ភូមិ​ខ្ញុំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បង្ហាញ​ទិដ្ឋភាព​ពីរ​សម័យកាល​នៃ​សង្គម​ខ្មែរ​

1008
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ដែលមាន​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣ ខែមេសា ដល់​ថ្ងៃទី​១៦ និង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត ក្នុងនោះ​ភូមិ​ខ្ញុំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែលមាន​ទីតាំងនៅ​ខាងជើង​ប្រាសាទ​បា​យ័ន្ត ភូមិ​ខ្ញុំ​ឆ្នាំនេះ​បានបង្ហាញ​នូវ​ភាពស្រស់ស្អាត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ នេះ ក្រុមការងារ​ភូមិ​ខ្ញុំ​បានបង្ហាញ​សម័យកាល​ពីរ​ជាសំខាន់ គឺ​សម័យ​ឧដុង្គ និង​សម័យ​ឯករាជ្យ ដែល​រាប់បញ្ចូល​ទាំង​ម៉ូដ​ផ្ទះ សម្លៀកបំពាក់ ការតុបតែង​ខ្លួន និង​ការរស់នៅ​ជាដើម​។​

​លោក សុខ សង្វារ បន្តទៀតថា ក្រៅពីនោះ ក៏មាន​បង្ហាញ​ពី​សកម្មភាព​អង្គរ​សង្ក្រាន្ត​តាំងពី​ឆ្នាំ​ទី​២០១៣​រហូត ដល់ ​ឆ្នាំ​២០១៨ ផ្ទះ​អក្សរសិល្ប៍ ផ្ទះ​ចារ​ស្លឹករឹត កន្លែង​តន្ត្រី កន្លែង​របាំ​ប្រពៃណី និង​សាលាឆទាន ដែលជា​កន្លែង​បង្ហាញ​នូវ​ទំនៀមទម្លាប់​របស់​ខ្មែរលើ​ផ្នែក​ជំនឿ​។​

​អ្វីដែល​កាន់តែ​ពិសេស គឺ​ខ្មុក​យក្ស រូប​ហនុមាន ក៏បាន​តាំង​បង្ហាញ ដើម្បី​ជាការ​លើកកម្ពស់​ពី​ស្នាដៃ​សិល្បៈ​ខ្មែរ ក្នុង​ទម្រង់​ល្ខោនខោល​ផងដែរ​។ ចង់ដឹងថា​ទេសភាព​នោះ​ស្រស់ស្អាត​យ៉ាងណា សូម​ទស្សនា​កម្រង​រូបភាព​ខាងក្រោម​ដូចតទៅ​៕​B

​ ភូមិ​ខ្ញុំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បង្ហាញ​ទិដ្ឋភាព​ពីរ​សម័យកាល​នៃ​សង្គម​ខ្មែរ​ (រូបភាព ៖ ​អាជ្ញាធរ​ជាតិ​អប្សរា)​