ភ្ញៀវ​បានមក​ម្តង​ហើយ​វិលត្រឡប់​ជាថ្មី​បញ្ជាក់ថា​សេវាកម្ម​ទេសចរណ៍​ទីនោះ​ល្អប្រសើរ​

1084
ចែករម្លែក

​ដោយ​បូកគោ​/​កំពត​:​ខេត្តកំពត​មាន​កញ្ចប់​ទស្សនកិច្ច​ដ៏​ទាក់ទាញ​ចំនួន​បួន​។​ប៉ុន្តែ​មិនទាន់​ដណ្តើមបាន​ទីផ្សារ​ក្នុងការ​ស្រូប​ទាញ​ទេសចរ​បរទេស​សម​ដូច​បំណង​នៅឡើយ​ដោយសារ​ខ្វះ​កន្លែង​ស្នាក់នៅ​លំដាប់​ខ្ពស់​។​ជាទូទៅ​បើ​ភ្ញៀវ​បាន​ម​កម្សាន្ត​ម្តង​ហើយ​វិលត្រឡប់​មកជា​ថ្មី​ទើប​បញ្ជាក់ថា​សេវាកម្ម​ទេសចរណ៍​ខេត្ត​នោះ​ល្អប្រសើរ​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​និង​ឆ្លង​សេចក្តីព្រាង​ផែនការ​ទីផ្សារ​ទេសចរណ៍​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​លោក​នៃ​គង់​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​អ្វី​ដែលជា​សក្តានុពល​និង​មោទនភាព​នោះ​គឺ​ខេត្តកំពត​មាន​កញ្ចប់​ទស្សនកិច្ច​ដ៏​ទាក់ទាញ​ចំនួន​បួន​។​

ក្នុងនោះ រួមមាន តំបន់​ខាងកើត​ក្រុង​, តំបន់​ក្រុង​កំពត​វ័យ​ចំណាស់​, តំបន់​ដងព្រែក​, និង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​, ដែលមាន​រមណីយដ្ឋាន​សំខាន់ៗ​១៧​កន្លែង​។ ប៉ុន្តែ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​មិនទាន់​ដណ្តើមបាន​ទីផ្សារ​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវទេសចរ​បរទេស​សម​ដូច​បំណង​នៅឡើយ​ទេ​ដោយសារតែ​កង្វះ​ន្លែ​ង​ស្នាក់នៅ​លំដាប់​កម្រិត​ខ្ពស់​។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​មាន​ក្តី​សោកស្តាយ​ពេល​ទទួល​របាយការណ៍​ថា​ភ្ញៀវ​បរទេស​ដែល​បានមក​កម្សាន្ត​ក្នុង​ខេត្ត​ម្តង​ហើយ​វិល​ត្រឡប់មក​សាជាថ្មី​ក្នុង​កម្រិត​ភាគរយ​ដ៏​តិចតួច​បំផុត​។ ឆ្លើយតប​បញ្ហា​ទាំងនោះ សូមឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​រួមគ្នា​ស្វែងយល់​ពី​មូលហេតុ និង​រិះរក​មធ្យោបាយ​ដើម្បី​លុបបំបាត់​ភាពអវិជ្ជមាន​ដែលនាំឱ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទូទៅ​។

​ជា​វិធាន​ល្អ​មន្ត្រី​ក្នុង​ដែន​ជំនាញ​ត្រូវ​បំពាក់បំប៉ន​និង​បង្កើន​បន្ថែម​នូវ​ចំណេះដឹង​ជូន​ចំពោះ​គ្រប់​សេវាករ​ដោយ​គិតគូរ​ចាប់តាំងពី​សកម្មភាព​នៃ​បដិសណ្ឋារកិច្ច​អនាម័យ​ម្ហូបអាហារ​សោភ័ណភាព​ទាំង​កន្លែង​ទទួលទាន បន្ទប់​ស្នាក់នៅ បន្ទប់​អនាម័យ ពិសេស​តម្លៃ​សេវាកម្ម​ទាំងឡាយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ថា​ទោះបី​ខេត្តកំពត​មាន​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​សម្គាល់​ក​ញ្ច​ប់​ទស្សនកិច្ច​ដ៏​ទាក់ទាញ​បំផុត​ក្តី​។​ប៉ុន្តែ​ខេត្ត​នេះ​នៅ​មិនទាន់​អាច​ប្រណាំងប្រជែង​ដណ្តើមយក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេសជិតខាង​បាន​នៅឡើយ​។

បច្ចុប្បន្ន​ខេត្តកំពត​មិនទាន់​សម្បូរ​ឬ​មាន​សណ្ឋាគារ​លំដាប់​កម្រិត​ខ្ពស់​ទេ​គឺមាន​ត្រឹមតែ​ផ្ទះសំណាក់​ដែល​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​ជនបរទេស​មួយចំនួន ដូចជា ទេសចរ​ចិន ជប៉ុន កូរ៉េ ជាដើម​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា តាម​ការកត់សម្គាល់​ភ្ញៀវ​ដែល​បាន​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត ហើយ វិលត្រឡប់​សាជាថ្មី​មាន​ប្រមាណ​ត្រឹមតែ​១៦​ភាគរយ​ប៉ុណ្ណោះ​៕S/​

#