ភ្ញៀវ​ទៅ​ទស្សនា​ខេត្ត​ប៉ៃលិន​ធ្លាក់​ចុះ​កាលពី​អំឡុង​បុណ្យ​ភ្ពុំ​បិណ្ឌ ដោយសារ​ឥទ្ធិពល​អាក្រក់​ពី​ទឹកជំនន់​

183
ចែករម្លែក

ដោយ:ភ្នំ​ខៀវ​/ ប៉ៃលិន​ ៖ ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ជាប់ៗ​គ្នា​ធ្វើអោយ​ចំនួន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ខេត្ត​ប៉ៃលិន​បាន​ថយចុះ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ពីថ្ងៃ​ទី​២៧-២៩​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លងមកនេះ ។​

មន្ត្រី​មន្ទីរ​ទេសរ​ចរណ៍​ខេត្ត​ប៉ៃលិន​អោយដឹង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​កន្លងមក​ថា​មូលហេតុ​ដែលនាំអោយ​ចំ​នួន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​ទាំង​អន្តរជាតិ​មាន​ចំនួន​ថយចុះ​ជាង​ឆ្នាំ​២០១៨ ដោយសារ​មួយ​រយះពេល​ចុង​ក្រោយនេះ​កម្ពស់​ទឹកភ្លៀង​បាន​កើនឡើង និង​ជា​បន្តបន្ទាប់​បង្ក​អោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​អូសបន្លាយ​ពេលវេលា​រហូត​ដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

ជាពិសេស​នៅតាម​តំបន់​ទំនាប​នានា​ជា​មណ្ឌល​កម្សាន្ត​សំខាន់ៗ​របស់​ខេត្ត​ប៉ៃលិន​ត្រូវ​ជន់​លិច ឬ​មានទឹក​ច្រើន​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​ឲ្យ​មានការ​ខ្លាចរអា ប្តូរ​កម្មវិធី​ឬ​ទិសដៅ​ដើរលេង​លំហែរ​កាយ​ទៅកាន់​គោលដៅ​ផ្សេង​វិញ ។​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ដល់​២៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងមកនេះ ខេត្ត​ប៉ៃលិន​បានទទួល​ភ្ញៀវទេសចរ​ណ៍​ចំនួន​១៤,៣៦៨​នាក់ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ចំនួន​២០,៥២០​នាក់ បាន​ថយចុះ​២៩,៩៨% ។​ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​១៤៩​នាក់ រួមមាន​ជនជាតិ​ថៃ ជនជាតិ​ចិន កូរ៉េ ជនជាតិ​អូស្ត្រាលី ជនជាតិ​វៀតណាម និង​ជនជាតិ​បារាំង​ផងដែរ។

ប្រភពពី​មន្ទីរជំនាញ​ខាងដើម​បាន​បន្ថែម​ដែរ​ថា​ បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​អោយចូល​ទស្សនា​លំហែរ​កាយ​ដូចជាៈ ១-រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ។​ ២-​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ (​ភ្នំ​ខៀវ​)​។​ ៣-រមណីយដ្ឋាន​ក​សិ​ទេសចរណ៍​ចំការ​ខ្នុរ រួមទាំង​តំបន់​ជុំវិញ ។​៤-​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង។ ​៥-​រមណីយដ្ឋាន​កែច្នៃ​រហាត់ទឹក​បែប​ធម្ម​ជាតិ និង​៦-​តំបន់​លំហែកាយ​ស្ទឹង​តា​រៀប​ជាដើម​៕B/