ភ្ញៀវទេសចរមកលេងកម្សាន្តនៅ​ខេត្តកោះកុងឆ្នាំ២០១៩ថយចុះ១២​​ភាគរយ

121
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា នៅឆ្នាំ២០១៩កន្លងទៅ ខេត្តនៃភាគនិរតីមួយនេះបានទទួលភ្ញៀវទេសចរសរុបជាង៣២ ម៉ឺននាក់។ ចំនួនអ្នកទេសចរ គឺដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗថយចុះជាង១២ភាគរយបើធៀបនឹងឆ្នាំ២០១៨។

មានភ្ញៀវទេសចរជាតិមានចំនួន២៥ម៉ឺននាក់ ថយចុះ៤ម៉ឺនាក់ និងភ្ញៀវទេសចរបរទេសចំនួន៧មឺុនាក់ថយចុះ៣ពាន់នាក់ បានមកលេងកម្សាន្តលំហែកាយានៅតាមតំបន់រមណីយដ្ឋានធម្មជាតិដ៏មានសក្តានុពលនៅក្នុងខេត្តកោះកុង។

លោក សុខ ចាន់គ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង មានប្រសាសន៍កាលពីថ្ងៃទី២២ ខែមករា ថា តួលេខភ្ញៀវទេសចរជាង៣២មឺុននាក់នេះ បើធៀបនឹងទៅឆ្នាំ​២០១៨ ថយចុះ១២ភាគរយឯណោះ។ ការថយចុះយ៉ាងដូច្នេះ ក៏ព្រោះតែខេត្តធ្លាប់រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី២ ហើយមានភ្ញៀវទេសចរគំហុកសម្រុកលេងកម្សាន្ត។ ដូច្នេះលោកយល់ទំនងជាក្រុមអ្នកទេសចរបង្វែរទិសទៅតំបន់រមណីយដ្ឋានទេសចរនៅតាមបណ្តាខេត្តផ្សេងៗជំនួសវិញ។ រីប្រព័ន្ធផ្លូវជាតិលេខ៤៨ ចាប់ពីថ្នល់បំបែកស្រុកស្រែអំបិលរហូតដល់ព្រំដែនចាំយាមនៅមិនទាន់ស្អាតល្អ សម្រាប់ការធ្វើដំណើរ។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ដដែល អះអាងថា តំបន់គោលដៅទេសចរធម្មជាតិ រួមមាន៖ សហគមន៍អេកូទេសចរធម្មជាតិពាមក្រសោប វិស្សមការតារាសាគរ ឆាយអារ៉ែង សហគមន៍អេកូទេសទឹកជ្រោះតាតៃក្រោម ឆ្នេរសមុទ្រប៉ាក់ខ្លង ចេតិយ​ឃុនឆាងឃុនផែន និងឆ្នេរនេសាទ ជាដើម។ លំហូភ្ញៀវទេសចរបានផ្តល់នូវប្រាក់ចំណូលលើកម្ពស់ជីវភាពរស់នៅ ឱកាសការងារ និងកំណើនសេដ្ឋកិច្ចក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ជាទិសដៅបន្តរបស់មន្ទីរ គឺកំពុងសិក្សាពីតំបន់ទេសចរដែលមានសក្តានុពលថ្មីផងដែរ ដើម្បីសុំការសម្របសម្រួលពីរដ្ឋបាលខេត្តកែច្នៃតំបន់ទាំងនោះសម្រាប់ភាពទាក់ទាញ។ ជាក់ស្តែងបង្កើនភាពទាក់ទាញនៃលំហូរភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានមកលេងកម្សាន្តនៅ ដើមឆ្នាំ២០២០កាន់តែច្រើន ពិសេសឱកាសពិធិបុណ្យចូលចិនវៀតណាមខាងមុខនេះ មន្ទីរទេសចរណ៍ខេត្ត ក៏បានណែនាំដល់ក្រុមអាជីវកម្ម និងអ្នកបំពេញសេវាកម្មនានាទូទាំងខេត្ត ត្រូវយកចិត្តទុកខ្ពស់លើការរៀបចំស្អាតអនាម័យបរិស្ថានសោភណ្ឌភាពឱ្យបានល្អប្រសើរ បដិសណ្ឋារកិច្ចស្នាក់ហូបចុកប្រកបដោយផាសុភាព និងសុវត្ថិភាពរាល់ស្នាក់នៅតាមគោលដៅទេសចរណ៍រៀងៗខ្លួន។ មិនត្រូវតម្លើងថ្លៃកន្លែងស្នាក់នៅ ឬហូបចុកហួសហេតុនោះទេ ទោះក្នុងតម្លៃការក៏ដោយ បើមិនដូច្នេះអាចទទួលការខូចបង់ម្ចាស់សេវាកម្មតែម្តង។

ទោះបីជាមានការអំពាវនាវពីអាជ្ញាធរខេត្ត ក្រុង និងមន្ទីរជំនាញយ៉ាងណាក្តី លោក គ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ទទួលស្គាល់ដែរថា មានម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និង​ផ្ទះសំណាក់មួយចំនួន បន្តលួចលាក់តម្លើងសេវាស្នាក់នៅ និងហូបចុក ក្រោមហេតុ​ផលនេះ ហេតុផលនោះ ជាដើម។

គួរជម្រាបថា នៅឆ្នាំ២០១៩កន្លងទៅ មន្រ្តីការិយាល័យមន្ទីរទេសចរណ៍បានស្រង់ស្ថិតិអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តបានចំនួន២៨២កន្លែង មានដូចជា ៖ សណ្ឋា គារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្តសប្បាយ ខារ៉ាអូខេ កន្លែងម៉ាស្សា ហាងកាហ្វេ និងចំណតដឹកជញ្ចូនភ្ញៀវទេសចរតាមផ្លូវគោក និងផ្លូវទឹក។ ហើយក៏មានដែលការផ្តល់អាជ្ញាបណ្ណដល់អាជិវករចេញដោយមន្ទីរទេសចរណ៍ខេត្តតាមរយៈច្រកចេញ-ចូលតែមួយក្រុង និងខេត្តបានចំនួន៧១កន្លែងទៀត។

ដោយឡែកលោក ជ័យ យឿន ប្រធានសហគមន៍អេកូទេសចរធម្មជាតិពាមក្រសោប ស្រុកមណ្ឌលសីមា វិញ បានបញ្ជាក់ដែរថា នៅឆ្នាំ២០១៩កន្លងទៅ មានភ្ញៀវទេសចរសរុប៩មឺុន២រយនាក់ បានមកកម្សាន្តនៅសហគមន៍របស់ខ្លួន។

លោកប្រធានសហគមន៍អេកូទេសចរធម្មជាតិពាមក្រសោប បន្ថែមទៀតថា មូលហេតុដែលមានភ្ញៀវទេសចរមកលំហែកាយបែបនេះ ក៏ព្រោះតែមានសម្រស់ព្រៃកោងកាងខៀវស្រងាត់ល្អដាច់គេ ឆ្លងស្ពានយោងឡើងគយគន់មើលទេសភាពលើអាកាស ចំណីអាហារឱជាតិរសឆ្ងាញ់បានមកពីប្រជាសហគមន៍នេសាទ ការដឹកជញូនទេសចរទៅស្ទូចត្រី និងការធានសុខសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។ តែទោះបែបនេះក្តី ក៏មានបញ្ហាប្រឈមមួយចំនួនដែលលើការបម្រើសេវាកម្មជូនភ្ញៀវទេសចរ។

ខេត្តកោះកុងជាខេត្តសម្បូរទៅដោយព្រៃព្រឹក្សា ជ្រោះជ្រលងដងអូរ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាពិសេសជីវៈចម្រុះពៃ្រកោងកាងដែលមានទំហំរាប់ម៉ឺនហិតតាដែលជាដែនជម្រកសត្វសមុទ្រ។ ដោយមានសក្តានុពលទាំងនេះបានធ្វើឲ្យខេត្តកោះកុងក្លាយជាខេត្តទេស​ចរណ៍ធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ចូលមកទស្សនាខេត្តកោះកុង ដោយជួយបង្កើនការងារដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងជួយកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល៕B/