ភ្ញៀវ​ទេសចរណ៍​ជាង​១៤​ម៉ឺននាក់ ទៅលេង​ខេត្ត​ព្រះសីហនុ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃ​

2907
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ទេសចរណ៍ ចំរុះ​ជាតិ​សាសន៍ មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ប្រមាណ​១៤៣.៥៩៧​នាក់​។​

​របាយការណ៍​បូកសរុប​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា​៖
– ភ្ញៀវ​ចូល​តាម​ប្រ​លាន​យន្តហោះ​កងកេង​សរុប​១៧​ជើង មាន​ភ្ញៀវ​ចំនួន​១.៤៣៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦៤៣​នាក់ អន្តរជាតិ​៧៩៦​នាក់​។
– ភ្ញៀវ​ទៅ​កំសាន្ត​តាម​កោះ​នានា ជាពិសេស កោះរ៉ុង និង​កោះរ៉ុង​សន្លឹម មាន​ចំនួន​ទូក​១៣៦​ជើង មាន​ភ្ញៀវ​សរុប ៨.៤៥៥​នាក់ (​ស្រី​៤.៤២៤​នាក់​) ភ្ញៀវ​ជាតិ​ចំនួន ៤.៣៤៨​នាក់ (​ស្រី​២.២៨៧​នាក់​) ភ្ញៀវ​អន្តរជាតិ ចំនួន​៤.១០៧​នាក់ (​ស្រី ២.១៣៧​នាក់​)​។​
– ភ្ញៀវ​ចូល​ទស្សនា តាម​រមណីយដ្ឋាន​នានា សរុប ១៦.៥៩៧​នាក់ ភ្ញៀវ​ជាតិ​១៦.៤៤៣​នាក់ ភ្ញៀវ​អន្តរជាតិ ៦៤៣​នាក់ ក្នុងនោះ​មាន ៖
+ រមណីយដ្ឋាន​ថ្ម​រូង មាន​ភ្ញៀវទេសចរ​សរុប ៧.១១៩​នាក់ ភ្ញៀវ​អន្តរជាតិ ១០២​នាក់
+ រមណីយដ្ឋាន​ក្បាលឆាយ មាន​ភ្ញៀវទេសចរ​សរុប ៥.៥៧៨​នាក់ ភ្ញៀវ​អន្តរជាតិ​២.៥១០​នាក់
+ រមណីយដ្ឋាន​ពិ​កនិច មាន​ភ្ញៀវទេសចរ​សរុប ៣.៩០០​នាក់ ស្រី​១.៥៦០​នាក់ ភ្ញៀវ​អន្តរជាតិ ៣៩០​នាក់ ស្រី​១៣៦​នាក់​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា លទ្ធផល​នៃ​ការរៀបចំ​សន្តិសុខ​សណ្តាប់ ក្នុង​ពិធីបុណ្យ រយៈពេល ៣​ថ្ងៃ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ទន្ទឹមនឹងនេះ ក៏មាន​ករណី​ភ្ញៀវ​បរទេស ជ្រុះ​បាត់​កាបូប​លុយ​ចំនួន​១​ករណី និង​មាន​ក្មេង​វង្វេង​ចំនួន ២​នាក់ ប៉ុន្តែ​នគរបាល​ទេសចរណ៍ បានធ្វើការ​ផ្សព្វផ្សាយ ហើយ​ឪពុក ម្តាយ បានមក​ទទួលយក​វិញ​ទាំង​២​នាក់ រួចរាល់​ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​អូ​ឈើទាល​ក្រុងព្រះសីហនុ បាន​ត្អូញត្អែ​ថា អត់​ភ្ញៀវ លក់​មិន​ដាច់ ម្ហូប​សល់​ខាតបង់​អស់ប្រាក់​មួយចំនួន ផងដែរ​។​

​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​នេះ រស្មី​កម្ពុជា​នៅ​មិនទាន់​អាច​ទំនាក់ទំនង មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​នៅឡើយ​៕ ល​