ភ្ញៀវ​ជិត​ឆ្ងាយ​ជាង​៩​ម៉ឺន​នាក់មក​កម្សាន្ត​ក្នុង​ខេត្តកំពត នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1703
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ បាន​ចូលមក​កម្សាន្ត និង​ស្នាក់នៅ​ក្នុ​ខេត្តកំពត រយៈពេល​បី​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​កន្លងទៅនេះ​។

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ជាប់​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្ញៀវ​ទេចរ​ជិត​ឆ្ងាយ​៩០.៥២៣​នាក់ បាន​ចូលមក​កម្សាន្ត និង​ស្នាក់អាស្រ័យ​ក្នុង​ខេត្តកំពត​។ ចំនួន​នេះ​មានការ​កើនឡើង​១៨,០៩ ភាគរយ​បើ​ប្រៀបធៀប​នឹង​ពិធី​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ក្នុងចំណោម​នោះ ភ្ញៀវ​ជាតិ​មាន​៨៨.០០៦​នាក់ និង​ទេសចរ​បរទេស​ចំនួន​២.៥១៧​នាក់​។ ទោះបី​ការ​ស្នាក់នៅ​ពេញៗ​គ្រប់​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ និង​ចំនួន​ទេសចរ​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ក្តី គ្រប់​សេវាកម្ម​ពាក់ព័ន្ធ​វិស័យ​ទាំងអស់ មិនមាន​ការឡើង​ថ្លៃ​ពុំ​សមរម្យ​ឡើយ ព្រោះ​ករណីនេះ មន្ទីរជំនាញ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​បង្ការ​រួចរាល់ មុនពេល​ពិធីបុណ្យ​ដ៏​សំខាន់​នេះ​ចូល​មកដល់​៕ ល​