មកពី​ចង់​បម្រើ​ជាតិ​ខ្លាំងពេក ទើប​ចូលធ្វើ​ប៉ូលិស​ទាំង​ក្មេង​…!

378
ចែករម្លែក

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបថត​របស់ លោក​ប៉ូលិស​ស័ក្តិ​បួន​មួយរូប​។​រូបភាព​ត្រូវបាន​គេ​ចែកចាយ និង​បញ្ចេញ​មតិយោបល់​ផ្សេងៗ​ពីគ្នា​។ នោះ​គឺ​រូបថត​របស់លោក​ប៉ូលិស​វ័យក្មេង​ពាក់​ស័ក្តិ​បួន​(​វរៈសេនីយ៍ត្រី​)​ដែល​ឪពុក​របស់លោក​ពាក់​ផ្កាយ​បួន​ឈរ​ពីមុខ​។ រីឯ​លោក​ជា​កូនប្រុស​ពៅ ឈរ​ពីក្រោយ​ប្រជុំជួរ​ក្នុង​អង្គភាព​។

​ប៉ូលិស​វ័យក្មេង​រូបនេះ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី​និង​មានមុខ​តំណែង​ជា​អនុប្រធាន នាយកដ្ឋាន​មួយ​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​។​លិខិត​តែងតាំង​ដំឡើង​តួនាទី​ដល់​លោក​ត្រូវបាន ចុះហត្ថលេខា កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨​។ លោក​វរសេនីយ៍ត្រី រូបនេះ ត្រូវជា​កូនប្រុស​ពៅ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​មួយ នៃ​ក្រសួងមហាផ្ទៃ​។

លោក​វរសេនីយ៍ត្រី​រូបនេះ​នៅពេលនេះ​បាន​ចូល​បម្រើ​ជាតិ​ក្នុង​ក្របខណ្ឌ​ប៉ូលិស​ក្រសួងមហាផ្ទៃ នៅ​អគ្គនាយកដ្ឋាន​មួយ​នោះ ដែលមាន​ឪពុក​លោក​ជា​អគ្គនាយក​កាលពី​ឆ្នាំ​២០១៧ គឺ​នៅពេលដែល​លោក​មាន​អាយុ ១៨​ឆ្នាំ​។ នៅ​ឆ្នាំ​២០១៩​នេះ លោក​មាន​អាយុ​ទើបតែ ២១​ឆ្នាំ​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ទោះបីជា​លោក​ប៉ូលិស​ស័ក្តិ ៤​ចូល​បម្រើការ​ជា​ប៉ូលិស​នៅ​អគ្គនាយកដ្ឋាន ដែលមាន​ឪពុក ជានា​យ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ ៤ ជា​អគ្គនាយក ទាំង​មិន​ខុសច្បាប់ ព្រោះ​បញ្ជី​ជាតិ ចុះ​ថា នៅ​ឆ្នាំ​២០១៩ នេះ​លោក​មាន​អាយុ ២១​ឆ្នាំ​ក៏ដោយ​ក៏​ការឡើង​ស័ក្តិ​របស់លោក​ប៉ូលិស​វ័យក្មេង ហាក់ដូចជា​លឿន​ពេក​។​

តាមច្បាប់​ទម្លាប់ ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​ឡើង​ស័ក្តិ​មួយ​ស័ក្តិៗ គឺ​យ៉ាងហោច ណាស់ ក៏​បម្រើ​ការងារ​បាន​ពីរ​ឆ្នាំ​ដែរ​។ តែ​សម្រាប់​លោក​ប៉ូលិស​វ័យក្មេង​រូបនេះ​ចូលធ្វើ​ប៉ូលិស នៅ​ឆ្នាំ​២០១៧ ហើយ​ត្រឹមតែ​ខែមករា ឆ្នាំ​២០១៩ ពាក់​ស័ក្តិ ៤​ទៅហើយ​។ រីឯ​តួនាទី​ទៀត សោត​ក៏​ឡើង​ផ្លោះ ពី​នាយរង​ការិយាល័យ ទៅជា​អនុប្រធាននាយកដ្ឋាន​តែម្តង​។
​ ​
ក្នុងតួនាទី​ជា​អនុប្រធាននាយកដ្ឋាន នៅ​ជួរ​ប៉ូលិស តាម​ធម្មតា​ជានា​យ​នគរបាល ដែលមាន​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ត្រី ផ្កាយ​មួយ​។ ដូច្នេះ​ប្រហែលជា​មិនយូរ​ទេ លោក​ប៉ូលិស​រូបនេះ នឹង​ពាក់​ផ្កាយ​មួយ ដើម្បី​ឲ្យ​ត្រូវ​នឹង​តួនាទី​តែម្តង​។​
​ ​
ប៉ុន្តែ​នៅពេលនេះ មហាជន បាន​សម្តែង​ការហួសចិត្ត នឹង​មុខមាត់​វ័យ និង​ការដំឡើង​ឋានន្តរស័ក្តិ ព្រមទាំង​តួនាទី​។ អ្នកខ្លះ​ថា ប្រហែលជា លោក​ប៉ូលិស​វ័យក្មេង​នេះ ប្រញាប់​ស្នង​តំណែង​ឪពុក​របស់ខ្លួន​ពី​ឪពុក​ទើប បានជា​លោក​ចូល​បម្រើ​ជាតិ ទាំង​វ័យក្មេង​ដូច្នេះ​។​
​ ​
ជា​ការពិតហើយ ឪពុកម្តាយ​ឯណា មិន​ចង់​ឲ្យ​កូន​មានបាន​។ ឪពុកម្តាយ​ឯណា​មិន​ចង់​ឲ្យ​កូន ឡើង​ធំ​។ ប៉ុន្តែ​ចំណង់​របស់​ឪពុកម្តាយ ក៏ត្រូវ​ឲ្យ​សម​ហេតុ សម​ផល​ដែរ ទើប​មិនមាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​។​
​ ​
ការតែងតាំង និង​ការដំឡើង​ឋានន្តរស័ក្តិ តួនាទី លឿន​ពេក​ដល់​លោក​ប៉ូលិស ដែលមាន​មុខមាត់ សាច់​នៅចាំ ហាក់ដូចជា​ក្មេង មិនទាន់​គ្រប់​អាយុ ១៨​ឆ្នាំនេះ ត្រូវបាន​មហាជន លើកឡើងថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប៉ូលិស និង​ប៉ះពាល់​មុខមាត់​របស់​រាជរដ្ឋាភិបាល ថែមទៀត​។ នេះ​ក៏​ជា​លេស​មួយទៀត សម្រាប់​អ្នក​រិះគន់ យកទៅ​វាយប្រហារ​រាជរដ្ឋាភិបាល ក៏​អាច​ថា​បាន​។​
​ ​
ដូច្នេះ​មានតែ​អគ្គនាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួងមហាផ្ទៃ​គួរតែ​ពិនិត្យឡើងវិញ ចំពោះ​លិខិតស្នើ សុំ​តែងតាំង ដំឡើង​ឋានន្តរស័ក្តិ និង​តួនាទី ដល់​មន្ត្រីក្រោមឱវាទ​។ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន ល្អិតល្អន់ ហើយ​ក្រៅពី​ពិនិត្យ​ឯកសារ​ប្រវត្តិរូប​ហើយ ក៏ត្រូវ​ជួប​មុខ​ដោយផ្ទាល់ ពិនិត្យ​មុខមាត់ រូបរាង កម្រិតវប្បធម៌ ចំណេះ​ដឹងផង ព្រោះថា បើ​ចេះតែ​បញ្ជូន​ឈ្មោះ ជូន​ថ្នាក់ដឹកនាំ​ស៊ី​ញ៉េ តាម​លិខិត​ស្នើសុំ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ ហើយ​ត្រូវ​មហាជន សើចចំអក ដូច​ករណី​ប៉ូលិស​វ័យក្មេង នេះ​ជាមិនខាន​៕ ដោយ​: ម៉េង​ឆៃ​