ភ្ញៀវ​ជិត​ប្រាំបី​ម៉ឺន​នាក់​បានមក​កម្សាន្ត​ក្នុង​ខេត្តកំពត​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

420

(​កំពត​)៖​ភ្ញៀវ​ជិត​ឆ្ងាយ​ប្រមាណ​ជិត​ប្រាំបី​ម៉ឺន​នាក់​បាននាំគ្នា​មក​កម្សាន្ត​សប្បាយ​និង​ស្នាក់អាស្រ័យ​ក្នុង​ខេត្តកំពត​នៅ​ថ្ងៃ​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧​ឈានចូល​២០១៨​។​ជាមួយ​កំណើន​ភ្ញៀវ​និង​សន្តិសុខ​សុវត្ថិភាព​ល្អប្រសើរ​នេះ​ត្រូវបាន​ចាត់ទុកជា​ភាពជោគជ័យ​របស់​អាជ្ញា​ធរ​ខេត្ត​ក្នុងការ​គ្រប់គ្រង​សេវាកម្ម​ផ្នែក​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​ថ្ងៃ​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល ខេត្តកំពត​ទទួលភ្ញៀវ​មក​លម្ហែ​កម្សាន្ត និង​ស្នាល់​អាស្រ័យ​ប្រមាណ​ជិត​ប្រាំបី​ម៉ឺន​នាក់​ដែលមាន​ការកើនឡើង​៤,០២​ភាគរយ​បើ​ប្រៀបធៀប​នឹង​ពិធី​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​អាជ្ញាធរ​ខេត្តកំពត​ចំពោះ​ការកើនឡើង​នូវ​ភ្ញៀវ ទេសចរ និង​បញ្ហា​សុខ​សុវត្ថិភាព​ត្រូវ​ដែល​ធានាបាន​មួយរយ​ភាគរយ​។

ដោយសារ​បរិមាណ​ភ្ញៀវ​ដ៏​សន្ធឹកសន្ធាប់​នេ​ាះ​បានធ្វើឱ្យ​គ្រប់​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្កា​ឡូ​ក្នុង​យប់​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ពុំមាន​បន្ទប់​ណាមួយ​នៅ​ទំនេរ​ឡើយ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ជាការ​កត់សម្គាល់ សម្រាប់​ពិធី​ឆ្លង​ឆ្នាំ​សកល ក្នុង​ខេត្តកំពត​មាន​គោលដៅ​ពីរ​ជាសំខាន់​ចំពោះ​ភ្ញៀវ​គឺ​ភ្នំ​បូកគោ និង​ក្រុង​កំពត​។​

ពាក់ព័ន្ធ​នឹង​លទ្ធផល​ដែល​ទទួលបាន​ខាងលើ លោក​ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រប់​បណ្តា​ខេត្ត​ដែល​សម្បូរ​កន្លែង​កម្សាន្ត​តែងតែមាន​កំណើន​ភ្ញៀវ​ទៅ​លម្ហែ​កម្សាន្ត និង​ស្នាក់អាស្រ័យ​ជានិច្ច​។ នេះ​បញ្ជាក់​ឱ្យឃើញថា​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប្រទេសជាតិ​ក៏​ពោរពេញ​ដោយ​សុខ​សុវត្ថិភាព​ផងដែរ​។ ដូច្នេះ​ក្នុងនាម​តំណាងឱ្យ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្រោម​ដំបូល​សុខសាន្ត លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ក្នុង​ការរក្សា និង​ការពារ​នូវ​សន្តិភាព​ដែល​ទទួលបាន​ទាំង​លំបាក​កាលពី​ឆ្នាំ​១៩៩៨​តរៀងមក​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ភាពជោគជ័យ​ផ្នែក​សន្តិសុខ​សុវត្ថិភាព​ដែល​រដ្ឋបាល​ខេត្តកំពត​ទទួលបាន​ទាំង​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ក៏ដូចជា​ឱកាស​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ​កើតឡើង​ពី​កិច្ចខិតខំ​រួមគ្នា​រវាង​កម្លាំង​ស្នងការដ្ឋាន​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ការពារ​ព្រំ​ដែនទឹក និង​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ទោះបី​មានការ​កកស្ទះ​ចរាចរ​ជា​អន្លើរៗ​ក្តី​។

លោក​ចាន់ ចេស្តា​បាន​បញ្ជាក់ថា​ពិសេស​ការចូលរួម​រប​ស់​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់បំផុត​។ ជាក់ស្តែង​អំឡុងពេល​ចុងក្រោយ​នេះ បញ្ហា​ចលាចល ឬ​អំពើហិង្សា​ក្នុង​ពិធីបុណ្យ​បង្កដោយ​ជនណាម្នាក់​ដែលនាំឱ្យ​ភ្ញៀវ​ខ្លាចរអា​នោះ​ក៏​មិនមាន​កើតឡើង​ដែរ​។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​បាន​ចូល​រូ​ម​ក្នុង​សកម្មភាព​ជាច្រើន​សម្រាប់​ប្រយោជន៍​សង្គម ដូចជា​ការសម្អាត​អនាម័យ​បរិស្ថាន​តាមរយៈ​ការមិន​បោះ​សំរាម​ពាសវាល​ពាសកាល​ជាដើម​។

លោក​អភិបាលខេត្ត​បាន​សម្តែង​ក្តី​រំពឹងថា​ទម្លាប់​ល្អៗ​ទាំងនេះ អាជ្ញាធរ​ខេត្តកំពត​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​នឹង​បន្ត​ប្រកាន់ខ្ជាប់​ដើម្បី​កិត្តិយស​ផ្ទាល់ខ្លួន និង​សង្គមជាតិ​ទាំងមូល​រាល់​ពិធី​សំខាន់ៗ ពិសេស​ក្នុងឱកាស​នៃ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដ៏​ខ្លី​ខាងមុខ​បន្តទៀត​។​

ចំណែក​ខេត្ត​កែប ក្នុងឱកាស​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ​មាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រី​នៃ​អាជ្ញាធរខេត្ត​កែប​៕S/​ដោយ​៖​បូកគោ​

​ភ្ញៀវ​ជិត​ប្រាំបី​ម៉ឺន​នាក់​បានមក​កម្សាន្ត​ក្នុង​ខេត្តកំពត​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​