ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​នៅ​វៀតណាម ស្រប​ពេលដែល ខ្យល់ព្យុះ​មួយទៀត សំដៅ​មក​

233

​សម្ពាធ​ទាប​តំបន់​ត្រូពិច​បាន​បង្ក​ជា​ខ្យល់ព្យុះ ដែល​បក់បោក​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា​សមុទ្រ​ខាងកើត និង ត្រូវបាន​ព្យាករណ៍​ថា​នឹង​អាច​បង្កឱ្យមាន​ភ្លៀង​ខ្លាំង​នៅ​តំបន់​ភាគ​ខាងជើង​និង​នៅ​បណ្តា​ខេត្ត​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​២៥ កក្កដា​។​

​មណ្ឌល​ព្យាករណ៍​អាកាសធាតុ​ជាតិ​វៀតណាម (NCHMF) ដែល​ព្យាករណ៍​អាកាសធាតុ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ថា ខ្យល់ព្យុះ​នេះ មាន​ល្បឿន​ជិត​១៤០​គីឡូម៉ែត្រ ដោយ​បង់​បោក​លើ​កោះ​ហៃ​ណាន​របស់​ចិន នៅ​ភាគ​អាគ្នេយ៍​។​

​ខ្យល់ព្យុះ​នេះ ត្រូវបាន​រំពឹងថា​នឹងមាន​ល្បឿន​២១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​អាច​នឹង​បក់បោក​លើ​សមុទ្រ​វៀតណាម​នៅ​ភាគ​អាគ្នេយ៍ នៅ​ថ្ងៃ​អង្គារ ដោយ​អាច​បង្ក​ជា​ភ្លៀង​ខ្លាំង ចាប់ពី​ខេត្ត​ថា​ញ់​ហ័​រ​ទៅដល់​ខេត្ត​ធួ​ធៀន​វ៉េ នៅថ្ងៃនោះ​។​

​ខ្យល់ព្យុះ​សុន​កា (Sonca) នេះ គឺជា​ខ្យល់ព្យុះ​ទី​៤ ដែល​បក់បោក​លើ​សមុទ្រ​ខាងកើត​នេះ​នៅ​ឆ្នាំនេះ ។ ខ្យល់ព្យុះ​ថា​ឡាស ដែលជា​ខ្យល់ព្យុះ​ទី​២ បាន​បក់បោក​ខ្លាំង​លើ​ប្រទេស​វៀតណាម ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៨​នាក់ និង​បានធ្វើឱ្យ​ខូចខាត​ផ្ទះ​និង​ផ្លូវ​ជាច្រើន​នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​និង​កណ្តាល​នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​បាន​បង្កឱ្យមាន​ការ​រលំ​បាក់​ដី កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​៕ ដោយ៖ សុខា

​ទឹកជំនន់ ជន់​លិច​ផ្លូវ បន្ទាប់ពី​ភ្លៀង​ខ្លាំង​នៅ​ខេត្ត​យេន​បៃ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៨​ខែកក្កដា