ភោជនីយដ្ឋាន​គ្រឿង​និង​ក្រុមហ៊ុន​ចម្ការ​ម្រេច​កំពត​សហការ​រៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​ជួយ​សាលា​មួយ​កំពុង​អត្តខាត់​

347
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ក្រុមហ៊ុន​ចម្ការ​ម្រេច​កំពត​(La Plantation Kampot)​និង​ភោជនីយដ្ឋាន គ្រឿង​(KroeungGardenRestaurant)​បាន​សហការ​រៀបចំ​ក​ម្ម​វិធី​អាហារ​ពេល​ល្ងាច​សប្បុរសធម៌​លើកដំបូង ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​សាលាបឋមសិក្សា​ត្រពាំង​កក់ ដែល​កំពុងមាន​ការខ្វះ​ខាត​។​កម្មវិធី​សប្បុរសធម៌​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា ឆ្នាំ​២០១៩​នៅ​ភោជនីយដ្ឋាន គ្រឿង​ដែល​ស្ថិតនៅ​ផ្លូវ​៥៧​កែង​នឹង​ផ្លូវ​២៥២ សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​លោក លូ ម៉េង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Almond Group និង​លោក Guy Porre ប្រធាន​ក្រុមហ៊ុន La PlantationKampot​ព្រមទាំង​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​ជាង​១០០​រូប​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​។​
​លោក​GuyPorre​ប្រធាន​ក្រុមហ៊ុន​LaPlantationKampot​បាន​មានប្រសាសន៍ថា​៖​ការជួយ​កុមារ​នៅក្នុង​ភូមិ​ឱ្យទទួល​បានការ​អប់រំ​គឺជា​បេសកកម្ម​អាទិភាព​របស់​យើង​។​គោលដៅ​ធំ​របស់​យើង​ចង់ឃើញ​កុមារ​នៅ​ជនបទ​ទទួល​បានការ​អប់រំ​ដោយ​ជោគជ័យ​ទាំង​នៅក្នុង​បឋមសិក្សា អនុវិទ្យាល័យ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​។​

លោក​បាន​បញ្ជាក់ថា​៖​មិន​ត្រឹមតែ​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ទេ​យើង​ក៏​ជួយ​លើ​ការចំណាយ​ក្នុងការ​ធ្វើដំណើរ​និង​អាហារ​ផងដែរ​។​និយាយ​រួម​យើង​បាន​ឧបត្ថម្ភ​ដល់​សាលាបឋមសិក្សា​ត្រពាំង​កក់​ដែលមាន​សិស្ស​៩៦​នាក់​ហើយ​ជា​រៀងរាល់ឆ្នាំ​យើង​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​៣​នាក់​ដើម្បី​សិក្សា​នៅ​សាលា​ឯកជន​ក្នុង​ខេត្តកំពត​។​រហូតមកដល់​ពេលនេះ​សិស្ស​៩​នាក់​ហើយ​បានទទួល​អាហារូបករណ៍​។​

លោក​លូ​ម៉េង​បាន​មានប្រសាសន៍ថា​៖​លោក​រីករាយ​ណាស់​ដែល​បាន​សហការ​ជួយ​ដល់​កុមារ​និង​សាលា​ដែល​កំពុងមាន​ការខ្វះខាត​ទាំង​ថវិកា​និង​សម្ភារៈ​សិក្សា​និង​កំពុង​ត្រូវការ​ជំនួយ​។​លោក​បាន​លើកឡើងថា​៖​ក្រុមហ៊ុន​AlmondGroup​ដែលមាន​បណ្តុំ​ក្រុមហ៊ុន​ជាច្រើន​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​សប្បុរសធម៌ និង​ការជួយ​សង្គម ដែល​នេះ​ជាការ​ចែករម្លែក​ដ៏​មាន​សារៈ​សំខាន់បំផុត​។​

​លោក​យស​វ៉ាង​ស៊ី​រិ​ទ្ធ​នាយក​សាលាបឋមសិក្សា​ត្រពាំង​កក់​បាន​មានប្រសាសន៍ថា​៖​ចាប់តាំងពី​ក្រុមហ៊ុន​ចំការ​ម្រេច​ឡា​ផ្លេ​ន​ថេ​សិន​ត្រូវបាន​បង្កើត​នៅលើ​ទឺ​កដី​ភូមិ​បុស្ស​ញិញ​(​ត្រពាំង​កក់​)​ក្រុមហ៊ុន​បានផ្តល់​សម្ភារៈ​ជាច្រើន​ដូចជា​៖​កង់​សម្រាប់​ក្មេង​ក្រីក្រ​ជិះ​នក​រៀន​និង​សម្ភារៈ​សិក្សា​។​ក្រៅពីនេះ​បាន​ជួយ​សាងសង់​សម្រាប់​ក្មេង​លេង​កម្សាន្ត​កន្លែង​លាងដៃ​កន្លែង​ដុសធ្មេញ​និង​សម្ភារៈ​សម្រាប់​ការ​ដុស​សម្អាត​។​ទ​ន្ទឹ​ន​នេះដែរ ក្រុមហ៊ុន​ក៏បាន​អំពាវនាវ​រក​ថវិកា មូលនិធិ​ដើម្បី​យកមក​ជួយ​អភិវឌ្ឍ​សាលារៀន​បន្តទៀត​។​

​សាលាបឋមសិក្សា​ត្រពាំង​កក់​ស្ថិតនៅ​ឃុំ​កូន​សត្វស្រុក​ទឹកឈូ​ខេត្តកំពត​ដែលមាន​ចំងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។​សាលា​នេះ​ស្ថិតនៅក្នុង​តំបន់​លំបាក​(​កណ្តាល​ព្រៃ​)​និង​មាន​មួយ​អគារ​៦​បន្ទប់​មាន​សិស្ស​ជិត​១០០​នាក់​។​សាលា​កំពុង​ខ្វះ​គ្រូ​ផងដែរ​ដោយ​បច្ចុប្បន្ននេះ​មានតែ​គ្រូបង្រៀន​៣​នាក់​ប៉ុណ្ណោះ​។​

គួរ​ជម្រាប​ថា​៖ ភោជនីយដ្ឋាន គ្រឿង (​អតីត អ៊ុយ គុយទាវ​) មាន​អាហារ​ច្រើន​មុខជា​ពិសេស​ម្ហូប​ខ្មែរ ។​ភោជនីយដ្ឋាន​«​គ្រឿង​ហ្គា​ឌិន​»​ដែលមាន​លោក​លូ​ម៉េង​ជា​នាយក​ប្រតិ​ប​ត្ដិ​បាន​ជាប់​ជ័យលាភី​រង្វាន់​ពិសេស​ពីស​ម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​។​

ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​កិត្តិយស ផ្តល់ជូន​នូវ​ជ័យលាភី​រង្វាន់​ពិសេស «​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង ក្នុង​វិស័យ​ទេសចរណ៍​» ។​លើក​ទី​៧ ឆ្នាំ​២០១៨-២០១៩ ជូន​ដល់​លោក លូ ម៉េង នាយក​ប្រតិ​ប​ត្ដិ ភោជនីយដ្ឋាន «​គ្រឿង​ហ្គា​ឌិន​» ៕S/

​ចំណងជើង​រូបថត​៖​ភោជនីយដ្ឋាន​គ្រឿង​និង​ក្រុមហ៊ុន​ចំការ​ម្រេច​កំពត​សហការ​រៀបចំ​កម្មវិធី​សប្បុរសធម៌ រៃអង្គាស​ថវិកា​ជួយ​ដល់​សាលាបឋមសិក្សា​មួយ​កំពុង​អត្តខាត់​(​រូបៈ​សុផល​)


​ ​