ភ្លៀង​រារាំង​ដល់​ការស្វែងរក​អ្នក​នៅរស់​ពី​ការបាក់​ទំនប់ទឹក​នៅ​ឡាវ​

3080
ចែករម្លែក

ពួកអ្នកជួយសង្រ្គោះកំពុងជម្នះនឹងការធ្លាក់ភ្លៀងថ្មីដើម្បីចូលទៅដល់មនុស្សរាប់សិបនាក់ដែលនៅបាត់ខ្លួនឬជាប់កណ្តាលទឹកល្ហល្ហេវនៅឡាវខាងត្បូង ក្រោយពីការបាក់ទំនប់វារីអគ្គិសនីមួយដែលរហូតមកទល់ពេលនេះបានសម្លាប់​មនុស្ស២៦នាក់ និង១៣១នាក់នៅបាត់ខ្លួន។

ពួកអ្នកស្រុកដែលមានការភិតភ័យ ជ្រកនៅលើដំបូលផ្ទះឬក៏ភៀសខ្លួនទៅកាន់មណ្ឌលជម្លៀស។ទូកនិងឧទ្ធម្ភាគចក្រក៏ត្រូវបានបញ្ជូនទៅដឹកមនុស្សដែលជាបើក្នុងទឹកជំនន់។

អំពីជំនួយអន្តរជាតិ វៀតណាមបានបញ្ចូនបុគ្គលិកយោធានិងពេទ្យទៅគាំទ្រកិច្ចការជួយសង្រ្គោះ។សារព័ត៌មាន​វៀតណាមបាននិយាយថា ជនជាតិវៀតណាម២៦នាក់ដែលជាប់ក្នុងទឹកជំនន់ក្រោយការបាក់ទំនប់ត្រូវបានជួយសង្រ្គោះតាមឧទ្ធម្ភាគចក្រទៅកាន់ទីមានសុវត្ថិភាពនិងវិលទៅកាន់វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី២៦កក្កដា។ពួកគេជានិយោជិតនៃក្រុមហ៊ុនវៀតណាមមួយ។

ក្នុងពេលជាមួយគ្នាថៃ ក៏កំពុងត្រៀមបញ្ជូនក្បួនដឹកជំនួយសង្រ្គោះ និងនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចានអូចា បានប្រគល់ថវិការបស់រដ្ឋាភិបាលថៃចំនួន៥លានបាតទៅជួយជនរងគ្រោះដៅយទឹកជំនន់តាមរយៈស្ថានទូតឡាវនៅក្រុងបាងកក។ចំណែកបណ្តាក្រុមហ៊ុនថៃដែលធ្វើការរកស៊ីនៅឡាវក៏ជួយប្រាក់១,៤លានដុល្លារតាមរយៈក្រសួងការងារឡាវ។

ក្រសួងការបរទេសចិនក៏បាននិយាយថាខ្លួនមានបំណងផ្តល់ការគាំទ្រយ៉ាងសកម្មនិងជំនួយដល់ការងារសង្រ្គោះមហន្តរាយនៅឡាវ។ក្រុមអ្នកជួយសង្រ្គោះចិនក៏បានចូលរួមការងារស្វែងរកនិងជួយសង្រ្គោះកាលពីថ្ងៃព្រហស្បតិ៍ ជិតកន្លែងបាក់ទំនប់ទឹក។

សារព័ត៌មានរដ្ឋបាននិយាយថា មនុស្សប្រមាណ៣.០០០នាក់បានក្លាយជាគ្មានផ្ទះដោយសារទឹកលិច ដោយមួយចំនួនប្រជ្រៀតគ្នានៅលើដំបូលឬធ្នឹមផ្ទះដើម្បីគេចពីទឹកពណ៌ត្នោត។

ត្រា ន់ វ៉ាន់ បៀន អាយុ៤៧ឆ្នាំ មកពីភូមិបាន​ម៉ាយ ជិតទំនប់ទឹកដែលបាក់បាននិយាយថា លោកត្រូវបានគេប្រាប់មុនតែ២ម៉ោងមុនទំនប់បាក់ កាលពីល្ងាចថ្ងៃចន្ទ ។

ទំនប់វារីអគ្គិសនីតំលៃ១,២ពាន់លានដុល្លារនេះ ជាការវិនិយោគរួមរវាងឡាវ ក្រុមហ៊ុនកូរ៉េខាងត្បូង២ និងបានប្រាក់កំចីពីថៃខ្លះ ។វាត្រូវបានកំពុងសាងសង់បាន៩០ភាគរយនិងគ្រោងដាក់ដំណើរការនៅឆ្នាំក្រោយដោយចរន្តអគ្គិសនី៩០ភាគរយត្រូវលក់ទៅអោយថៃ។

ទំនប់វារីអគ្គិសនីកម្លាំង៤១០មេហ្កាវ៉ាតនេះជា រោងចក្រវារីអគ្គិសនីមួយក្នុងចំណោមរោងចក្រដូច្នេះជាង៥០​នៅឡាវ ជាហេតុនាំអោយអោយប្រទេសមិនបានដីជាប់សមុទ្រមួយនេះក្លាយជា”ធុងអាគុយនៃអាស៊ី”ហើយពឹងផ្អែកលើអគ្គិសនីស្ទើរទាំងស្រុងសម្រាប់ការនាំចេញ។

រដ្ឋាភិបាលក្រុងវៀងចន្ទបាននិយាយថា ខ្លួនចង់បង្កើនសមត្ថភាពផលិតថាមពលទ្វេដងរហូតដល់២៨.០០០មេ​ហ្កាវ៉ាត​នៅត្រឹមឆ្នាំ២០២០និងបើកទ្វារសម្រាប់វិនិយោគបរទេស ភាគច្រើនទៅពីចិន ថៃនិងវៀតណាម ដើម្បីសង់ទំនប់ទឹកលើបណ្តាញខ្សែទន្លេដ៏វែងរបស់ខ្លួន។តែគំរោងខ្លះរងការរិះគន់ពីក្រុមសិទ្ធិមនុស្សនិងបរិស្ថានដោយសារ​វាប៉ះពាល់សហគមន៍និងជីវចម្រុះព្រមទាំងរបបទឹកនៅខ្សែទឹកខាងក្រោម៕ដោយ៖វាសនា

ទឹកពណ៌ត្នោតកំពុងពន្លិចភូមិឡាវហើយភ្លៀងកំពុងរំខានដល់ការងារជួយសង្រ្គោះ

ពួកអ្នកស្រុក ប្រើក្បូនចម្លងអ្នកដំណើរកាត់ទន្លេក្រោយទឹកឡើងដោយសារការបាក់ទំនប់

នាយករដ្ឋមន្រ្តីថៃផ្តល់ថវិការដ្ឋជួយដល់ជនរងគ្រោះដោយជំនន់នៅឡាវ

ថៃត្រៀមបញ្ជូនជំនួយទៅកាន់ប្រទេសឡាវ


ឧទ្ធម្ភាគចក្រវៀតណាមជួយនិយោជិតនៃក្រុមហ៊ុនវៀតណាមមួយចេញពីតំបន់ជន់លិច