ធើ ឆេ​ក (Petr Cech) បាន​អង្វរ​ដល់​អ្នកគាំទ្រ​អា​សេណ​ល​ឲ្យ​ផ្តល់​ពេលវេលា បន្ថែមទៀត​ដល់​កីឡាករ ដើម្បី​សម្រប​ខ្លួន បន្ទាប់ពី​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ចាកចេញ​។​
​ ​
​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) គ្រូបង្វឹក​ថ្មី​មើលឃើញ​កូនក្រុម​របស់លោក ត្រូវ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គ្រប​សង្កត់​ស្ទើរ​ទាំងស្រុង​ក្នុង​ប្រកួត​បើកឆាក​រដូវ​កាល​ថ្មី នៃ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ស៊ី​ធី​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០ ប៉ុន្តែ​បើ​មើល​ទម្រង់​លេង​ពួកគេ​អាច​រកបាន​គ្រាប់ បាល់​ច្រើនជាង​នេះ​។​
​ ​
​ក្រុម​កាំភ្លើង​ធំ​អា​សេណ​ល​ប្រឈមមុខ​នឹង​ក្រុម​ឆេ​ល​ស៊ី​នៅ​ចុង​សប្តាហ៍​ក្រោយ ហើយ​ឆេ​ក បាន​និយាយថា “​ខ្ញុំ​គិតថា អ្នកគាំទ្រ​ត្រូវតែ​យល់ថា នៅពេល​យើង​ចាប់ផ្តើម​កសាង​ក្រុម​ថ្មី មួយ​ជាមួយ​អ្នកចាត់ការ​ថ្មី និង​ទម្រង់​លេង​ថ្មី វា​ពិតជា​ត្រូវការ​ពេលវេលា​។ ប៉ុន្តែ​ខ្ញុំ​គិតថា យើង​ធ្វើ​បានល្អ​ណាស់ ហើយ​យើង​ត្រូវ​សម្រប​ខ្លួន​នឹង​ការងារ​ថ្មី ប៉ុន្តែ​ខ្ញុំ​គិតថា យើង​ស្ថិតក្នុង ទិសដៅ​ល្អ​”​។​
​ ​
​ឆេ​ក បន្តថា “​ប្រាកដ​ណាស់ យើង​ប្រឈមមុខ​នឹង​ក្រុម​ខ្លាំង​។ សប្តាហ៍​ក្រោយ​យើង​មានការ ប្រកួត​ធំ​មួយទៀត ប៉ុន្តែ​យើង​នឹង​ត្រៀមខ្លួន​បានល្អ ពីព្រោះ​យើង​រៀនសូត្រ​ពី​ការប្រកួត​នេះ​។ ខ្ញុំ​ជឿថា យើង​សម្រុក​លើ​ពួកគេ​ច្រើនជាង​ក្រុម​ឆេ​ល​ស៊ី​ធ្វើបាន អំឡុង​ប្រកួត​ដណ្តើមពាន Community Shield”​។​
​ ​
​អតីត​អ្នកចាំទី​ឆេ​ល​ស៊ី​រូបនេះ រង​ការរិះគន់​ដោយសារ​តែមាន​ភាព​តក់​ស្លុត នៅ​តំបន់​ការពារ ខាងក្រោយ នៅពេល​ស្ថិតក្រោម​សម្ពាធ​ពី​គូប្រកួត​របស់ខ្លួន ហើយ​បាន​ទាត់​បាល់​ស្ទើរតែ​ចូល ទី​របស់​ខ្លួនឯង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ភី​ធើ ឆេ​ក (Petr Cech)