ភឿ​ថៃ​ប្រកាស​ក្រុមចំរុះ​៧​គណបក្ស​ដើម្បី​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​

728
ចែករម្លែក
  • 422
    Shares

​គណបក្ស​ប្រឆាំង​របប​សឹក​ចំនួន​៧​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា បាន​បង្កើត​ក្រុមចំរុះ​មួយ​ដោយ​ប្តេជ្ញា​រារាំង​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​មួយ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​និង​​បញ្ចប់​ការគ្រប់គ្រង​យោធា​អស់​ពេល​រាប់​ឆ្នាំក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​នយោបាយ​ថៃ​កំពុង​ជាប់​គាំង​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៤​មីនា ដោយ​គ្មាន​គណបក្ស​ណា​ឈ្នះ​បាន​សម្លេង​នាំ​មុខដាច់​ដើម្បី​បាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល ចំ​ពេល​មាន​ការ​​ចោទប្រកាន់​អំពី​ភាពមិនប្រក្រតី​ជា​ទូទៅ​ក្នុង​ការបោះឆ្នោតជាតិ​នេះ​។​

​គណបក្ស​ប្រឆាំង​របប​សឹក​ទាំង​៧ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ បាន​និយាយថា ពួកគេ​នឹង​រួម​កម្លាំង​គ្នា និង​មាន​សម្លេង​សភា​គ្រប់គ្រាន់​សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ និង​​ផាត់​ចោល​សម្ពន្ធមិត្ត​យោធា​ដែល​ដឹកនាំ​ដោយ​គណបក្ស ផា​ឡាំង ប្រា​ចា​រ៉ា​ត​។​

​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ​លោក​ស្រី ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ពេល​ប្រកាស​បង្កើត​រដ្ឋាភិបាលចំរុះ​ថា​«​យើង​ចង់​រារាំង​កុំអោយ​របប​នេះ​បន្ត​កាន់អំណាច​»​។​

​ប្លុក​នេះ ដែល​រួម​មាន​គណបក្ស​អនាគត​ឆ្ពោះទៅមុខ របស់​សេដ្ឋី​វ័យក្មេង​ម្នាក់ បាន​អះអាង​ថា​ក្រុម​ខ្លួន​នឹង​ទទួលបាន​អាសនៈ​២៥៥​ក្នុង​សភា​ជាន់​ទាប​ដែលមាន​៥០០​អាសនៈ​។​

​ប្រធាន​គណបក្ស​អនាគត​ទៅមុខ លោក​ថា​ណា​ថន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​វា​ជា​ដំណើរការ​នៃ​ការបង្កើត​រដ្ឋាភិបាល​មួយ​។​យើង​នឹង​សហការ​ជាមួយ​បណ្តា​បក្ស​នៅក្នុង​​សន្និសីទកាសែត​នា​ថ្ងៃនេះ មិន​ថា​មានឧស​គ្គ​អ្វី​នៅ​ខាង​មុខ​ទេ​…​យើង​ត្រៀម​ទប់​មិន​អោយ​របប​នេះ​នៅ​ក្រាញ​អំណាច​»៕​ដោយ​៖​វាសនា​

​មេដឹកនាំ​គណបក្ស​ភឿ​ថៃ​ក្នុង​សន្និសីទកាសែត​បង្កើត​ក្រុមចំរុះ​

​គណបក្ស​ទាំង​៧​ប្តេជ្ញា​រារាំង​ក្រុម​យោធា​មិន​អោយ​បន្ត​នៅក្នុង​អំណាច​ក្រោយ​ពី​បង្កើត​ក្រុម​ចំរុះ​មួយ​