មកដល់​បាងកក​កុំ​ភ្លេច​ឈាន​ទៅលេង​ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង​…​ធានា​មិន​ស្តាយក្រោយ​

2521
ចែករម្លែក
  • 88
    Shares

​ក្រុង​បាងកក​គឺជា​ទីក្រុង​មួយ​ដែល​សម្បូរ​ផ្សារ​គ្រប់​ប្រភេទ មាន​ទាំង​ផ្សារ​បណ្តែត​ទឹក ផ្សារ​តាម​ចិញ្ចើមថ្នល់ ផ្សារ​រាត្រី និង ផ្សារ​តាម​ផ្លូវដែក​។ ចង់​ស្គាល់​បទពិសោធន៍​ដ៏​ទាក់ទាញ​បំផុត​របស់​ក្រុង​បាងកក គឺ​ត្រូវ​ទៅ​ទស្សនា​នៅ​ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង (Maeklong Railway Market)!

​មួយ​នាទី​ដំបូង​ពេល​ដើរ​ចូលដល់​ផ្សារ​នោះ​ភ្លាម គឺមាន​សភាព​អ៊ូអរ​ខ្លាំង​មិន​នឹកស្មាន​ដល់​ភ្លែត ជាមួយ​តូប​ក្រោម​ឆត្រ​មាននៅ​គ្រប់​ទីកន្លែង​។ នៅ​នាទី​បន្ទាប់​ទៀត រថភ្លើង​បាន​បើក​ឆ្លងកាត់​ចំ​កណ្តាល​ផ្សារ ហើយ​ត្រឹមតែ​ប៉ុន្មាន​វិនាទី វា​បាន​ត្រឡប់មក​ក្លាយជា​ផ្សារ​ធម្មតា​វិញ​។​

​ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង គ្រាន់តែ​ជា​ចំណុច​ទាក់ទាញ​ទេសចរណ៍​មួយ​ប៉ុណ្ណោះ ក្នុងចំណោម​ទីតាំង​ទាក់ទាញ ៥០ កន្លែង​ក្នុង​តំបន់​ជុំវិញ​ក្រុង​បាក​កក​។

​តើ​មាន​អ្វី​ពិសេស​នៅ​ផ្សារ​នេះ​?

​ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង គឺជា​ផ្សារ​តូច​មួយ​នៅលើ​ផ្លូវដែក​ក្បែរ​ស្ថានីយ៍​រថភ្លើង​មែ​ក្លង​។ នៅពេល​គ្មាន​រថភ្លើង​បើក​ឆ្លងកាត់ អ្នក​អាច​បំភ្លេចចោល​ថា​ទីនោះ​ជា​កន្លែង​បម្រើសេវា​រថភ្លើង​។ នៅពេល​រថភ្លើង​ចុច​ស៊ី​ផ្លេ​ពី​ចម្ងាយ ផ្សារ​នេះ​នឹង​ប្រែ​ក្លាយទៅជា​ខ្សែ​រថភ្លើង​ដូច​ធម្មតា​។​

​ផ្សារ​នេះ​ត្រូវបាន​គ្របដណ្តប់​នៅក្រោម​ដំបូល​តង់​តូចៗ​ហើយ​មាន​សកម្មភាព​ជាច្រើន​កើតឡើង​នៅ​ទីនោះ​។ អ្នកដើរ​ទិញ​អីវ៉ាន់​ក្នុងស្រុក ដើរ​យឺតៗ​គ្រប់កន្លែង​ដើម្បី​រកមើល​អាហារ​ស្រស់ៗ​។ ត្រូវ​អត់ធ្មត់​បន្តិច នៅពេល​អ្នក​កំពុង​ដើរ​នៅទីនេះ បើ​មិន​ដូច្នោះ​ទេ​អ្នកនឹង​ខកចិត្ត​ជាមិនខាន​។​

​ខណៈពេលដែល​អ្នក​កំពុង​ដើរ​ជុំវិញ​ផ្សារ អ្នក​ប្រហែលជា​នឹង​កត់សម្គាល់ឃើញ​ម្ចាស់​តូប​លក់ដូរ​ពាក់កណ្តាល​កំពុង​ដេកលក់​។ អ្វីដែល​ល្អ​ប្រពៃ​បំផុត​នោះ គឺ​គ្មាន​អ្នកលក់​ណា​ម្នាក់​យក​វត្ថុ​អនុស្សាវរីយ៍​ថោកៗ​មក​បង្ខំ​ឱ្យ​អ្នកទិញ​នោះទេ​។ នេះហើយ​ជា​ចំណុច​ពិសេស​របស់​ផ្សារ​តូច​ល្អិត​មួយ​នេះ​។​

​នៅ​ផ្សារ​នេះ មាន​លក់​អាហារ​ស្រស់​ជាច្រើន​ប្រភេទ ប៉ុន្តែ​សម្រាប់អ្នកទេសចរ ដែល​គ្មាន​ចង្ក្រាន​ដាក់​តាម​ខ្លួន ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​អាហារ​ស្រស់​នោះទេ​។

​ក៏មាន​ផ្លែឈើ​ស្រស់ៗ​លក់​ផងដែរ ហើយ​កុំ​ភ្លេច បើ​ចង់បាន​វត្ថុ​អនុស្សាវរីយ៍ គួរ​ទិញ​កូ​ឡាប​ស្រស់​ពី​ផ្សារ​នេះ​។ ហើយ​កុំ​ភ្លេច​ឱ្យសោះ នេះ​ជា​ខែ​ទុរេន អ៊ីចឹង​ទេ​គួរ​ទិញ​ទុរេន​ញ៉ាំ​ផង វា​មាន​រសជាតិ​ឆ្ងាញ់​ណាស់​។

​នៅ​ជុំវិញ​ផ្សារ​មាន​ភោជនីយដ្ឋាន​តូចៗ​ជាច្រើន ដែល​លក់​អាហារ​និង​ភេសជ្ជៈ​ផ្សេងៗ​រួមទាំង​បង្អែម ដែល​ត្រូវ​ចំណាយ​ជា​មធ្យម​ត្រឹម ១០០ បាត​ប៉ុណ្ណោះ​។ វា​ជាត​ម្លៃ​សមរម្យ​ណាស់​។​

​ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​សាមុត សុង​ក្រាម​។ គេ​ត្រូវ​ធ្វើដំណើរ ១ ម៉ោង​ពី​ភាគ​និរតី​ក្រុង​បាងកក គឺ​រំលង​ខេត្ត​សាមុត​សា​ខន​មួយ​ទើប​ទៅដល់​។

​ហើយ​នៅពេល​ទៅដល់​ផ្សារ​នេះ រួច​ចង់​ស្នាក់នៅ​មួយ​យប់ សូមកុំ​បារម្ភ​ខ្វះ​កន្លែង​គេង ។ នៅ​ជុំវិញ​ផ្សារ​មានផ្ទះ​សំណាក់ និង សណ្ឋាគារ​រមណីយដ្ឋាន​ជាច្រើន​រង់ចាំ​ស្វាគមន៍ ២៤ ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

ផ្សារ​ផ្លូវ​រថភ្លើង​មែ​ក្លង មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​សាមុត សុង​ក្រាម ភាគ​និរតី​ក្រុង​បាងកក