ភ្ជុំបិណ្ឌ​បី​ថ្ងៃ សូម​ទុកដាក់​សំរាម​ឲ្យ​បានល្អ​

368
ចែករម្លែក

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា បុគ្គលិក និង​កម្មករ​របស់​ក្រុមហ៊ុន​ប្រមូល សំរាម ស៊ិន​ទ្រី ដែលមាន​តួនាទី ក្នុងការ​សម្អាត​ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ រាជធានី​ភ្នំពេញ នឹងត្រូវ​ឈប់សម្រាក​ពី​ការងារ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំនួន​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ។ ក្នុង​រយៈពេល​បី​ថ្ងៃនេះ​អាជ្ញាធរ​រាជធានី ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អ្នករស់នៅ​ភ្នំពេញ ទុកដាក់​សំរាម​នៅ​ទីតាំង របស់ខ្លួន ជា​បណ្តោះអាសន្ន និង​កុំ​បញ្ចេញ​សំរាម ដាក់​នៅតាម​ដងផ្លូវ​សា​ធា​រណៈ​។

​តាម​សេចក្តីជូនដំណឹង បុគ្គលិក កម្មករ​មួយចំនួន​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវធ្វើ​ដំណើរ ទៅកាន់​ស្រុកកំណើត​របស់ខ្លួន នៅតាម​បណ្តា​ខេត្ត​នានា​ដែល​ធ្វើឱ្យ​ការផ្តល់សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ភាពរអាក់រអួល មិនបាន​ពេញលេញ​ឡើយ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

​ដូច្នេះហើយ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ម្ចាស់​លំនៅឋាន​ម្ចាស់ អាជីវកម្ម​សេវាកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ កុំ​បញ្ចេញ​សំរាម មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​សូម​រក្សា​ទុកដាក់​សំរាម ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្តោះអាសន្ន​សិន​ដើម្បី​ចូលរួមចំណែក​ថែរក្សា​អនាម័យ បរិស្ថាន នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ល្អប្រសើរ​។

​របាយការណ៍​របស់​អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ បង្ហាញថា សំរាម​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ពី​រង្វង់ ២៦០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៨ ដល់​រង្វង់ ២៩០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៩​នេះ​។ ពោលគឺ​កើនឡើង ៣០០​តោន ក្នុង​មួយថ្ងៃ​។ នៅក្នុង រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​ដែល​ប្រមូលបាន នៅក្នុង​រាជធានី​ភ្នំពេញ មាន​ជាង ៦០​ម៉ឺន​តោន ខណៈ​ពេញ​មួយ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ សំរាម មាន​ត្រឹមតែ ៩០​ម៉ឺន​តោន​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ឲ្យ​ប្រជាពលរដ្ឋ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ តាម​កម្មវិធី​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​។​

​ក្នុង​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ពីរ​ចំណុច រួមមាន ១-​ត្រូវ​បញ្ចេញ​សំរាម​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ តាម​ពេល​ម៉ោង ដែល​អាជ្ញាធរ​បានកំណត់ និង​ទី​២-​ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​-​សំណល់​រឹង ដែល​អាច​បង្ក​គ្រោះថ្នាក់ ដូចជា អំបែង​កែវ អំបែង​ដប កញ្ចក់ ម្ជុល និង​វត្ថុ​បង្ក​គ្រោះថ្នាក់​ផ្សេងទៀត​ចូលទៅក្នុង​ថង់​ពណ៌ ក្រហម ឬ​ធ្វើ​សញ្ញា​ជា​សម្គាល់ ដើម្បី​បញ្ជាក់ប្រាប់​ដល់ក​ម្មករ​ប្រមូល​សំរាម​ឲ្យ​មាន ការប្រុងប្រយ័ត្ន​។​
​ ​
​ក្នុងករណី ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មិន​អនុវត្តតាម​សេចក្តីណែនាំ នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នឹងត្រូវ​ទទួល​ការផាកពិន័យ​តាម​អនុ ក្រឹត្យ លេខ ១១៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ ស្តីពី​ការគ្រប់គ្រង សំរាម សំណល់​រឹង​ទីប្រជុំជន ព្រមទាំង​ត្រូវ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម និង​វិធានការ ផ្សេងៗ​ទៀត​។​

​ដោយឡែក ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ផ្តាច់មុខ​ប្រមូល​សំរាម​នៅ​ភ្នំពេញ​បាន​បែងចែក​ការ ប្រមូល​សំរាម ជា​ពីរ​វេន គឺ​ពេលយប់ និង​ពេល​ថ្ងៃ​។ រីឯ​កាលវិភាគ​ប្រមូល និង​ដឹកជញ្ជូន សំរាម ចែកជា​ផ្លូវ ៣​ប្រភេទ ដោយ​ប្រើប្រាស់​ឡាន​ដឹក​សំរាម ពេល​ថ្ងៃ ចន្លោះ​ពី ១៧០ ទៅ ១៨០ គ្រឿង និង​ពេលយប់ ចន្លោះ​ពី ៧០ ទៅ ៨០ គ្រឿង​។​
​ ​
​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​លើកឡើងថា ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បែងចែក​ផ្លូវ​ជា ៣​ប្រភេទ ដែល​ត្រូវ​បោសសម្អាត និង​ប្រមូល​សំរាម​។ ក្នុងនោះ នៅ​ផ្លូវធំៗ ដូចជា មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះ​នរោត្តម ព្រះមុនីវង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម ជាដើម គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម នៅពេល​យប់ រៀងរាល់​យប់ រៀងរាល់ថ្ងៃ ហើយ​ព្រឹក​ព្រលឹម​ឡើង ត្រូវ​បោសសម្អាត​ទៀត​។ រីឯ​នៅតាម​ផ្លូវ​ខ្លះទៀត គឺ​ក្រុមហ៊ុន ស៊ិន​ទ្រី យក​សំរាម នៅ​ថ្ងៃ​សេស និង​ថ្ងៃ​គូ បានន័យថា រំលង​មួយថ្ងៃ យក​ម្តង​។ ចំណែក ប្រភេទ​ផ្លូវ​មួយទៀត គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម ១​សប្តាហ៍ ៣​ដង រួមមាន​៖ ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​។​

​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី លើកឡើងថា ដោយសារតែ​ភ្នំពេញ សព្វថ្ងៃ​មានការ​រីក ចម្រើន​ច្រើន ជាពិសេស​ឡាន​មាន​ច្រើន នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម ក្នុងការ​ប្រមូល ដឹកជញ្ជូន​សំរាម ជាពិសេស​បញ្ហា​សណ្តាប់ធ្នាប់ ចត​យានយន្ត ចត​សង្ខាង​ផ្លូវ​ដែល​នាំ​ឲ្យ ឡាន​ដឹក​សំរាម​របស់​ស៊ិន​ទ្រី មិនអាច​ចេញចូល​បាន ធ្វើ​ឲ្យ​មានការ​អាក់ខាន​មិនបាន យក​សំរាម​នៅ​តំបន់​ខ្លះ​។ ម្យ៉ាងទៀត រោងបុណ្យ រោងការ បានធ្វើ​ពេញ​ផ្លូវ​ដែល​ភាគ ច្រើន នៅ​ផ្លូវ​តូចៗ ក៏​ធ្វើ​ឲ្យ​ឡាន​ដឹក​សំរាម​របស់​ស៊ិន​ទ្រី មិនអាច​ចេញចូល​ទៅបាន នាំ​ឲ្យ​ប្រជាជន​រអ៊ូរទាំ​រឿង​សំរាម​។​

​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បន្ថែមថា បរិមាណ​សំរាម ក្នុង​រដូវប្រាំង នៅ​ភ្នំពេញ ក្នុង​មួយថ្ងៃ ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ដឹកជញ្ជូន ចន្លោះ​ពី ១៧០០ ទៅ ១៨០០ តោន​។ តែ​នៅ​រដូវវស្សា មាន​ភ្លៀង គឺអាច​ដឹកជញ្ជូន​សំរាម កើនឡើង​ដល់ ៣០០០ តោន ក្នុង ១​ថ្ងៃ​។​

​យ៉ាងណាក៏ដោយ សំរាម នៅ​ភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​ពិសេស​អ្នក រស់​នៅតាម​ផ្លូវលំ​តូចៗ បានលើកឡើង​ញឹកញាប់ ដែល​នៅ​តំបន់​ខ្លះ​សំរាម​នៅ​ពាស វាល​ពាសកាល ដោយសារតែ​គ្មាន​ស៊ិន​ទ្រី មិន​ប្រមូល ដឹកជញ្ជូន ទុក​ឲ្យ​គ​ដូច​ភ្នំ​សំរាម​។​

​សំរាម​រាយប៉ាយ តាមផ្លូវ ដោយសារតែ​មិនមាន​ធុងសំរាម និង​ដោយសារ​សេវា​ប្រមូល ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ហាក់ដូចជា យឺតយ៉ាវ រខេករខាក​មិន​ទៀង ពេល និង​ដំណើរ​ការមិន​រៀងរាល់ថ្ងៃ​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុមហ៊ុន​ស៊ិន​ទ្រី​ឲ្យ​យក លុយ​ចំណេញ​ពី​អាជីវកម្ម​ផ្តាច់មុខ ក្នុងការ​ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយ​គ្រាន់តែ​គិត ១​ខ្នង​ផ្ទះ ១​ដុល្លារ ក្នុង ១​ខែ តើ​នៅ​ភ្នំពេញ មាន​ប៉ុន្មាន​ម៉ឺន​លាន​ខ្នង​ផ្ទះ​? ហេតុអ្វី​បានជា ក្រុមហ៊ុន​ស៊ិន​ទ្រី មិន​យកលុយ​ចំណេញ ១​ចំណិត​តូច​ណាមួយ ទៅ​វិនិយោគ​ទិញ​ធុង សំរាម ដាក់ពង្រាយ​តាម​សួនច្បារ តាម​ទីសាធារណៈ និង​នៅតាម​ផ្លូវ ឲ្យ​បាន​ហូរហែ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​?

​ទន្ទឹមនឹង​វិធានការ​របស់​អាជ្ញាធរ​សមត្ថកិច្ច និង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ក៏​ទាមទារ​ឲ្យ​នៅ មុខផ្ទះ​ប្រជាពលរដ្ឋ ត្រូវមាន​ធុងសំរាម និង​វេច​ខ្ចប់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​។

​ក្នុងនោះ ក្រុមហ៊ុន​ស៊ិន​ទ្រី ក៏ត្រូវ​ប្រមូល ដឹកជញ្ជូន​សំរាម រៀងរាល់ថ្ងៃ នៅ​គ្រប់​ផ្លូវ និង​គ្រប់​តំបន់ ហើយ​អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​បំបែក​ឲ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម ច្រើន ចូលរួម​សម្អាត​នៅតាម​មូលដ្ឋាន​ខណ្ឌ​សង្កាត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅតាម​សង្កាត់​ខណ្ឌ នៅ​រាជធានី​ភ្នំពេញ ដោយសារតែ​សព្វថ្ងៃ កំណើនប្រជាជន​ច្រើនឡើងៗ ហើយ​រាជធានី​ភ្នំពេញ​យើង ក៏បាន​ពង្រីក​វិសាលភាព ដែនដី​ធំ​ទៅៗ ផងដែរ​។​

​សម្រាប់​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ នៅពេល​ប្រជាពលរដ្ឋ មាន​ស្មារតី​ចូលរួម​វេច​ខ្ចប់​សំរាម ទុកដាក់​សំរាម​ត្រឹមត្រូវ ដោយ​ទិញ​ធុងសំរាម ច្រក​ថង់ កា​រ៉ុង បាវ ដាក់​កញ្ឆេរ​និង​មិន បញ្ចេញ​សំរាម​មក​ក្រៅរបង​ផ្ទះ នៅក្នុង​រយៈពេល ៣​ថ្ងៃនេះ ហើយ​នោះ​គឺ​បន្ទាប់ពី ឈប់សម្រាក ៣​ថ្ងៃ​ហើយ ពោលគឺ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវបញ្ជូន កម្មករ​បុគ្គលិក ចេញ​សម្អាត និង​ប្រមូល​សំរាម​ដែល​ស្តុក​ទុក ៣​ថ្ងៃ​ទាំងនោះ​ឲ្យ​បាន លឿន និង​ទាន់ពេលវេលា គ្រប់​ផ្លូវ​។​

​ដោយឡែក អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​ជំរុញ​បន្ថែម ទៅកាន់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន​ទ្រី ឲ្យ​ចុះ​ដឹកជញ្ជូន​សំរាម​រៀងរាល់ថ្ងៃ ទៀងពេល ដោយ​មិនត្រូវ​ទុក​ដល់ ពីរ ឬ​បី​ថ្ងៃ ហើយ​កន្លែង​ខ្លះ រហូតដល់ មួយ​សប្តាហ៍ ឡើយ​។ កន្លងមក​ឲ្យ​មានបុណ្យ​ទាន ប្រពៃណី​ម្តងៗ ហើយ​កម្មករ​ប្រមូល​សម្អាត​សំរាម​ឈប់សម្រាក គឺ​នៅតាម​ផ្លូវ​តូចធំ ពោរពេញ​ដោយ​គំនរ​សំរាម ហើយ​សំរាម​ក៏​រាយប៉ាយ​តាមផ្លូវ​ផងដែរ​៕ ដោយៈ ម៉េង​ឆៃ​