​ត្រៀម​ប្រាក់ ៥០០​ដុល្លារ ប្រគល់​ដល់​អ្នក​ប្រដាល់​គុន​ខ្មែរ​ណា ដណ្ដើមបាន​ខ្សែក្រវាត់ នៅ​ប្រទេស​បារាំង​

1062
ចែករម្លែក
​កីឡាករ​ប្រដាល់​គុន​ខ្មែរ រូប​ណា​ដណ្ដើម​ខ្សែក្រវាត់ ក្នុងការ​ប្រកួត​ប្រដាល់ ជា​លក្ខណៈ​អន្តរជាតិ នៅ​ប្រទេស​បារាំង​នឹង​ទទួលបាន​ម្នាក់​៥០០​ដុល្លារ​ពី​គោ​ជល់​

​ដោយ​: សុផល / ភ្នំពេញ​: កីឡាករ​ប្រដាល់​គុន​ខ្មែរ រូប​ណា ដែល​បាន​ដណ្ដើម​ខ្សែក្រវាត់ ក្នុងការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ប្រទេស​បារាំង នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ក្នុង​ម្នាក់​៥០០​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​។ នេះ​បើតាម​ការអះអាង​របស់​លោក មាន សំអុល នាយក​ភេសជ្ជៈ​គោ​ជល់ នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា​អ្នក​ប្រដាល់​គុន​ខ្មែរ ដ៏​ល្បីល្បាញ​របស់​កម្ពុជា​៤​រូប គឺ​កីឡា​ការ ម៉ឺន សុភា​, កីឡាករ ឡៅ ចន្ទ្រា​, កីឡាករ ឃុន ឌី​ម៉ា និង​កីឡាករ ផាន់ គ្រាន់ ត្រូវ​ប្រកួត​ក្នុង​កម្មវិធី Rahu Fight II 2018 ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ មិថុនា នៅ​សង្កាត់ Bussy St. Georges ទីក្រុង​ប៉ារីស ហើយ​ក្នុងនោះ កីឡាករ ឃុន ឌី​ម៉ា ត្រូវ​ប្រជែង​ខ្សែក្រវាត់​ជាមួយ​កីឡាករ​ម្ចាស់​ស្រុក​។​
​លោក មាន សំអុល បាន​បញ្ជាក់ថា ការឧបត្ថម្ភ​ទឹកប្រាក់​នេះ គឺជា​ការលើកទឹកចិត្ត​ដល់​កីឡាករ​គុន​ខ្មែរ ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​អភិវឌ្ឍ​វិស័យ កីឡាប្រដាល់​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាពិសេស​គឺ​ជំ​រុញឱ្យ​អ្នក​ប្រដាល់ ដែល​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ឱ្យ​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​កសាង​កិត្តិយស និង​ដណ្តើមបាន​ខ្សែក្រវាត់​ពីលើ​ឆាក​អន្តរជាតិ មក​ជូន​ជាតិ​មាតុភូមិ​របស់ខ្លួន​។​

​គួរ​ជម្រាប​ថា​ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ​កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង កាលពី​ទី​ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ ២០១៨ សម្រាប់​ការប្រកួត​អន្តរជាតិ Rahu Fight II 2018 ដោយ ដំណើរ​ទៅកាន់​ប្រទេស​បារាំង​លើក​នេះ​ទទួលបាន​ការជួយជ្រោមជ្រែង​និង​រៀបចំ​ដោយ​លោក ហេង កុក​អៀរ និង​លោក ហួរ សុធី ម្ចាស់​ក្លឹប Prodal Boran ដែល​តែងតែ​នាំយក​កីឡាករ​កម្ពុជា ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ នៅ​ប្រទេស​បារាំង​៕ ល​/មន