ភ្នំពេញ​ផ្ទៃដី​ជិត​៧០០​គីឡូម៉ែត្រ​ការ៉េ​ពលរដ្ឋ​ជាង​២​លាន​នាក់​ជាមួយ​កំណើន​យានយន្ត​ជាង​៣​លាន​គ្រឿង

520
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​គឺជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​នយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ដ៏​មាន​សារៈសំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានផ្តល់​ភាពអនុគ្រោះ​ដល់​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​និង​ផ្តល់នូវ​កាល្លានុវត្តភាព​ដល់​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​រាជធានី​ភ្នំពេញ​បច្ចុប្បន្ននេះ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន ៦៩២.៦៤​គីឡូម៉ែត្រ​ការ៉េ​ក្រោយ​រដ្ឋាភិបាល​កាត់​ឃុំ​ចំនួន​២០​ពី​ខេត្តកណ្ដាល​កាលពី​ចុងឆ្នាំ​២០១០​មកក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​រាជធានី​ភ្នំពេញ​។​ដង់ស៊ីតេ​ពលរដ្ឋ​ចំនួន​២.២១៦​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ និង​ស្នាក់នៅ អចិន្ត្រៃយ៍​ចំនួន ១​លាន​៦​សែន​នាក់ និង​មិន​អចិន្ត្រៃយ៍ ៨ សែន​នាក់​។ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​១៤​ខណ្ឌ​,​មាន​១០៥​សង្កាត់ និង​មាន​៩៥៣​ភូមិ​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក​សាំ​ពិសិដ្ឋ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​កក្កដា​២០១៩​នេះ​ថា​គិត​មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​៤៨​ម៉ឺន​គ្រឿង​,​ម៉ូតូ​ចំនួន​១​លាន​៦​សែន​៥​ម៉ឺន​គ្រឿង​និង​មាន​ម៉ូតូ​កង់​បី​ចំនួន​៣​ម៉ឺន​២​ពាន់​គ្រឿង​ដែល​បាន​នឹង​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ទីក្រុង​។​យានយន្ត​ទាំងនេះ​ជា​យានយន្ត​ដែល​បាន​ចុះបញ្ជីរ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​និង​ហេដ្ឋារចនាសម្ព័ន្ធ​វិញ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា​នៅ​ភ្នំពេញ​ពេលនេះ​មាន​អគារ​ខ្ពស់​ជាងគេ​ចំនួន​១៣​អគារ​ឬ​១៣​កន្លែង​ដែលមាន​ដូចជា​អគារ​វឌ្ឍនៈ​នៅក្បែរ​សាលា​រាជធានី​ភ្នំពេញ​អគារ​៤២​ជាន់​នៅ​ស្តុ​ប​ពេទ្យ​ចិន​និង​អគារ​កាណាឌីយ៉ា​ជាដើម​។​

ក្នុងនោះដែរ​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្នេះ​ក៏មាន​ស្ពាន​អាកាស​ផ្លូវ​ក្រោម​ដី​ចំនួន​៦ កន្លែង គឺ ស្ពាន​អាក​កាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​នេះ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។​ស្ពាន​អាកាស​៧​មករា​ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​ស្ពាន​អាកាស​៥​មករា​ស្ថិតនៅ​ស្ដុ​ប​តិច​ណូ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​និង​ស្ពាន​អាកាស​ចោមចៅ​នៅ​រង្វង់​មូល​ចោមចៅ​ដែល​ស្ពាន​អាកាស​ស្ពាន​អាកាស​ចោមចៅ​បាន​នឹង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង​និង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​៤​កន្លែង​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​ជា​អាជ្ញាធរ​ដែនដី មាន​តួនាទី​-​ភារកិច្ច គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង របៀបរៀបរយ​សង្គម (​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​)​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យមាន​ភាព​ឆាប់រហ័ស​តម្លាភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។​

ចំណែក​អភិបាល​រាជធានី​ភ្នំពេញ​មាន​តួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ក្នុង​រាជធានី ។
​ក្នុងតួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល អភិបាល​រាជធានី ត្រូវ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់ និង​ធានាឱ្យមាន​ការអនុវត្ត​ច្បាប់​ព្រមទាំង​ធានាឱ្យមាន​ការការពារ​និង​គោរព​សិទ្ធិមនុស្ស​ចំពោះ​ប្រជាពលរដ្ឋ​។

ក្នុងករណី​មាន​សកម្មភាព​អសន្តិសុខ​កើតឡើង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​មាន​តួនាទី​ដឹកនាំ​បញ្ជា​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​។​ក្នុងករណី​ចាំបាច់​គណៈបញ្ជាការ​ឯកភាព​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍ ឬ​អាច​រាយការណ៍ ស្នើសុំ កិច្ចសហការ​ពី​ថ្នាក់ជាតិ​៕S/