ភ្ញៀវ​ជាង​មួយ​លាន​កន្លះ​បាន​ចូលមក​កម្សាន្ត​នៅ​ខេត្តកំពត​ក្នុង​ឆ្នាំ​២០១៧

515

(​កំពត​)៖ ជាមួយនឹង​ភាពសម្បូរ​បែប នៃ​មណ្ឌល​កម្សាន្ត​ជា​របៀប​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជា​រមណីយដ្ឋាន​កែច្នៃ​នានា បានធ្វើឱ្យ​ខេត្តកំពត​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ចាប់អារម្មណ៍​ចំពោះ​ភ្ញៀវ​ទូទៅ​។ ជាក់ស្តែង​ក្នុងអំឡុង​ឆ្នាំ​២០១៧ ខេត្ត​ភាគ​និរតី​មួយ​នេះ ទទួលភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​ជាង​មួយ​លាន​ប្រាំមួយ​សែន​នាក់​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៧​នេះ ខេត្តកំពត​ទទួល​ទេសចរ​មក​កម្សាន្ត និង​ស្នាក់អាស្រ័យ​ចំនួន ១.៦០០.៦២០​នាក់​។ ក្នុងចំណោម​នោះ ភ្ញៀវ​ជាតិ​មាន​១.៤៣៨.៤៤៩​នាក់ និង​ទេសចរ​បរទេស​ចំនួន​១៦២.១៧១​នាក់​។ បរិមាណ​នេះ​បាន​កើនឡើង​ឡើង​១,៤៧​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ក្នុងចំណោម​ទេសចរ​ជាង​៧០​ជាតិ​សាសន៍ ដែលមាន​វត្តមាន​ក្នុង​ខេត្ត​អំឡុង​ឆ្នាំ​២០១៧ ភៀ្ញ​វ​ជា​ជនជាតិ​វៀតណាម​ស្ថិតក្នុង​លំដាប់​ទីមួយ ខណៈដែល​ជនជាតិ​បារាំង​លំដាប់​ទី​ពីរ អង់គ្លេស​លំដាប់​ទី​បី អាលឺម៉ង់​លំដាប់​ទី​បួន និង​អាមេរិក​លំដាប់​ទី​ប្រាំ​។

​លោក សយ ស៊ី​ណុល បាន​បន្តទៀតថា កត្តា​ចម្បង​ដែលនាំឱ្យ​ភ្ញៀវទេសចរ​ចូលមក​ខេត្តកំពត កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ គឺ​បញ្ហា​សុខសន្តិភាព សុវត្ថិភាព និង​សណ្តាប់​ធ្លាប់ អនាម័យ​បរិស្ថាន​ស្អាត និង​សេវាកម្ម​ល្អ​។ ម្យ៉ាងទៀត​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នានា ព្រមទាំង​ការងារ​គ្រប់គ្រង​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​ការជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ​ក៏​ជា​ផ្នែក​ទាក់ទាញ​ចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ផងដែរ​។ លើសពីនេះ វិស័យ​ទេសរ​ច​ណ៍​ក្នុង​ខេត្តកំពត បាន​បង្កើត​ខ្សែសង្វាក់​ទស្សនកិច្ច​ជា​បី​តំបន់​សំខាន់ៗ រួមមាន ទីមួយ​តំបន់​ខាងកើត​ក្រុង មាន​សិប្បកម្ម​ផលិត​អំបិល ជិះទូក​ស្ទួ​ច​ត្រី​នៅ​សហគមន៍​ត្រពាំង​សង្កែ រូង​ប្រាសាទភ្នំ​ឈ្ងោក ទំនប់​ប្រទាក់ក្រឡា ចម្ការ​ម្រេច និង​ភ្នំ​កំពង់ត្រាច ។ ទី​ពីរ​តំបន់​ខាងលិច​ក្រុង មាន​រមណី​ដ្ឋា​ន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ វត្ត​សំពៅ​ប្រាំ ព្រះវិហារ​កា​តុ​លិ​ក អគារ​កាស៊ីណូ​បុរាណ ទឹកធ្លាក់ វាលស្រែ​មួយរយ វាលស្រែ​ប្រាំ​រយ ដំណើរ​កម្សាន្ត​ក្នុងព្រៃ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ណា​តា​យ៉ា សហគមន៍​អន្លង់​ធំ​ព្រែក​ត្នោត​។ ទី​បី​តំបន់​ក្នុង​ក្រុង​កំពត គឺ​ការ​ទស្សនា​សំណង់​បេតិកភណ្ឌ ជិះទូក​កម្សាន្ត​ក្នុង​ព្រែក​កំចាយ​គយគន់​ពន្លឺ​អំពិលអំពែក រមណីយដ្ឋាន​ស្រះ​ឈូក មណ្ឌល​កម្សាន្ត​ធម្មជាតិ​តំបន់​ទឹកឈូ ព្រមទាំង​តំបន់​កម្សាន្ត​បែប​កែច្នៃ ដូចជា​រមណី​ដ្ឋា​ន​សំបូរ​ព្រៃ​ចាក តំបន់​កម្សាន្ត​ដូង​ទេរ កន្លែង​ជិះ​ខ្សែកាប​ឆ្លង​ព្រែក រមណីយដ្ឋាន​សច្ចំ​កោះ​តា​ដា ជាដើម​៕L ដោយ​៖ បូកគោ​