ភូមិ​បាន់​ចា​បូ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​មាន​ហាង​កាហ្វេ​និង​គុយទាវ​ទូក​មួយ ដែល​អ្នក​អាច​ញ៉ាំ​អាហារ​ដោយ​សំ​យ៉ុង​ជើង​លើ​ពពក​

1964
ចែករម្លែក

​ស្ថិតនៅ​លើផ្លូវ​ត​ភ្ជាប់​ទីក្រុង​ទេសចរណ៍​ប៉ៃ​ជាមួយនឹង​ទីក្រុង​មែ​ហុង​ស៊ូ​ន (​នៅក្នុង​ខេត្ត​មែ​ហុង​ស៊ូ​ន​) គឺមាន​ហាង​កាហ្វេ​និង​គុយទាវ​ទូក​ដ៏​ស្រស់ស្អាត​មួយ​ដែល​អ្នក​អាច​ញ៉ាំ​អាហារ​នៅលើ​កៅអី​ព្យួរ​លើ​ពពក ដោយ​សំ​យ៉ុង​ជើង​ចុះក្រោម​ដោយ​សេរី​។​

​នេះ​ជា​ហាង​ឈើ​ដ៏​សាមញ្ញ​មួយ ដែលមាន​លក់​គុយទាវ​ទូក​ក្នុងតម្លៃ​ត្រឹមតែ ៣៥ បាត​ក្នុង​មួយ​ចាន (១​ដុល្លារ​) តែ​វា​មាន​ទេសភាព​កម្រិត​ផ្កាយ ៥​។ ហាង​កាហ្វេ​ដែលមាន​ឈ្មោះថា Guaytiew Chom View គឺជា​ផ្នែក​មួយ​នៃ​ភូមិ​បាន់​ចា​បូ (Ban Jabo) ដែល​សម្បូរ​ប្រជាជន​កុលសម្ព័ន្ធ​ឡា​ហ៊ូ (Lahu) រស់នៅ ហើយ​ភាគច្រើន​នៃ​ពួកគេ​នៅតែ​ស្លៀកពាក់​ឈុត​ប្រពៃណី​។​

​ទោះបី​គ្មាន​ហាង​លើ​ពពក​នេះ​ក៏ដោយ ក៏​ភូមិ​នេះ​នៅតែ​មានតម្លៃ​ក្នុងការ​ទស្សនា​ព្រោះ​អ្នកទេសចរ​និយាយថា​វា​ហាក់ដូចជា​ការដើរ​ត្រឡប់​ទៅ​សម័យបុរាណ​យ៉ាង​អ៊ីចឹង​។ ទោះបី​ជាមាន​ភ្លើង​អគ្គីសនី​និង​កន្លែង​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេ​ត WiFi នៅ​កន្លែង​ខ្លះ​ក្តី ក៏ប៉ុន្តែ​ភាគច្រើនបំផុត​នៃ​ភូមិ​នេះ​គឺជា​ផ្ទះ​ឈើ​ចាស់ៗ សត្វពាហនៈ​រត់​ប្រសាច​ពេញ​ផ្លូវ ហាង​ម្ហូបអាហារ​និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​តូចៗ​មួយចំនួន ហាង​កាហ្វេ​និង​គុយទាវ​ទូក​មួយ​។​

​ប្រសិនបើ​អ្នក​ចូលចិត្ត​ជីវិត​បែប​ស្រុកស្រែ អ្នក​អាច​ស្នាក់នៅ​មួយ​យប់​នៅក្នុង​ភូមិ​ជាមួយ​ផ្ទះជួល​ប្រហែល ១០ កន្លែង​ដែល​អាច​រកបាន ក្នុងតម្លៃ​ប្រហែល ១០០ បាត (៣​ដុល្លារ​) ក្នុង​ម្នាក់​។ ចំណុច​សំខាន់​គឺថា គេ​មិន​ងាយ​កក់​ផ្ទះ​ស្នាក់នៅ​ជាមុន​នោះទេ ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​បង្ហាញមុខ​ផ្ទាល់ ហើយ​ដើរ​សួរ​តាម​ផ្ទះ​នីមួយៗ​។ សំណាងល្អ ភូមិ​នេះ​មិនសូវមាន​គេ​កក់​ញឹកញាប់​នោះទេ ប៉ុន្តែ​បើ​មាន​គេ​កក់​ពេញ អ្នក​ប្រហែលជា​ត្រូវ​ដេក​នៅ​រានហាល​ក្រៅ​ផ្ទះ​។​

​ដើម្បីរ​កភូមិ​នេះ​ឃើញ អ្នក​ត្រូវ​ជិះ​តាមផ្លូវ​ប៉ៃ (Pai Road) ប្រហែល ១ ម៉ោង​កន្លះ បន្ទាប់ពី​អ្នក​ចាក​ចេញពី​ទីប្រជុំជន រួច​បើកបរ ៤ គីឡូម៉ែត្រ​ទៀត​តាមផ្លូវ​លេខ ១០៩៥ ដើម្បី​ទៅដល់​ភូមិ​បាន់​ចា​បូ ហើយ​ដំណើរ​ចុងក្រោយ​របស់​អ្នក​ទៅកាន់​ហាង​លក់​គុយទាវ​ទូក​ដ៏​ស្រស់ស្អាត​នេះ​គឺ​តាមរយៈ​ថ្មើរជើង​៕ ដោយ៖ កញ្ញាដាលីស

ភូមិ​បាន់​ចា​បូ កន្លែង​ដែលមាន​ទេសភាព​កម្រិត​ផ្កាយ ៥ នៅ​ភាគ​ឦសាន​ប្រទេស​ថៃ