មក​យល់ដឹង​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល ​ក្នុង​ខេត្តកំពង់ឆ្នាំង លាក់ខ្លួន​កណ្តាល​ព្រៃភ្នំ ក្បែរ​ជើងភ្នំ​ឱ​រ៉ា​ល់

364
ចែករម្លែក
រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែអំពិល ​ក្នុង​ខេត្តកំពង់ឆ្នាំង លាក់ខ្លួន​កណ្តាល​ព្រៃភ្នំ ក្បែរ​ជើងភ្នំ​ឱ​រ៉ា​ល់

ដោយ​:មុនី​រ័ត្ន​-​សនសក្កដា​: កំពង់ឆ្នាំង​: តំបន់​ទឹកធ្លាក់​ស្រែអំពិល ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ប្រមាណ​៥០​ទៅ​៦០​គីឡូម៉ែត្រ ។​

​តំបន់​នេះ​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង និង​មានទឹក​ហូរ​តាម​ជ្រោះ​រាប់គីឡូម៉ែត្រ គ្របដណ្តប់​ដោយ​ម្លប់ឈើ​ព្រៃភ្នំ​ដ៏​ត្រជាក់ចិត្ត ដែល​អាច​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​និង​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ។​

​ប្រជាពលរដ្ឋ និង​អាជ្ញាធរ សហគមន៍ នៅ​តំបន់​នោះ មាន​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​រីករាយ ដោយ​ពួកគាត់​ម្នាក់ៗ​ពិតជា​បាន​យល់ច្បាស់​ពី​គុណ​តម្លៃ​វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​អាចជួយ​ជំរុញ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​បាន​​កើន​ឡើងមួយ​កម្រិត​ទៀត ។​

​សំឡេង​ទឹកធ្លាក់​ប៉ប្រះ​ថ្មដា​នៅតាម​ដងស្ទឹង​បានអង្រួន​អារម្មណ៍​អ្នកទេសចរ​ឱ្យ​ស្រស់ស្រាយ​សប្បាយរីករាយ​មួយ​រំពេច ចំហាយ​ត្រជាក់​មក​ប៉ះ​កាយ ខ្យល់​ដកដង្ហើម​ក៏​បរិសុទ្ធ ។​

​សំឡេង​សត្វបន្លឺឡើង​រងំ​ពេញ​ព្រឹក​ព្រៃ យ៉ាង​ស្រស់ប្រិមប្រិយ ធម្មជាតិ​ដ៏​សុខក្សេមក្សាន្ត​គ្មានអ្វី​ប្រៀបផ្ទឹម ធ្វើឲ្យអ្នក​ទេសចរ​យើង​ឱ្យ​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​មួយទៀត​យ៉ាង​ជក់ចិត្ត ។​

​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ច​សហការគ្នា​យ៉ាង​សស្រោកសស្រាំពីសំណាក់​ប្រជាពលរដ្ឋ កងកម្លាំង​សមត្ថកិច្ច និង អាជ្ញាធរ​មូលដ្ឋាន ។​

មេឃុំ​ក្ដុល​សែន​ជ័យ លោក ម៉ឹង​សុ​វិសាល បានឲ្យដឹងថា នាពេល​បច្ចុប្បន្ននេះ ភ្ញៀវ​ទេសចរដែល​បាន​ចូក​មកលេង​កំសាន្ត​នៅ​ទីកន្លែង​នេះ​មាន​ប្រមាណ​ជា ១០០០ នាក់​ក្នុង​មួយខែ សហគមន៍​បាន និង កំពុង​យកចិត្តទុកដាក់​រៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន ឹកធ្លាក់​ស្រែអំពិល​បន្តទៅទៀត ដើម្បី​ត្រៀម​ស្វាគមន៍​វត្តមាន​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​នានា ដែល​រំពឹងថា​នឹងមាន​ការកើនឡើង​នាពេល​បន្តបន្ទាប់​ខាងមុខ ។​

​ក្រៅពី​តំបន់​ធម្មជាតិ​ដែលជា​កំណប់​ទេសចរណ៍​ដ៏​វិសាល​ទៀត​នោះ តំបន់​ទឹកធ្លាក់​ស្រែអំពិល ក៏បាន​បន្សល់​នូវ​ទីតាំង​ប្រវត្តិសាស្ត្រ​កាលពី​សម័យ​ខ្មែរក្រហម និង ស្លាកស្នាម​រឿងព្រេង​ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​តំណាល​តៗ​គ្នា​ផងដែរ ដូចជា​កោះ​តា​ព្រេង ដាន​ព្រះបាត​ជាដើម ។​

​សហគមន៍ ទេសចរណ៍​ដែលមាន​លោក អែម ជា ប្រធានសហករ​ណ៍ និង​អាជ្ញាធរ​ឃុំ បានរៀបចំ​ក្យូ​ស សម្រាប់អង្គុយលេងជាច្រើនកន្លែង មានរៀបចំផ្សារ មួយកន្លែង ដែលមានបណ្ដោយ ប្រមាណ​ជាង​២០ ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ លក់ដូរ និងបានកសាងស្ពានតូចៗ សម្រាប់ឆ្លងកាត់​អូរបានជាច្រើនកន្លែង ។​​

​ទន្ទឹម​នោះ​ផងដែរ លោក​បាន​ធ្វើរអំពាវនាវ​ដល់ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​សប្បុរសជន​នានា ដែលមាន​ចំណូលចិត្ត​ខាង​អភិរក្ស​ធនធានធម្មជាតិ សូមជួយ​ជា​ថវិកា ជា​គ្រឿង​សម្ភារ​ផ្សេងៗ ដែល​ត្រូវការ​ការរៀបចំ និងដំណើរការ​បន្ថែម​នៅលើ​ទីតាំង​នេះ​មានដូចជា​ការសង់​ក្យូស​បន្ថែម បង្គន់​អនាម័យ ធ្វើ​ផ្លូវ​ចូល​រួមទាំង​ការរៀបចំ​សម្អាត​បរិស្ថាន​ផ្សេងៗ​ផងដែរ​។​

អាជ្ញាធរ ឃុំ​ក្តុល​សែន​ជ​យ័​ក៏ ដូចជាសហគម​ន៍​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នាំគ្នា​ទៅលេងរមណីយដ្ឋានទឹកធ្លាក់​ស្រែអំពិល ព្រោះថា ទីនោះមានទឹកជ្រោះ និងព្រៃភ្នំយ៉ាងស្រស់ស្អាត ៕Ha