ភ្លើង​ប្រច័ណ្ឌ​ យក​កន្ត្រៃ​ចាក់​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​ នៅ​ស្រុក​ភ្នំស្រួច​

576
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​កើត​ភ្លើង​ប្រច័ណ្ឌ​ បានយក​កន្ត្រៃ​ចាក់ទៅលើ​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ញ៉ែម សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ជនរងគ្រោះ​ឈ្មោះ ឡុង ពៅ អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ផ្ទះជួល​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

ប្រភព​បន្តថា​ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​និង​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ ដោយសារ​តាម​ទាន់​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ផ្អែមល្ហែម​ជាមួយ​បុរស​ផ្សេង ក៏​កើត​ភ្លើង​ប្រច័ណ្ឌ​ បានយក​កន្ត្រៃ​ចាក់ទៅលើ​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​។​

ក្រោយពី​កើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ត្រែងត្រយឹង ​រួចហើយ​នគរបាលបាន​ហៅ​ជនសង្ស័យ​មក​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕​B/Ha