ភ្ញៀវ​ទេសចរណ៍​បរទេស ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​រទេះគោ​ខ្មែរ សត្វព្រៃ​និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​

727
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូលមក​ទស្សនា​ខេត្តសៀមរាប បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​រទេះគោ​ខ្មែរ​ស​ត្វ​ព្រៃ និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​។ នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី​លោក គ្រួច លី ស្ថាបនិក​ភូ​មិកសិ​ទេសចរ​ធម្មជាតិ​នៅ​សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​លោក គ្រួច លី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​សម្រុក​នាំគ្នា​មក​តាម​ជនបទ ដើម្បី​ជិះរទេះ​គោ និង ដើរ​ទស្សនា​កំសាន្ត​នូ​វក​សិ​ទេសចរណ៍ របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ក្នុង​ក្រុង​សៀមរាប ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍ធម្មជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កសិកម្ម ជាពិសេស​ប្រជាកសិករ​ហើយ​បាន​ផ្សារភ្ជាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងការ​បង្កើន​ចំណូល​បន្ថែម ក្រៅពី​ប្រកបមុខរបរ​កសិកម្ម របស់​ពលរដ្ឋ​។​

​លោក បាន​ឲ្យ​ដឹង​ទៀតថា ការបង្កើត​ទេសចរណ៍​លើ​វិស័យនេះ បាន​ចូលរួម​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ ការរក​ប្រាក់ចំណូល ការលើកកម្ពស់​ជីវភាព​រស់នៅ ការកាត់បន្ថយ​ភាពក្រីក្រ ការអភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​ផងដែរ ខណៈដែល​រទេះគោ​ខ្មែរ​នា​បច្ចុប្បន្ននេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស សម្រាប់​ជិះ​ទស្សនា​ទិដ្ឋភាព​ទេសចរ​បៃតង ជា​ប្រភេទ​ដំណាំ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី ដែលមាន​នៅក្នុង​ភូមិ និង​នៅ​តំបន់​ព្រៃ​លិច​ទឹក​មួយចំនួន ជាពិសេស​ការកំសាន្ត​ដោយសារ ជិះរទេះ​គោ​នេះ មិន​ត្រឹម​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ភ្លឺ​ថ្លា ប៉ុណ្ណោះ​នោះទេ គឺ​ធ្វើ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅក្នុង​តំបន់​ជនបទ​នេះ​ដែលមាន​តាំងពី​បុរាណ​មកម្ល៉េះ​។​

​លោក​បាន​បន្ថែមទៀតថា សេវាកម្ម​ដោយ​ការប្រើ​រទេះគោ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​មាន​ជីវភាព​គ្រួសារ​ធូរធារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បាន​ជួយ​ដល់​ការអភិរក្ស​នូវ​រទេះគោ​ខ្មែរ សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​យល់ដឹង​ពី​វប្បធម៌​ដូនតា​របស់​ខ្មែរ​យើង​ពី​ជំនាន់​មុន​ផងដែរ ដូច្នេះ​តាមរយៈ​នេះ លោក​សូម​អំពាវ​នាដ​ល់​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ក្រសួង​ទេសចរ​ក្រសួង​វប្បធម៌ ជួយ​ដឹកនាំ​ភ្ញៀវ និង​ជួយ​អភិរក្ស​រទេះគោ​ខ្មែរ​នេះ​ឲ្យ​បាន​គង់វង្ស​ជា​យូរអង្វែង​ផងដែរ ដើម្បី​បង្កើត​ការងារ​នៅនឹងកន្លែង ចូលរួម​កាត់បន្ថយ​ការ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង ឬ​ទៅ​ក្រៅប្រទេស និង​ធានា​ឱ្យបាន​នូវ​កំណើន​ប្រកបដោយ​សមធម៌ ជាពិសេស គឺ​ការចូលរួម​ពី​ប្រជាជន​ក្នុង​សហគមន៍​នេះ​តែម្តង ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​សម្បត្តិ​វប្បធម៌ ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​៕ ល​

ភ្ញៀវ​ទេសចរណ៍​បរទេស ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​រទេះគោ​ខ្មែរ សត្វព្រៃ​និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​៕​គូលែន