ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១០​ម៉ឺន​នាក់ បាន​មកលេង​ក្នុង​ខេត្តក្រចេះ នាឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ​

1578
ចែករម្លែក
  • 39
    Shares

ដោយ​: សេង​ឃួន / ក្រចេះ​: ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានមក​កម្សាន្ត​សប្បាយ នៅតាម​បណ្តា​គោលដៅ​ទេសចរណ៍​នានា ក្នុង​ខេត្តក្រចេះ នាឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ រយៈពេល​៣​ថ្ងៃ មាន​ចំនួន​សរុប ១០២.៣០៦ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​ចំនួន ១០៤,៨៩០ ថយចុះ​ចំនួន​២.៥៨៤ ស្មើនឹង -២,៤៦%​។​

​លោក រ៉ុ​ន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ១០១,៨១៧​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ចំនួន​១០៤.៤៦០​នាក់ ថយចុះ​ចំនួន​២.៦៤៣​នាក់ ស្មើនឹង​-២,៥៣%​។ ទេសចរ​អន្តរជាតិ ៤៨៩​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ចំនួន​៤៣០​នាក់ កើន​ចំនួន​៥៩​នាក់ ស្មើនឹង​១៣,៧២%​។​

​ចំណែក លោក ប្រាក់ វិ​កុល មន្ត្រី​នៃ​មន្ទី​ទេសចរ​ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ពេញនិយម​ក្នុង​ខេត្តក្រចេះ​នោះ មានដូចជា រមណីយដ្ឋាន​ទឹក​ជួ​កាំ​ពី ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ និង​រមណីយដ្ឋាន​កោះ​សុ​ក្រម ជាដើម​។

​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា មន្ត្រី​រូបនេះ​បាន​អះអាងថា ខេត្តក្រចេះ​ក៏​ជា​ខេត្ត​ទិសដៅ​ទេសចរណ៍​មួយ​ដែរ ក្នុងប្រទេស​កម្ពុជា ក្នុងឱកាស​នៃ​ការឈប់​សម្រាក កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី ដោយសារ​ខេត្ត​នេះ មាន​តំបន់​កម្សាន្ត​ច្រើន ទាំង​ធម្មជាតិ និង​កែច្នៃ ហើយ​ចំនួន​ភ្ញៀវ ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​នេះ ក៏មាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ​។​ដោយ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ឋិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ដោយមាន រមណីយដ្ឋាន​ស្រស់ ស្អាត​ជាច្រើន​កន្លែង ប្រកបដោយ​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ហើយ​ជា​រៀងរាល់ឆ្នាំ ខេត្ត​នេះ​បានទទួល​កំណើន​ទេសចរ​ជានិច្ច​។ រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី នៅតែ​ឈរ​លំដាប់​លេខ​១ មាន​ភាព​ទាក់ទាញ ទេសចរ​ជាងគេ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​របស់​ខេត្ត​។​

​ងាក​មក​រឿង​គ្រោះថ្នាក់​ចរាចរណ៍​វិញ ត្រូវបាន​លោក ណាប់ ទិ​ដ្ឋា នាយរង​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជាក់​ឲ្យ​ដឹងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​៣​ករណី នៅ​ផ្លូវ​លេខ​៧ និង​ផ្លូវ​៣៧១ បណ្តាល​ឲ្យ​មនុស្ស ១​នាក់​ស្លាប់ ៤​នាក់​រងរបួស​។ ស្ថានភាព​ផ្លូវទឹក និង​សន្តិសុខ មាន​សភាព​ធម្មតា​៕ ល​