ភ្លៀង​មួយ​មេ​ធំ​កាលពី​យប់​ពន្លិច​មុខ​ព្រលានយន្តហោះ​និង​ផ្សារ​ឯករាជ​២​ខ្លាំងក្លា​

874
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ភ្លៀង​មួយ​មេ​ធំ​កាលពី​យប់​ម៉ិ​ញ បាន​ពន្លិច​តំបន់​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅខាងមុខ​ព្រ​លា​ន្ត​យន្ត​អន្តរជាតិ​ភ្នំពេញ ក្បែរ​នឹង​រង្វង់​មូល​ចោមចៅ និង​តំបន់​ផ្សារ​ឯករាជ​២ ស្ថិតនៅ​ក្បែរ​ផ្សារ​ជម្ពូ​វន្ត​បានធ្វើឱ្យ​ផ្លូវថ្នល់ និង​ផ្ទះ​ពលរដ្ឋ​មួយចំនួន​លិច​ដោយ​ទឹកភ្លៀង​។​

ទឹកភ្លៀង​ជន​លិច​ផ្លូវ​នៅខាងមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​និង​ផ្លូវ​ខាងមុខ​ផ្សារ​ឯករាជ​២​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​(​រូប​៖​ដេប៉ូ​)

​បើទោះបី​ទឹកភ្លៀង​បាន​ជន​លិច​ជាច្រើន​ម៉ោង​ហើយ​ក្តី ដោយ​គិត​រហូតមកដល់​ជិត​ថ្ងៃត្រង់​ទី​១៣​ខែតុលា​ឆ្នាំ​២០១៨​នេះ គេ​ឃើញ​ជំនន់​ទឺ​ក​ភ្លៀង​នៅតែ​ពន្លិច​ដងផ្លូវ​ដែល​ធ្វើឱ្យ​អ្នកដំណើរ ឆ្លងកាត់​ផ្លូវ​ទាំងពីរ​នេះ​ជួប​ការលំបាក​យ៉ាងខ្លាំង​។​

​ជាមួយ​ទឹ​កក​ខ្វក់​លិច​តាម​ដងផ្លូវ​និង​មួយ​ភាគ​ទៀត​លិច​ចូល​តាម​ផ្ទះ​នេះដែរ​ពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ការមិន​ពេញចិត្ត​និង​ធ្វើការ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ទឺ​ក​លិច​ផ្លូវ​ដែល​កើត​នៅ​តំបន់​ទាំងនេះ​ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​ដដែល​ជា​ដដែល​។​ពិសេស​តំបន់​ភូមិ​ព្រៃ​ព្រីង​ខាងជើង​មុខ​ផ្សារ​ឯករាជ​២​ទឺ​កក​ខ្វក់​មិន​ត្រឹម​លិចលង់​តាម​ដងផ្លូវ​ទេ​ថែមទាំង នៅ​ជន់​លិច​ចូល​ផ្ទះសម្បែង​ពួកគាត់​បង្ក​ឱ្យ​ខូចខាត​សម្ភារៈប្រើប្រាស់​និង​ចំណីចំណុក ថែមទៀត​។​

​ពលរដ្ឋ​មួយរូប​រស់នៅ​តំបន់​ជិត​ផ្សារ​ឯករាជ​២ បាន​ប្រាប់ថា គាត់​ឈ្មោះ ធា​វី បានមក​រស់នៅ​តំបន់​នេះ​ជាង​៤​ទៅ​៥​ឆ្នាំ​មកហើយ ឃើញថា តំបន់​ផ្លូវ​នេះ​រៀងរាល់​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​ទឺ​ក​ភ្លៀង​តែង​ជន់​លិច​ស្ទើរ​ជាប់​ជាប្រចាំ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​មិន​បានឃើញ​អាជ្ញាធរ​មូលដ្ឋាន ឬ​សូម្បីតែ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​ពួកគាត់​នៅឡើយ​ទេ​។​

​ស្ត្រី​រូបនេះ​បាន​ប្រាប់​បន្ថែមថា ប្រព័ន្ធ​លូ​នៅ​តំបន់​ផ្លូវ​នេះ ត្រូវបាន​កកស្ទះ​និង​លូ​ខ្លះ​មិនអាច​រំដោះ​ទឹក​ចេញ​បាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​រៀងរាល់​ភ្លៀង​ខ្លាំង​ម្តងៗ ទឹកបាន​ពន្លិច​ទាំង​លើ​ដងផ្លូវ​នេះ និង​ផ្ទះ​របស់​ពួកគាត់​ជានិច្ច​។​

​ជាមួយគ្នានេះ​លោក សាវឿន​ដែលជា​អ្នករត់ម៉ូតូឌុប​មួយរូប​នៅ​តំបន់​នេះ​បាន​ប្រាប់​ដែរ​ថា​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​មិន​ត្រឹមតែ​ម៉ូតូ​ឆ្លងកាត់​ទីនេះ​រលត់​ទេ សូម្បីតែ​រថយន្ត​មួយចំនួន​ទឺ​ក​ចូល​ត្រូវ​រលត់​ម៉ាស៊ីន​ខូច​ទៀតផង​។ ដោយឡែក​ស្ត្រី​វ័យ​ចំណាស់​មួយរូប​ឈ្មោះ​ចាន់​អេង​បានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ល្មម​ដោះស្រាយ​បញ្ហា​ទឺ​ក​លិច​ផ្លូវ​និង​លិច​ចូល​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​នេះហើយ​។​

​គួរ​បញ្ជាក់ថា​រៀងរាល់​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​តំបន់​ខាងមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តំបន់​ផ្សារ​ឯករាជ​២ និង​តំបន់​ជាច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ទឹកបាន​ជន​លិច​បន្តបន្ទាប់​។​
​ទោះបីយ៉ាងណា​សាលា​រាជធានី​ភ្នំពេញ​តែង​បានលើកឡើង​ដែរ​ថា ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​គ្រប់កន្លែង​បានធ្វើការ​អភិវឌ្ឍន៍ ហើយ​បញ្ហា​ទឹកភ្លៀង​លិច​ផ្លូវ​បាន​ដោះស្រាយ​យ៉ាងច្រើន​។ ជាមួយគ្នា​ចំពោះ​ទឹកភ្លៀង​ជន់​លិច​ផ្លូវ​ក៏​កើតឡើង​រយៈពេល​ខ្លីៗ តែង​ហូរ​អស់ៗ​ទៅវិញ​ទៀតផង​៕