ភ្លើង​សញ្ញា​ចរាចរណ៍​រូបលោក​កាល់ ម៉ាក ត្រូវបាន​ដំឡើង​នៅ​ទីក្រុង​កំណើត​របស់​ទស្សនវិទូ​អាល្លឺម៉ង់​ដ៏​ល្បី​រូបនេះ​

1179
ចែករម្លែក

​ទីក្រុង​ទ្រែ​រ (Trier) ដែលជា​ស្រុកកំណើត​របស់​ទស្សនវិទូ​អាល្លឺម៉ង់ លោក កាល់ ម៉ាក (Karl Marx) បាន​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍ បង្ហាញ​រូប​របស់​ទស្សនវិទូ​កុម្មុយនីស្ត​អាល្លឺម៉ង់​រូបនេះ ក្នុង​គោលបំណង​អបអរសាទរ​ខួបកំណើត​ទី ២០០ របស់គាត់ ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ៥ ខែឧសភា​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់​ទីក្រុង​ទ្រែ​រ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មីនា​បានឱ្យដឹងថា ភ្លើង​សញ្ញា​ចរាចរណ៍​ទី​១​ត្រូវ​បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ផ្លូវ Simeonstiftplatz នៃ​ទីក្រុង​ទ្រែ​រ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេពី​ផ្ទះ​របស់លោក កាល់ ម៉ាក និង​ជា​កន្លែង​ដែល​រូបចម្លាក់​លោក​កាល់ ម៉ាក់ នឹងត្រូវ​យកមក​ដាក់​នៅ​ទីនោះ​។​

​អភិបាលក្រុង​ទ្រែ​រ លោក វ៉ូ​ល​ហ្វ្រា​ម ឡី​បេ និយាយថា “​វា​គឺជា​និមិត្តសញ្ញា​ដ៏​ស្រស់ស្អាត ហើយ​ទីក្រុង​ទ្រែ​រ​គឺ​តំណាងឱ្យ​លោក​ម៉ាក់​”​។​

​លោក​កាល់ ម៉ាក កើត​នៅ​ទីក្រុង​ទ្រែ​រ នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៨១៨​។ គាត់​បាន​ចំណាយពេល ១៧ ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់គាត់​នៅ​ទីក្រុង​នេះ​។​

​ទីក្រុង​ទ្រែ​រ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដើម្បី​អបអរ​ខួប​លើក​ទី​២០០ របស់លោក​កាល់ ម៉ាក ក្នុងនោះ​មានការ​តាំងពិព័រណ៍ ព្រឹត្តិ​កាណ៍​អាន​សៀវភៅ និង​កម្មវិធី​ប្រគុំ​តន្ត្រី​។

​នៅ​ថ្ងៃទី ៥ ឧសភា​ខាងមុខនេះ កាដូ​រូបសំណាក​កាល់​ម៉ាក់​មកពី​ចិន នឹងត្រូវ​បង្ហាញ​ជា​ផ្លូវការ ដែល​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​ផងដែរ​សម្រាប់​អបអរ​ខួប​លើក​ទី ២០០​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ភ្លើង​សញ្ញា​ចរាចរណ៍​រូបលោក​កាល់ ម៉ាក ត្រូវបាន​ដំឡើង​នៅ​ទីក្រុង​ទ្រែ​រ