ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ កសិករ​ខេត្ត​កំពង់​ឆ្នាំ​កំពុង​ញាប់ដៃ​ញាប់ជើង​បង្កបង្កើន​ស្រូវ​ ​

1092
ចែករម្លែក

(​កំពង់ឆ្នាំង​) ៖ គិត​មកដល់​ពាក់កណ្តាល​ខែកក្កដា​នេះ ខេត្តកំពង់ឆ្នាំង បានទទួល​របប​ទឹកភ្លៀង​ដើមរដូវ​ជា​មធ្យម​ចំនួន​ជង​៦៤១​មី​លី​ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០១៦ ចំនួន​ជាង​២៣៣​មី​លី​ម៉ែត្រ ជា​ចំនួន​ទឹកភ្លៀង​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ប្រជាកសិករ​ចាប់ផ្តើម​បង្កបង្កើន​​ផល​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ឲ្យ​ទាន់​ដើមរដូវ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍​ក្នុងស្រុក​មួយ​។​
​ ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង កាលពី​ចុង​សប្តាហ៍​មុននេះ បាន​ឲ្យ​ដឹងថា​គិត​មកដល់​ពេល​​នេះ របប​ទឹកភ្លៀង​ទទួលបាន​នៅតែ​ច្រើនជាង​ឆ្នាំ​កន្លងទៅ ហើយ​ប្រជាកសិករ​កំពុងតែ​ខំប្រឹងប្រែង​ក្នុងការ​បង្កបង្កើនផល ។​ដោយ​ឡែក​សំណាប ដែល​សាប​រួច មាន​ប្រមាណ​ជាង​៤​ពាន់​ហិកតា ដាំ​ដុះ​បាន​ប្រមាណ​ជាង​៨​ម៉ឺន​ហិកតា​និង​ភ្ជួរ​រាស់​ដាំ​ដុះ​បាន​ជាង​៨​ម៉ឺន​​ហិកតា​។ ក្នុងនោះ​ព្រោះស្រូវ​ដើមរដូវ ស្រូវស្រាល​បាន​ជាង​៨​ពាន់​ហិកតា ស្រូវកណ្តាល បាន​ជាង​៥​ម៉ឺន​ហិកតា ស្រូវធ្ងន់ បាន​ជិត​៣​ម៉ឺន​ហិកតា និង​ស្រូវ​ឡើង​ទឹក បាន​ជាង​២​រយ​ហិកតា​។​
​ ​
​លោក បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ដំណាំ​ស្បៀង និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​អនុវត្តបាន​ជិត​៤​ពាន់​ហិកតា​លើ​ផែនការ​៧​ពាន់​៨០០​ហិកតា មានដូចជា ដំណាំ​ពោត​ដាំ ដំឡូងជ្វា បន្លែ ដំឡូង​មី សណ្តែក បាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ ឪឡឹក សណ្តែកដី និង​ដំឡូងឈើ​។​
​ ​
​លោក បាន​បញ្ជាក់ថា ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧​នេះ​មក ពុំមាន​សត្វ​គោក្របី​ឈឺធ្ងន់ធ្ងរ​នោះទេ ដោយ​បច្ចុប្បន្ន​មន្ត្រី​បសុពេទ្យ​កំពុង​​បន្ត​ជួយ​ពិនិត្យ​គ្រប់​ទីកន្លែង​ផងដែរ​។​
​ ​
​លោក បាន​បន្ថែមថា ខណៈពេល​ប្រជាកសិករ​កំពុង​សស្រាក់​សស្រាំ​ខិតខំ​បង្កបង្កើនផល​នៅ​គ្រប់​ទីកន្លែង ទន្ទឹម​នោះដែរ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក កំពុង​ត្រៀម​ចុះជួយ​ប្រជាពលរដ្ឋ​ណា​ដែល​ជួប​នូវ​ការខ្វះ​ទឹក​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​៕ដោយ៖វិបុល