ភ្ញៀវទេសចរ​សម្រុក​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កែប ក្រោយ​ការអញ្ជើញ​បើក​ពិធី​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​

736

(​កែប​)៖ គិត​ត្រឹម​ព្រឹក​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​សប្បាយ​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កែប​មាន​​ជាង​៣៥​ម៉ឺន​នាក់​,​នេះ​បើតាម​ការបញ្ជាក់​ប្រាប់​ពី​ស្នងការ​នគរបាល​ខេត្ត​កែប ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧​ក្រោម​ប្រធាន​​បទ «​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​» ហើយ​នៅ​យប់មិញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អ​ធិ​​ប​តី​ចូលរួម​បើក​ពិធី​ជា​ផ្លូវការ​។​

​នេះ​គឺជា​លើក​ទី​៦ នៃ​ពិធីបុណ្យ​សមុទ្រ ដែល​ប្រារ​ព្ឋ​ធ្វើឡើង​នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​» ក្រោម​ពាក្យស្លោក «​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​» ចាប់ពី​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តី​រីករាយ​សប្បាយចិត្ត​ក្នុងការ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ នៅ​ទឹកដី​ខេត្ត​កែប​នេះ ពីព្រោះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ មិន​ត្រឹមតែ​ខេត្ត​កែប​ប៉ុណ្ណោះ​នោះទេ​តែ​វា​ជា​ក្របខណ្ឌ​ទូទាំង​​ប្រទេស ដែល​ក្នុងនោះ​វា​ក៏​ជា​ឱកាស​មួយ​សំរាប់​ជួបជុំ និង​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​តាមរយៈ​ស្តង់​ពិព័រណ៍​នានា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទេសចរណ៍​នាំមក​នូវ​ការងារ​ធ្វើ​ទេសចរណ៍​នាំមក​នូវ​ប្រាក់ចំណូល​និង​ធ្វើអោយ​ជីវ​​ភាព​របស់​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ផងដែរ​។ ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​​កម្ពុជា ក្នុងការ​ធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​។ ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា “​តារា​រះ​នា​ទិសនិរតី​” ដែលមាន​ខេត្ត​សំខាន់​ចំនួន​០៤​រួមមាន​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប​ដែល​អាច​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន បន្ទាប់ពី​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រសួង ស្ថាប័ន មន្ទីរ​អាជ្ញាធរ​ដែន​​ដី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ត្រូវ​ចាំបាច់​រួមគ្នា​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ តំបន់ឆ្នេរ​កម្ពុជា​ឲ្យ​មាន​និរន្តរ​​ភាព ហើយ​ឆ្នេរសមុទ្រ​កម្ពុជា ត្រូវតែ​ជា​ឆ្នេរសមុទ្រ​បៃតង ដែល​ស័ក្ដិ​សមជា សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​លោក​។​

​នាឱកាស​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន​៥​ចំនុច​សំខានៗ​ដូចជា​៖

១)​ការរក្សា​សន្តិភាព​គឺជា​ចំនុច​សំខាន់ ដែល​ចាំបាច់​ត្រូវតែ​ចូលរួម​ថែរក្សា​ព្រោះ​គ្មាន​ភ្ញៀវ​ទេសចរណ៍​ណា​មកលេង​កន្លែង​ដែលមាន​សង្គ្រាម​​នោះទេ បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ​ឡើយ ។

២)​រក្សា​អោយបាន​នូវ​សមុទ្រ​បៃតង រក្សា​អោយ​បានជា​ឈ្មោះ​ជាតា​រា​រះ​នា​ទិសនិរតី អភិវឌ្ឍន៍​តំបន់ឆ្នេរ​បន្ថែម ការពារ​ឆ្នេរ ការពារ​បរិស្ថាន​​ធម្មជាតិ ត្រូវ​ធ្វើអោយ​ឆ្នេរសមុទ្រ​កម្ពុជា​នៅតែ​ស្អាត​ជានិច្ច ។​

៣)​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដូចជា​ការតភ្ជាប់ មាន​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បី​បំរើភ្ញៀវ​ទេសចរណ៍​។​

៤) ត្រូវការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម អោយ​បានល្អ​គ្រប់​ទីកន្លែង កុំអោយ​មាន​ក្រុម​គ្រឿងញៀន ចោរឆក់ ប្លន់​មិន​ត្រូវអោយ​សមុទ្រ​​កម្ពុជា​ក្លាយទៅជា​កន្លែង​ជ្រកកោន​នៃ​ពួក​គ្រឿង​ញឿ​ន ប្ញ​ពួក​ភេរវកម្ម​ណាមួយ​ឡើយ​។​

៥) ត្រូវ​ជំរុញ​ការផលិត ផលិតផល ទេសចរណ៍​អោយបាន​ច្រើន​ដូចជា បង្កើន​ការដាំដុះ​ដំណាំ​បែប​ធ្ម​ជាតិ​សំរាប់​លក់​ចែកចាយ​ដល់​ភ្ញៀវ​ទេស​​ចរណ៍ ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី​ជាដើម ជាពិសេស​តាម​សណ្ឋាគារ​នានា​ត្រូវ​យកចិត្តទុកដាក់​និង​ទិញ​ផលិតផល​ធម្មជាតិ​ពី​ប្រជាពលរដ្ឋ​​ដើម្បី​បំរើភ្ញៀវ​ទេសចរណ៍​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រទេស​ជា​មិត្ត​ទាំង​៥ ដូចជា ប្រទេស​ចិន ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និង​ថៃ ដែល​បាន​គាំទ្រ និង​ចូលរួម​សម្តែង​សិល្បៈ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​របស់​យើង ដោយបាន​ចាត់​បញ្ជូន​ប្រតិភូ​ក្រុម​សិល្បករ​សិល្បការ​នី​មក​​ចូលរួម​ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព និង កិច្ចសហការ​ដ៏​កក់ក្តៅ​បំផុត​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​​អរគុណ​ចំពោះ​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ភ្ញៀវទេសចរ​អន្តរជាតិ​និង​បងប្អូន​​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ដ៏​អធិក​អធម្ម​ថ្ងៃទី​២៣ និង​ថ្ងៃទី ២៤ ធ្នូ​៕​ដោយ​៖​វាសនា​

​ប្រភព​រូប​និង​អត្ថបទ​៖Fb​សម្តេច​