ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​AIMF​លើក​ទី​៣៩​នៅ​ដើមខែ​ធ្នូ​

347
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​លេខាធិការដ្ឋាន​រៀបចំ​មហាសន្និបាត​រប​ស់​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសារ​បារាំង​(AIMF) លើក​ទី​៣៩ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បច្ចុប្បន្នភាព ដើម្បី​ត្រៀម​ឆ្ពោះទៅ​ការរៀបចំ​មហាសន្និបាត AIMF លើក​ទី​៣៩ ដែល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បច្ចុប្បន្នភាព ដើម្បី​ត្រៀម​ឆ្ពោះទៅ​ការរៀបចំ​មហាសន្និបាត​AIMF​លើក​ទី​៣៩ ដែល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​នេះ​។​

​ក្នុង​កិច្ចប្រជុំ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា មកដល់ពេលនេះ យើង​បានរៀបចំ​ការងារ​បាន​មួយចំនួនធំ​ហើយ​ស្ដីពី​វឌ្ឍនភាព​នៃ​ការងារ​ត្រៀម​រៀបចំ​នេះ ដែល​នឹងមាន​តំណាង​ទីក្រុង​ចំនួន​៣០៤ ចូលរួម​។​លោក​អភិបាល​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់​ព​ន្ធ័​ពិភាក្សា ផ្តល់យោបល់​ឲ្យ​បាន​ស៊ី​ជំរៅ​លើ​ការងារ​ដែល​នៅ​សេសសល់​ឲ្យ​បាន​រួចរាល់​តាម​ការគ្រោងទុក​។

​កិច្ចពិភាក្សា​ក៏បាន​បង្ហាញ​ពី​ពង្រាង​កម្មវិធី​សំរាប់​កិច្ចប្រជុំ AIMF លើក​ទី​៣៩ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២​ទី​៣​និង​ទី​៤​ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ក្រោម​ប្រធានបទ​៖​ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​។ ជាមួយគ្នានេះ ក៏​ស្របគ្នា​នឹង​ខួប​លើក​ទី​៤០ នៃ​ការបង្កើត​សមាគម AIMF នឹង​ស្របគ្នា​នៃ​ខួប​លើក​ទី​៤០ របស់​រាជធានី​ភ្នំពេញ​ក្រោយ​ថ្ងៃ​រំដោះ​ពីរ​បប​ប្រល័យពូជសាសន៍​។

​សូមបញ្ជាក់ថា រាជធានី​ភ្នំពេញ​ត្រូវបាន​គណៈកម្មាធិការ​អ​អចិន្ត្រៃយ៍​របស់ AIMF ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់​AIMF នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង​កាលពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ បានជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​៣៩​។ នេះ​ជា​ឧិ​កាស​ដ៏​មានតម្លៃ​ដែល​រាជធានី​ភ្នំពេញ បង្ហាញ​ស្នាដៃ និង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង ដែល​ងើប​ចេញពី​វាលពិឃាត​ប្រល័យពូជសាសន៍ រហូត​មានការ​អភិវឌ្ឍន៍​រី​ចំរើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕