មកដល់ពេលនេះ មន្ត្រី​សាធារណៈ​ដែលមាន​ប័ណ្ណសមាជិក ប​.​ស​.​ស សរុប​ជាង​១៥​ម៉ឺន​នាក់

135

​ដោយ ពៅ និមល / ភ្នំពេញ​: ក្នុងចំណោម​សមាជិក​ជា​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​សរុប​ជាង​៣០​ម៉ឺន​នាក់ គិត​មកដល់ពេលនេះ​មាន​មន្ត្រី​សាធារណៈ ដែលមាន​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដែល​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព ដោយ​ឥត​ឥត​ថ្លៃ (​មិន​បង់ប្រាក់​) សរុប​ចំនួន​ជាង​១៥​ម៉ឺន​នាក់​។ នេះ​តាម​ការអះអាង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ប​.​ស​.​ស​។​

​ការលើកឡើង​ដូច្នេះ​របស់លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​នាយ​កប​.​ស​.​ស បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណសមាជិក​ប​.​ស​.​ស ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​កិច្ចការនារី​ចំនួន​៩៣៥​ប័ណ្ណ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​កិច្ចការនារី​។ លោកនាយក​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ប​.​ស​.​ស បានផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ដល់​សមាជិក​ដែលជា​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​បាន​ចំនួន​ជាង​២៥​ម៉ឺន​ដង​-​នាក់ នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស តាមរយៈ​ការប្រើប្រាស់​ប័ណ្ណសមាជិក​។

​លោក សមវិទ្យា បញ្ជាក់ថា ប​.​ស​.​សនឹង​បន្ត​កិច្ចសហការ​ក្នុងការ​រ​ផ្ដល់​ប័ណ្ណសមាជិក​ជូន​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទៅដល់​ក្រសួង ស្ថាប័ន​មួយចំនួនទៀត ដែល​ប​.​ស​.​ស មិនទាន់​បានធ្វើ​កិច្ចសហការ​ក្នុងការ​ផ្ដល់​ប័ណ្ណ​សម្រាប់​ការ​ទៅ​ទទួល​សេវា​របប​សន្តិសុខ​សង្គម នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស​។​

​ក្នុងឱកាស​នោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​វាយតម្លៃថា ប័ណ្ណសមាជិក ប​.​ស​.​ស គឺជា​សមិទ្ធផល​ដ៏​ល្អ​មួយ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​មន្ត្រីរាជការ និង​កម្មករនិយោជិត​។

​អនុលោម​តាម​ប្រកាស​អន្តរក្រសួង​ក្នុង​ឆ្នាំ​២០១៦ ស្តីពី​កិច្ចព្រមព្រៀង​ការប្រើប្រាស់​និង​ការផ្តល់សេវា​សុខាភិបាល រវាង​ប​.​ស​.​ស និង​មូលដ្ឋាន​សុខាភិបាល​សម្រាប់​ផ្នែក​ថែទាំ​សុខភាព ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​មូលដ្ឋាន​សុខាភិបាល​ចាប់ពី​ថ្នាក់​មណ្ឌល​សុខភាព​រហូតដល់​ថ្នាក់ជាតិ​ចំនួន​១.៣៣៥​មូលដ្ឋាន​សុខាភិបាល ក្នុងនោះ​មាន​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​១.២៩២ និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​៤៣​មូលដ្ឋាន​សុខាភិបាល ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​ជូន​សមាជិក ប​.​ស​.​ស ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕