ភ្ជាប់​ទំនាក់ទំនង​កម្ពុ​ជាៈ ឱកាស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

1163
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (​យូ​អេ​ន​ឌី​ភី​,UNDP) អ្នកវិនិយោគទុន និង​ក្រុមហ៊ុន​ឯកជន​ដ៏​មាន​សក្តានុពល​នានា​រួមមាន ក្រុមហ៊ុន Shenzhen 4PX Express Co., Ltd., ដែល​ស្ថិតក្រោម​សម្ព័ន្ធ Alibaba CainiaoLogisticsGroup​បាន​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​ពី សក្តានុពល​នៃ​ការ ធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Trade)​និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ក្នុង​វេទិកា​ភ្ជាប់ ទំនាក់ទំនង​កម្ពុជា (ConnectCambodia) ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រាជធានី​ភ្នំពេញ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ម​កម្ពុជា(រូបថតយូអេនឌីភី)

​បញ្ជាក់​ដោយ​សេចក្តីប្រកាស​ព័ត៌មាន​យូ​អេ​ន​ឌី​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះដែរ​បាន​រៀបរាប់ថា​វេទិកា​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា ក៏​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​និង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​(​ប៊ី​អ​អាយ​,BRI)​របស់​ប្រទេស​​ចិន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ការធ្វើសមាហរណកម្ម​ថ្នាក់​តំបន់ បច្ចេកវិទ្យា និង​នុ​វា​នុ​វត្ត​ន៍​បាន​បង្កើត​នូវ​ឱកាស​អភិវឌ្ឍន៍​ថ្មីៗ សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​ក្នុងប្រទេស​កម្ពុជា​។​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចក្ខុវិស័យ​ធំធេង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការតភ្ជាប់​ទំនាក់ទំនង​ក្នុង​ទ្វីប​ទាំងមូល​។

​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ គ្របដណ្តប់​លើ​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាង ១០០ ដោយ​យក​លំនាំ​តាមផ្លូវ​សូត្រ​បុរាណ​( Silk Road ) ដែលជា​ផ្លូវគោក​ផង និង​ផ្លូវ​សមុទ្រ​ផង​។​

​ប្រភព​ដដែល​បញ្ជាក់ថា​លោកស្រី Pauline Tamesis តំណាង​ប្រចាំ​ប្រទេស​របស់ UNDP មានប្រសាសន៍ថា “​តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​អាចជួយ​គាំទ្រ​ដល់​សកម្មភាព​​ផលិតកម្ម បង្កើត​ការងារ​សមរម្យ ជម្រុញ​សហគ្រិនភាព ភាព​ច្នៃប្រឌិត និង​នុ​វា​នុ​វត្ត​ន៍ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​រៀបចំខ្លួន​ឱ្យបាន​រៀបរយ​និង​បន្ត​អភិវឌ្ឍ​បន្ថែមទៀត​។​អ្វីដែល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ផ្តល់​ដល់​ស្ត្រី​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​គឺ​ដូចគ្នា​នឹង​អ្វីដែល​ថាមពល​អគ្គិសនី​ផ្តល់​ដល់​ស្ត្រី​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​២​ដែរ​ពោលគឺ​មិន​ត្រឹមតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការងារ​សមរម្យ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ពួកគេ​កាន់​តែមាន​ពេលវេលា​ច្រើនជាង​មុន​ផងដែរ​”​។​

​ខណៈពេលដែល​នៅមាន​ឧបសគ្គ​ជាច្រើន ដែល​ត្រូវ​ជម្នះ ដូចជា ការលំបាក​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​ផលិតផល​ឱ្យ​កាន់តែ​លឿន និង​បញ្ហា​សេវា​ភស្តុភា​រកម្ម ជាដើម វេទិកា​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា មាន​គោលបំណង​ស្វែងរក​ដំណោះស្រាយ ដើម្បី​ជំនះ​ចំណុច​រាំងស្ទះ​ទាំងនេះ និង​ធ្វើឱ្យ​សេវា​នានា​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ម​កម្ពុជា មានប្រសាសន៍ថា “​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បង្កើត​នូវ​ប្រព័ន្ធ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​ទុន​។ ការប្តេជ្ញា​នេះ ត្រូវបាន​ស្តែងចេញ តាមរយៈ​ការបង្កើត​ក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ម​កាលពីពេល​ថ្មីៗ​នេះ ជាមួយនិង​ភារៈកិច្ច​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​លើ​ឧបសគ្គ​ផ្នែក​ភស្តុភា​រកម្ម និង​ដោះស្រាយ​បញ្ហា​ថ្លៃ​សេវា​ខ្ពស់​ក្នុង​វិស័យ​ភស្តុភារ​កម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ធ្វើឱ្យ​លំហូរ​នៃ​ការនាំចេញ​កាន់​តែមាន​ប្រសិទ្ធភាព​”​។​

​វេទិកា​នេះ មាន​គោលដៅ​ជារួម​ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​ការរៀបចំ​ភាពជា​ដៃគូ​រវាង រដ្ឋាភិបាល អ្នកផ្តល់​សេវា ភស្តុភារ​កម្ម​ធំៗ វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​វេទិកា​នេះ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែលជា​អ្នកមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា តំណាង​រដ្ឋាភិបាល​នៅ​ថ្នាក់​តំបន់ ក្រុមហ៊ុន​ផ្តល់​សេវា​ភស្តុភា​រកម្ម​នាំមុខ​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ អ្នកជំនាញ​ខាង​បញ្ជរ​តែមួយ​ជាតិ និង​ខាង​ច្រកចេញចូល​របស់​ជាតិ​។ វេទិកា​នេះ​ត្រូវ​បែងចែក​ជាវ​គ្គៗ តាម​ប្រធានបទ​ក្នុង​គោលបំណង​ផ្តល់​ធាតុ​ចូល​សម្រាប់​រៀបចំ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​ដែល​ត្រូវបាន​លើក​ស្នើឡើង​នេះ​។​

​វេទិកា​ថ្នាក់​តំបន់​នេះ ប្រព្រឹត្តឡើង​ក្នុងពេល​ដ៏​វិសេសវិសាល ពោលគឺ​ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀមខ្លួន​ក្លាយទៅជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​អាស៊ាន​។ វេទិកា​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា បាន​បូកសរុប​ភាពជឿនលឿន ដែល​សម្រេចបាន​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​អាស៊ាន និង​ក្នុងប្រទេស​ចិន ដូចជា​សេវា​ភស្តុភារ​កម្ម​សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ដោយ​ពុំ​ប្រើ​ក្រដាស​ស្នាម និង​នវានុវត្តន៍​ឌីជីថល​ជាដើម​។​

​លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់ UNDP មានប្រសាសន៍ថា “​ប្រទេស​កម្ពុជា​បើកចំហ​ចំពោះ​អាជីវកម្ម​នានា​”​។​

​លោក Beresford មានប្រសាសន៍​ទៀតថា “​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​កែលម្អ​នីតិវិធី​ឆ្លងដែន​របស់ខ្លួន​។ UNDP ត្រៀមខ្លួន និង​មានបំណង​គាំទ្រ​ដល់​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​ការនាំ​ការវិនិយោគ​បន្ថែមទៀត​មកកាន់​ប្រទេស​នេះ​”៕​សរន​