មក​មើល​កាំជ្រួច​ដែល​អាម៉េរិក​ប្រុង​លក់​ឱ្យ​តៃវ៉ាន់ តើ​វា​ខ្លាំង​យ៉ាងណា​ទើប​ឱ្យ​ចិន​បារម្ភ​?

1772
ចែករម្លែក

ចំ​ពេលដែល​ក្រុមហ៊ុន​អាម៉េរិក​គ្រោង​លក់​សព្វាវុធ​ទំនើបៗ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​យ៉ាងខ្លាំង​នោះ តោះ​នាំគ្នា​ក្រឡេកមើល​សមត្ថភាព​កាំជ្រួច​បី​ប្រភេទ ដែល​ធ្វើឱ្យ​ចិន​ព្រួយបារម្ភ​។​

១. កាំជ្រួច BGM-71 TOW
​កាំជ្រួច BGM-71 TOW គឺជា​ប្រភេទ​កាំជ្រួច​ប្រឆាំង​រថក្រោះ​ធុន​ធ្ងន់​។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Hughes Aircraft Company អំឡុង​ពាក់កណ្តាល​និង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ វា​ត្រូវបាន​រចនា​ឡើង​សម្រាប់​ទាំង​បាញ់​ចេញ​លើដី​និង​លើ​ឧទ្ធម្ភាគចក្រ​។ កុងត្រា​ផលិត​ដំបូង​គេ​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ១៩៦៨​។ ដាក់ឱ្យ​ប្រើ​ក្នុង​សង្គ្រាម​ដំបូងបង្អស់​ក្នុង​ឆ្នាំ ១៩៧០ កាំជ្រួច TOW គឺជា​ប្រភេទ​កាំជ្រួច​បញ្ជា​ទិស​ប្រឆាំងនឹង​រថក្រោះ​ដែល​គេ​និយម​ប្រើប្រាស់​បំផុត​នៅក្នុង​ពិភពលោក​។ កាំជ្រួច TOW ជាង ៦៥ ម៉ឺន​ដើម​ត្រូវបាន​ផលិតឡើង​។ វា​នៅតែ​ខ្លាំងក្លា​បន្ទាប់ពី​ដាក់ឱ្យ​ប្រើ​អស់​ជាង​៤០​ឆ្នាំ​។ បច្ចុប្បន្ន កាំជ្រួច​ប្រឆាំង​រថក្រោះ TOW ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្តា​ប្រទេស​ជាង ៤៥ នៅ​ជុំវិញ​ពិភពលោក​។​

​នៅ​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន Hughes Aircraft Company ត្រូវបាន​កាន់កាប់​ដោយ​ក្រុមហ៊ុន Raytheon ។ ដូច្នេះ​ការអភិវឌ្ឍ​និង​ផលិត​កាំជ្រួច​ប្រឆាំង​រថក្រោះ​នេះ​ឥឡូវ​គឺ​ស្ថិតនៅក្រោម​យីហោ​ម៉ាក Raytheon ។​

​កាំជ្រួច TOW បាន​បំផ្លាញ​រថក្រោះ​ច្រើន​រាប់មិនអស់ ដែល​ភាគច្រើន​គឺជា​រថក្រោះ​របស់​រុស្ស៊ី​ក្នុងអំឡុង​សង្គ្រាម​វៀតណាម សង្គ្រាម​អារ៉ាប់​និង​អ៊ីស្រាអែល សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីរ៉ាក់ សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស និង ឥឡូវនេះ​សង្គ្រាម​ស៊ី​រី​។ វា​បាន​សបញ្ជាក់​ខ្លួន​វា​ថា​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ដដែល​។​

​ដើម្បី​រៀបចំ​ប្រើប្រាស់ កាំជ្រួច TOW គឺ​ត្រូវ​ដំឡើង​នៅលើ​ជើង​ទម្រ​មួយ ហើយ​កាំជ្រួច​ត្រូវបាន​រក្សាទុក​នៅក្នុង​ហិប​បិទ​ជិត​មួយ​។ បន្ទាប់មក​គេ​លើក​កាំជ្រួច​ទៅ​ខ្ទាស់​ភ្ជាប់​ជាមួយ​ជើង​ទម្រ​មុននឹង​បាញ់​។ អាវុធ​នេះ​គឺ​ត្រូវការ​ទាហាន​បីនាក់​ដើម្បី​បញ្ជា​វា ក្នុងនោះ​រួមមាន មេបញ្ជាការ​ម្នាក់ អ្នកបាញ់​ម្នាក់ និង ជំនួយការ​អ្នកបាញ់​កាំភ្លើង​ម្នាក់​។ ជើង​ទម្រ​គឺអាច​ដោះចេញ​បាន និង​អាច​ដឹកជញ្ជូន​យ៉ាង​ងាយស្រួល​ដោយ​ពួក​ទាហាន​។

​កាំជ្រួច​នេះ​ដំបូង​ឡើយ​គឺ​បញ្ជា​ទិស​ផ្អែក​តាម​សញ្ញាណ​នៃ​ចរន្តអគ្គិសនី​ចេញពី​ខ្សែភ្លើង​ក្នុង​គ្រាប់​មី​ស៊ី​ល​។ កាំជ្រួច​ផលិត​ដំបូង​គេ​បង្អស់​អាច​បាញ់​បាន ៣.០០០ ម៉ែត្រ និង​អាច​ស៊ក​គ្រាប់​មី​ស៊ី​ល​ប្រភេទ ៤៣០ មិល្លីម៉ែត្រ​។ បច្ចុប្បន្ន​កាំជ្រួច TOW គឺជា​កាំជ្រួច​បញ្ជា​ទិស​ពាក់កណ្តាល​ស្វ័យប្រវត្តិ​។ វា​មិនមែនជា​ប្រភេទ​អាវុធ​ដែល​បាញ់​ហើយ​គឺ​ហើយ​នោះទេ​។ វា​តម្រូវឱ្យ​អ្នកបាញ់​ឃ្លាំមើល​គោលដៅ​រហូតដល់​វា​បាញ់​ត្រូវ​រថក្រោះ​។ កាំជ្រួច​ប្រភេទ​នេះ នៅពេល​បាញ់​ចេញ​ភ្លាម ឧបករណ៍​ចាប់​សញ្ញា​អុ​ប​ទិ​ក​នឹង​តាមដាន​ទីតាំង​គោលដៅ​ជាប់​រហូត​។ ឧបករណ៍​ចាប់​សញ្ញា​អុ​ប​ទិ​ក​នឹងធ្វើ​ការកែតម្រូវ​គន្លង​គ្រាប់​មី​ស៊ី​ល​ដោយ​ការបញ្ជូន​សញ្ញា​អគ្គិសនី​ដែល​បញ្ជូន​ដោយ​ខ្សែភ្លើង​ពីរ​សរសៃ​នៅក្នុង​គ្រាប់​។ ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ខ្សែភ្លើង​ក្នុង​គ្រាប់​មី​ស៊ី​ល​មិនអាច​ផ្តាច់​ចោល​បាន​ដោយ​សត្រូវ​នោះទេ​។ មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កាំជ្រួច TOW ត្រូវបាន​ផលិតឡើង​ទាំង​មាន​ខ្សែភ្លើង​និង​ឥត​ខ្សែភ្លើង​បញ្ជា​ពី​ចម្ងាយ​។ មី​ស៊ី​ល​ថ្មី​ឥត​ខ្សែភ្លើង​គឺ​មិន​តម្រូវឱ្យមាន​ការកែសម្រួល​គន្លង​របស់​គ្រាប់​ទៀត​នោះទេ នៅពេល​បាញ់​។​

២. កាំជ្រួច FIM-92 Stinger
​កាំជ្រួច FIM-92 Stinger គឺជា​ប្រព័ន្ធ​អាវុធ​លី​លើ​ស្មា ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​។ វា​ក៏​អាច​បំពាក់​នៅលើ​យានជំនិះ​យោធា​នៅលើ​គោក និង ឧទ្ធម្ភាគចក្រ​ផងដែរ​។ ផលិតឡើង​នៅ​សហរដ្ឋ​អាម៉េរិក កាំជ្រួច​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ ១៩៨១ និង​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា​អាម៉េរិក និង ប្រទេស ២៩ ផ្សេងទៀត​។ កាំជ្រួច​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Raytheon Missile Systems និង​ត្រូវបាន​ផលិត​បន្ត​ក្រោម​អាជ្ញាប័ណ្ណ​ដោយ​ក្រុមហ៊ុន EADS ក្នុងប្រទេស​អាល្លឺម៉ង់ និង ដោយ​ក្រុមហ៊ុន Roketsan ក្នុងប្រទេស​តួ​ក​គី​។

​ស្រាល​ងាយស្រួល​លី​និង​ងាយស្រួល​បាញ់ កាំជ្រួច FIM-92 Stinger គឺជា​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ដែល​អាច​លី​លើ​ស្មា​ដោយ​ទាហាន​តែ​ម្នាក់​ប៉ុណ្ណោះ​។ គ្រាប់​ប្រភេទ FIM-92B គឺ​ប្រើ​នៅលើ​កាំជ្រួច FIM-92 Stinger​។​

​កាំជ្រួច FIM-92 Stinger មាន​ប្រវែង ១,៥២ ម៉ែត្រ និង​ផ្ទៃ​មុខកាត់ ៧០ មិល្លីម៉ែត្រ​។ គ្រាន់តែ​តួខ្លួន​កាំជ្រួច​នេះ​សុទ្ធ​គឺមាន​ទម្ងន់ ១០,១ គីឡូក្រាម ហើយ​បើ​បូក​ទាំង​គ្រាប់​ទៀត​គឺមាន​ទម្ងន់​សរុប​ប្រហែល ១៥,២ គីឡូក្រាម​។ កាំជ្រួច​នេះ​អាច​បាញ់​បាន​ចម្ងាយ ៧.៦០០ ម៉ែត្រ​។

៣. កាំជ្រួច FGM-148 Javelin
​វា​ជា​កាំជ្រួច​លី​លើ​ស្មា​ប្រឆាំង​រថក្រោះ​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​។ កាំជ្រួច​នេះ​ប្រើប្រាស់​ការបញ្ជា​ទិស​ដោយ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េត​ស្វ័យប្រវត្តិ ដែល​អនុញ្ញាតឱ្យ​អ្នកបាញ់រ​ត់ទៅ​ពួន បន្ទាប់ពី​បាញ់​ភ្លាម គឺ​ផ្ទុយស្រឡះ​ពី​ប្រព័ន្ធ​បញ្ជា​ទិស​ដោយ​ខ្សែភ្លើង ដូច​កាំជ្រួច Dragon ជាដើម ដែល​តម្រូវឱ្យ​អ្នកបាញ់​តាមមើល​គន្លង​របស់​គ្រាប់​រហូតដល់​ចប់​ចុង​ចប់​ដើម​។ ក្បាល​គ្រាប់​ឈ្មោះ HEAT របស់​កាំជ្រួច FGM-148 Javelin មាន​សមត្ថភាព​អាច​កម្ទេច​រថក្រោះ​ទំនើបៗ​ដោយ​វាយប្រហារ​ទៅលើ​កន្លែង​ដែល​ពាស​ដែក​មាន​សភាព​ស្តើង​ជាងគេ​បំផុត​។ គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ កាំជ្រួច FGM-148 Javelin ជាង ៥.០០០ ដើម​ត្រូវបាន​ប្រើ​នៅក្នុង​សមរភូមិ​៕ ដោយ៖ កញ្ញាដាលីស

File written by Adobe Photoshop? 5.2