ភ្លៀង​កក់ខែ​ចាប់ផ្តើម​ធ្លាក់ ប៉ុន្តែ​ព្យុះ​បាន​ឡើង​កម្រិត​ពី​កូន​ព្យុះ ទៅ​ព្យុះ​កម្រិត​មួយ​

992
ចែករម្លែក


ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​បាតុភូតធម្មជាតិ​ភ្លៀង​កក់ខែ​កំពុង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅ​តំបន់​ខ្ពង់រាប មុននឹង​មក​ដល់​តំបន់​ទំនាប​កណ្តាល​ដូច​ការជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ដោយ​ទឹកភ្លៀង​ភាគច្រើន គឺ​កើត​មាន​ពេល​ល្ងាច​និង​យប់ ខណៈដែល​ព្យុះ​ទី​បី ឈ្មោះ ជែ​ឡា​វ៉ា​ត់ ( Jelawat) បាន​ឡើង​កម្រិត​ពី​កូន​ព្យុះ​ទៅជា​ព្យុះ​កម្រិត​មួយ​(​ពី​TS ទៅ sTS) ។​

​ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​​​នៅ​ថ្ងៃទី​២៩​ខែមីនា​ថា ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃទី​២៩​ខែមីនា​ដល់​ថ្ងៃទី​១​ខែមេសា គឺ​កើតមាន​ដូច​ការជូនដំណឹង​រប​ស់​ក្រសួង​កាលពី​ថ្ងៃទី​២៦​ខែមីនា ដោយ​ពេលនេះ​ភ្លៀង​កក់ខែ ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​ ​“​ភ្លៀង​កក់ខែ​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ នៅតាម​តំបន់​ខ្ពង់រាប​និង​ដេញ​ចុះមក​តំបន់​ទំនាប​កណ្តាល​ភាគច្រើន​នៅពេល​ល្ងាច​និង​យប់​។​ចំពោះ​ព្យុះ​ទី​បី​ឈ្មោះ​ជែ​ឡា​វ៉ា​ត់​បាន​ឡើង​កម្រិត​ពី​កូន​ព្យុះ​ទៅជា​ព្យុះ​កម្រិត​១ តែ​វា​នឹងមិន​ទៅដល់​ជប៉ុន​ទេ គឺអាច​រលាយ​ទៅវិញ​នៅក្នុង​សមុទ្រខាងកើត​ប្រទេស​ជប៉ុន​។​

​ ​កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​២៩​ខែមីនា​ដល់​ថ្ងៃទី​០១​ខែមេសា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​សម្ពាធ​ទាប​មួយ និង ខ្យល់​បក់​មកពី​ទិសខាងកើត​នៃ​សមុទ្រ​ចិន​ខាងត្បូង ។

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា នៅ​អំឡុង​ពេលនោះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​៕មន

ទិដ្ឋភាពភ្លៀងកក់ខែនៅស្រុកមួយចំនួននៃខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៩មីនា(រូបធនធានទឹក)