ភេរវ​ករ​សង្ស័យ​ម្នាក់​កំពុងមាន​ផែនការ​បង្កើត​វត្តមាន​រដ្ឋ​អ៊ីស្លាម នៅ​ថៃ​ភាគខាងត្បូង​

930
ចែករម្លែក

​អតីត​សមាជិក​នៃ​ចលនា​បំបែក​ខ្លួន​របស់​ថៃ​ឈ្មោះ អា​វែ វែ អ៊ី​យ៉ា (Awae Wae-Eya) អាយុ ៣៧ ឆ្នាំ​គ្រោង​នឹង​បង្កើត​វត្តមាន​រដ្ឋ​អ៊ីស្លាម (IS) ក្នុងប្រទេស​របស់ខ្លួន ដោយ​សង្ឃឹមថានឹង​ទទួលបាន​មូលនិធិ​ពី​ក្រុម​ភេរវកម្ម​សកលលោក​មួ​យ​នេះ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ក្រុម “​ជី​ហាដ​” របស់គាត់​។ នេះ​បើតាម​ប្រភព​សន្តិសុខ​ម៉ាឡេស៊ី​ប្រាប់​ទៅ​វេ​ប​សាយ Channel NewsAsia កាលពី​ថ្ងៃទី​១៨​មេសា​។​

​ពួក​បះបោរ​នៅ​ភាគខាងត្បូង​របស់​ថៃ​មកទល់ពេលនេះ​បាន​ចៀសវាង​ក្រុម​ជ្រុលនិយម​ឆ្លងដែន​រួមទាំង IS និង​ការបង្ហាត់បង្រៀន​បែប​ជ្រុលនិយម​របស់ខ្លួន ដោយសារ​ការតស៊ូ​រប​ស់​ពួកគេ​គឺ​ដើម្បី​ស្វ័យភាព​ធំ​ជាង​មុន មិនមែន​ដើម្បី​ជី​ហាដ​សកល​នោះទេ​។​

​ប្រភព​សន្តិសុខ​នោះបាន​ប្រាប់​សារព័ត៌មាន Channel NewsAsia ថា “​អា​វែ​បាន​សន្យាថា​នឹងមាន​ភក្ដីភាព​ចំពោះ អា​ប៊ូ បា​កា អាល់ បាក់​ដា​ឌី (Abu Bakar al-Baghdadi មេដឹកនាំ​របស់ IS) ហើយ​គាត់​មាន​ទំនាក់ទំនង​នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​អា​វែ មាន​ស្រុកកំណើត​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ប្រទេស​ថៃ ភាគខាងត្បូង​។ បច្ចុប្បន្ននេះ គាត់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​តាម​ចាប់ខ្លួន ពីបទ​មាន​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋ​ចូ​ហ័​រ​។ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​មេសា​ថា ពួកគេ​កំពុង​ស្វែងរក​ជនសង្ស័យ​ឈ្មោះ អា​វែ និង​ជនសង្ស័យ​ចំនួន ៣ នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​ចាប់ជំរិត​និង​សម្លាប់​មន្ត្រីប៉ូលិស​ក៏ដូចជា​ការវាយប្រហារ​ទីកន្លែង​គោរពបូជា មិនមែន​មូស្លីម​។​

​មហិច្ឆតា​របស់​អា​វែ​បាន​លេចឡើង​ក្នុងអំឡុង​ប្រតិបត្តិ​ការប្រមូល​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ម៉ាឡេស៊ី ដែល​នាំ​ដល់​ការចាប់ខ្លួន​សមាជិក ៦ ផ្សេងទៀត​នៃ​ក្រុម IS ពី​សំណាក់​អង្គភាព​ប្រឆាំង​ភេ​វរ​កម្ម​រដ្ឋ​ចូ​ហ័​រ​។​

​ទោះយ៉ាងណា ខណៈដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​ម៉ាឡេស៊ី​បាន​បញ្ជាក់ថា អា​វែ​មាន​គម្រោង​បង្កើត​វត្តមាន​របស់ IS នៅ​ភាគខាងត្បូង​ប្រទេស​ថៃ អាជ្ញាធរ​នៅ​ទីនោះ​បាន​និយាយ​សម្រាល​ហានិភ័យ​បច្ចុប្បន្ន​។​

​ឧ​ត្ត​ម​សេនីយ៍ សំ​ពុល ប៉ាន​គុល មេបញ្ជាការ​ក្រុមការងារ​ពិសេស​របស់​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ បាន​ប្រាប់ Channel NewsAsia ថា “​ខ្ញុំ​មិន​គិតថា អា​វែ​គឺជា​ពួក​រដ្ឋ​អ៊ីស្លាម​ទេ​” ។ គាត់​មិនបាន​បញ្ជាក់​លម្អិត​លើសពីនេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ភេរវ​ករទាំង ៤ នាក់​នេះ រួមទាំង អា​វែ (​រូប​ស្តាំ​ទី​២)