មកពី​ផឹកស្រា​ ខឹង​ប្រពន្ធ​ប្រើ​ ក៏​យក​សាំង​ចាក់​ដុត​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ បង្ក​ឆេះ​ប្រពន្ធ​និង​ខ្លួនឯង​

244
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល​ បាន​ឃាត់ខ្លួន​ជន​ម្នាក់​ជា​ប្ដី​ដែល​បាន​យក​ដែកកេះ​ដុត​ម៉ាស៊ីន​ត្រង់ស៊ី​ន័​រ​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់​ប្រពន្ធ​និង​ខ្លួនឯង​រងរបួស​ធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​មាក់​កណ្ដាល ​ឃុំ​ស្រែ​ចារ​​ស្រុក​ស្នួល​ ខេត្តក្រចេះ​ កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ ជន​រង​គ្រាះ​ឈ្មោះ​ឈុំ​ស្រី​ នាង​ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​(​ជា​ប្រពន្ធ​)​រងរបួស​ឆេះ​រោល​ពេញ​ដងខ្លួន​។​ជនសង្ស័យ​ឈ្មោះ​កែវ​ប៊ុនឡុងអាយុ​៣៨​ឆ្នាំ​(​ជា​ប្តី​)​រងរបួស​ឆេះ​រោល​ត្រង់​ជើង​និង​ដៃ​ទាំ​សងខាង​។​​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​មាក់​កណ្ដាល​ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​។

​មន្ត្រីនគរបាល​មូលដ្ឋាន​ស្រុក​ស្នួល​បាន​បញ្ជាក់ថា ​កាលពី​ល្ងាច​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពេលដែល​ជនសង្ស័យ​មកពី​ផឹកស្រា​ស្រវឹង​ ​ពេលនោះ​ជនរងគ្រោះ​បាន​ប្រើ​ជនសង្ស័យ​ឱ្យទៅជៀរ​ជ័រកៅស៊ូ​ ស្រាប់តែ​ជនសង្ស័យ​បាន​ខឹង​យ៉ាងខ្លាំង ​រួច​បាន​យក​ប៊ីដុង​សាំង​ទៅ​ចាក់​លើ​ម៉ាស៊ីន​អារឈើ​បម្រុង​អារ​ជើង​សសរផ្ទះ​ខ្លួនឯង​។

តែ​ត្រូវបាន​ជនរងគ្រោះ​ស្ទុះ​ទៅ​ឃាត់​ចាប់ទាញ​ប៊ីដុង​សាំង​ ពេលនោះ​សាំង​ក៏​កំពប់​ពេញ​ខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ ​ស្រាប់តែ​ប្តី​ខឹង​ប្រពន្ធ​ខ្លាំង​ក៏បាន​យក​ដែកកេះ​ដុត​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​នោះ​ក៏​ឆាបឆេះ​រាលដាល​ដល់​ប្រពន្ធ​ឆេះ​រោល​ពេញ​ខ្លួន​។​ចំណែក​ប្តី​ឆេះ​រោល​ដៃ​និង​ជើង​ទាំងសងខាង​។​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ជា​ប្រពន្ធ​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម​។

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​ប្តី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​សម្រាក​ព្យាបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បណ្តោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​បន្ត​៕S/Ha

​ ​ ​