ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឯក​ភ្នំ​ខូចខាត​ផ្ទះ​៤​ខ្នង​

999
ចែករម្លែក
ផ្ទះ​រលំ​រាប​ដល់​ដី និង​របើក​ដំបូល (​រូប​៖ គ្រញូង​)​

(​បាត់ដំបង​)៖ កាលពី​ម៉ោង​៤​កន្លះ រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​អាង​ភាស ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ មាន​ភ្លៀង​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង និង​របើក​ដំបូលផ្ទះ​ចំនួន​២​ខ្នង សរុប​ទាំងអស់​ចំនួន​៤​ខ្នង​។ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ​។​

​លោក ខែម សុភ​ក្ត្រា មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់បោក​មក​ចំ​ចំណុច​អាង​ភាស ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ផ្ទះ ក្នុងនោះ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​២​ខ្នង និង​របើក​ដំបូលផ្ទះ​ចំនួន​២​ខ្នង​។ ផ្ទះ​ជនរងគ្រោះ​ទាំង​៤​ខ្នង​មាន​១-​ឈ្មោះ ជុំ​-​មៀន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ខូចខាត​ទាំងស្រុង​មាន ទទឹង​៧ ម៉ែត្រ​បណ្ដោយ​៨​ម៉ែត្រ ២-​ឈ្មោះ ឯ​-​អែម​ភេទ​ប្រុស អាយុ​៦១​ឆ្នាំមាន​ទទឹង​៥​ម៉ែត្រ បណ្ដោយ​៦​ម៉ែត្រ​រលំ​ទាំងស្រុង ៣-​ឈ្មោះ សុំ​-​រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ផ្ទះ​ទទឹង​៤​ម៉ែត្រ បណ្ដោយ​៥​ម៉ែត្រ របើក​ដំបូល និង​៤-​ឈ្មោះ ចាន់​-​ម៉ាច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ផ្ទះ​ទទឹង​៣​ម៉ែត្រ បណ្ដោយ​៤​ម៉ែត្រ​របើក​ដំបូល​។​

​ក្រោយ​ភ្លៀង​រាំង​កម្លាំង​សមត្ថកិច្ច​ស្រុក បាន​ចុះជួយ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ស្រុក និង​ខេត្ត ដើម្បី​ជួយ​ដោះស្រាយ​ដល់​ពួកគាត់ ដែល​ជួប​គ្រោះធម្មជាតិ​៕L ដោយ : គ្រញូង

ផ្ទះ​រលំ​រាប​ដល់​ដី និង​របើក​ដំបូល (​រូប​៖ គ្រញូង​)​