ភ្លើង​ឆេះ​អគារ Trump Tower បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួស ៤ នាក់​

994
ចែករម្លែក

​អគ្គីភ័យ​នៅ​អគារ​ខ្ពស់កប់ពពក​នៅ​បុរី​ញូវយ៉ក​របស់លោក ដូ​ណា​ល់ ត្រាំ បានសម្លាប់​មនុស្ស​ម្នាក់ និង​បណ្តាលឱ្យ​អ្នក​ពន្លត់អគ្គីភ័យ​ចំនួន ៤ នាក់​រងរបួស​។​

​លោក ថុ​ត ប្រាស់​ស្ន័​រ អាយុ ៦៧ ឆ្នាំ រស់នៅ​អា​ផាត់​មិន​លេខ 50C នៅ​ជា​ន់ទី ៥០ នៃ​អគារ Trump Tower ក្នុង​តំបន់​ម៉ា​ហា​តាន់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​យូ​នី​ត​របស់គាត់​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​។​

​លោក ប្រាស់​ស្ន័​រ គឺជា​ឈ្មួញ​គំនូរ ទិញ​អគារ​ជាន់​ទី ៥០ របស់គាត់​នៅ​ឆ្នាំ ១៩៩៦​។

​អ្នក​ជួល​ផ្ទះ Trump Tower ស្លាប់ទៅ​រូបនេះ​បានដាក់​ពាក្យ​ក្ស័យធន​ក្នុង​ឆ្នាំ ២០១៥​។ នៅក្នុង​ការ​ពាក្យ​ប្រកាស​ក្ស័យធន​នោះ​សរសេរថា ផ្ទះ​គាត់​រស់នៅ មានតម្លៃ ២,៥ លាន​ដុល្លារ​។​

​អណ្តាតភ្លើង​និង​ផ្សែង​ក្រាស់ឃ្មឹគ​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​មេសា ឃើញ​ហុយ​ចេញពី​បង្អួច​នៃ​អគារ​នេះ កន្លែង​ដែល​លោក​ប្រធានាធិបតី ក៏មាន​ទីលំនៅ​នៅ​ទីនោះ​ផងដែរ​។​

​អ្នក​ពន្លត់អគ្គីភ័យ​ចំនួន ២០០ នាក់​និង​សមាជិក​នៃ​សេវា​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៅ​មហាវិថី​លេខ​៥ ខណៈ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បិទផ្លូវ​ជុំវិញ​នេះ​។​

​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ក្រុង​ញូវយ៉ក​បាន​និយាយថា អគ្គីភ័យ​បានកើត​ឡើង​នៅមុន​ម៉ោង ៦ ល្ងាច​ម៉ោង​ក្នុងស្រុក ដោយ​ដំបូង​គឺ​ហុយផ្សែង​ធម្មតា ចេញពី​អគារ​ជាន់​ទី​៥៨​។

​ជាន់​ជាច្រើន​នៅក្បែរនោះ​គឺ​សុទ្ធតែ​ផ្សែងខ្មៅ បង្ក​ការលំបាក​ដល់​អ្នក​ពន្លត់​អគ្គីភ័យ​ចូលទៅ​ពន្លត់​ជាខ្លាំង​។

​អគារ Trump Tower បើក​សម្ភោ​ធ​ក្នុង​ឆ្នាំ ១៩៨៣ ដោយមាន​ផ្ទះ​ប្រណីត សណ្ឋាគារ និង ទីលាន​វាយ​កូន​ហ្គោល​ខ្នាតតូច​ក្នុងនោះ​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

អគារ Trump Tower ឆេះ​កាលពី​ថ្ងៃ​សៅរ៍ បណ្តាលឱ្យ​ស្លាប់​អ្នករស់នៅ​អគារ​នេះ​ម្នាក់ និង​របួស​អ្នក​ពន្លត់អគ្គីភ័យ ៤ នាក់
#