ភ្លៀង​បាន​ធ្លាក់​នៅ​ស្រុក​មួយចំនួន​នៃ​ខេត្តបន្ទាយមានជ័យ​ខណៈ​២៨​ខ្នង​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​

997
ចែករម្លែក

​ដោយ : ប​.​ជ័យ​/ បន្ទាយមានជ័យ :​ភ្លៀង​បាន​បន្ត​ធ្លាក់​នៅ​ស្រុក​មួយចំនួន​របស់​ខេត្តបន្ទាយមានជ័យ​ខណៈ​ផ្ទះ​ពលរដ្ឋ​២៨​ខ្នង​នៅ​ស្រុក​មង្គល​បូរី​, អូរជ្រៅ​, ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ ។​

រូបថត : ផ្ទះ​ពលរដ្ឋ​២៨​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​នៅ​៤​ស្រុក​ក្នុង​ខេត្តបន្ទាយមានជ័យ​(​រូប​:​ប​.​ជ័យ​)​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៧​ខែ​មេសា​ថា​ភ្លៀង​កក់ខែ​បាន​បន្ត​ធ្លាក់​នៅ​ស្រុក​មួយចំនួន​របស់​ខេត្ត​នៅ​ថ្ងៃទី​១៧​ខែមេសា​នេះ​។​លោក​បន្តថា​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១៥​មេសា​កន្លង​ទៅបាន​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​២៨​ខ្នង​នៅ​បួន​ស្រុក​ក្រុង​។​ក្នុង​នោះ​នៅ​ស្រុក​មង្គល​បូរី​១៤​ខ្នង​,​ស្រុក​អូរជ្រៅ​១០​ខ្នង​,​ក្រុង​ប៉ោយប៉ែត​៣​ខ្នង​និង​ស្រុក​ម៉ាឡៃ​មួយ​ខ្នង​។​

លោក​បន្តថា ខ្យល់​កន្ត្រាក់​បាន​បោកបក់​ប​ង្ភ​ភ័យខ្លាច​និង​ខូចខាត​ដូចខាងលើ មិន​បណ្តាល​ឲ្យ​ពលរដ្ឋ​ណា​រង​របួស​ឬ​បាត់បង់​ជីវិត​ឡើយ​។​វា​ជា​ខ្យល់​កន្ត្រាក់​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​។​លោកស្នងការ​បន្តថា ខ្យល់​កន្ត្រាក់​នោះ​កើតឡើង​ពេល​មាន​ភ្លៀង​កក់ខែ​។​មកទល់​ព្រលប់​ថ្ងៃទី​១៧ មេសា នៅមាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាយប៉ាយ​យ​ក្នុងភូមិ​ស្រុក​មួយចំនួន ហើយ​ក៏មាន​ខ្យល់​មក​ខ្លះទៀត​។​

លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​គ្រោះធម្មជាតិ​នោះមក មន្ត្រី​អាជ្ញាធរ កង​ទ័ព នគរបាល​និង​កងរាជអាវុធហត្ថ​រាប់សិប​នាក់​បានចេញ​ជួយ​អន្តរាគមន៍ សួរសុខទុក្ខ រំលែក​ការលំបាក​និង​ជួយ​ជុស​ជុល​ផ្ទះ​ឡើងវិញ​។ ក្នុងនោះ ផ្នែក​សម្ភារ​:​មាន​សង្ក​សី ដែកគោល ឈើ​..​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​ជួយផ្តល់​ឲ្យ​៕មន

#