មគ្គទ្ទេសក៍​ទេសចរណ៍​៣០០​នាក់ ទទួល​ចំណេះដឹង​អំពី​តំបន់​ប្រវត្តិសាស្ត្រ អន្លង់វែង​

1721
ចែករម្លែក

ដោយៈ សើ សា​យ្យា​ណា​/សៀមរាបៈនៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែមីនា ឆ្នាំ​២០១៨ នា​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ខេត្តសៀមរាប មានការ​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​គណកម្មការ​អន្តរក្រសួង​ចំនួន​បួន​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង ដល់​ម​គ្គ​ទេ្ទ​សក៍​ទេសចរណ៍ និង​ការី​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បណ្ឌិត ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោក កែន សុ​ភី អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព អន្លង់វែង និង​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

គណៈអធិបតីក្នុងកិច្ចប្រជុំ(រូបមជ្ឈមណ្ឌលឯកសារកម្ពុជា)

​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ សក្ដានុពល​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង អ្នកចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​ទាំងមូល មាន​ស្នើសុំ និង​បញ្ចេញ​មតិយោបល់ ព្រមទាំង​បាន​ចូលរួម​ឆ្លើយ​នឹង​សំណួរ​របស់​បណ្ឌិត លី សុខ​ឃាង ដែល​បាន​សួរ​ពាក់ព័ន្ធ​នឹង​អ្នក​ទេសចរណ៍​ថា​គួរ ឬ​មិនគួរ​មក​ទស្សនា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​។​

​ ​ផ្ដើមចេញពី​ការដឹង​តិចតួច អំពី​ឈ្មោះ​ស្រុក​ឬ​តំបន់​អន្លង់វែង អ្នក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណាប់អារម្មណ៍ និង​ការយកចិត្តទុកដាក់ ដោយបាន​ស្នើសុំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ៗ និង​ចែករំលែក​ឲ្យ​ដឹងថា​ទោះបី​ពីមុនមក​មិនសូវមាន​អ្នក​ស្គាល់ ឬ​ធ្លាប់ដឹងឮ​អំពី​តំបន់​នេះ​មាន​ទីតាំងនៅ​កន្លែង​ណាក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន តំបន់​អន្លង់វែង គឺជា​ទីតាំង​មួយ​ដ៏​សំខាន់ និង​ចាំបាច់​សម្រាប់​​ការអប់រំ​ផ្នែក​ប្រវត្តិសាស្ត្រ សហគមន៍ ក៏ដូចជា​ទេសចរណ៍ ដោយ​ជាទី​តាំង​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម និង​ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​តាម​ជួរ​ភ្នំ​ដងរែក​។​

​ ​លោក ឆាំង យុ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ដ៏​គួរគត់សម្គាល់​មួយចំនួន​ដែល​លើកឡើង​អំពី​គម្រោង​ផ្លូវ​ដើរ​ភ្ជាប់​ពី​ទីតាំង​មួយ​ទៅមួយ​ទាំង​១៤​កន្លែង «​ដូចជា​សរសៃអំបោះ​ដែល​ចងដៃ​ដើម្បី​សេចក្តីសុខ និង​ការពារ​ពី​ជម្លោះ​ព្រំដែន ពី​ព្រោះតែ​កាលណា​មាន​លំហូរ​ទេសចរណ៍ ព្រំដែន​ក៏​អាច​ការពារ​ដែរ ដូច​ខ្សែ​អំបោះ​ទាញ​ពី​អន្លង់វែង ទៅដល់​តំបន់​ក្បាល​ទន្សោង​»​។ លោក ឆាំង យុ បាន​បន្ថែមថា មគ្គុទេសក៍ និង​ការី​ទេសចរណ៍ ត្រូវ​យល់ដឹង​ពី​ចំណុច​ពិសេសៗ និង​ចេះ​ស្វែងរក​ចំណុច​វិជ្ជមាន ដើម្បី​ណែនាំ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍ ជាជាង​ចំណុច​អវិជ្ជមាន​ច្រើន ដូចជា​ការ​ឲ្យ​តម្លៃ​ទៅលើ​ធម្មជាតិ ទេសភាព មនុស្ស និង​ប្រជាជន​ក្នុង​តំបន់​ដែលជា​ប្រវត្តិសាស្ត្រ​រស់ ដែល​​មិនទាន់បាន​ទៅដល់ ឬ​មិន​ធ្លាប់​ប៉ះពាល់​។ ជាក់ស្ដែង នៅ​តំបន់​អន្លង់វែង​នេះ ទោះបី​នៅ​រដូវក្ដៅ ឬ​រដូវវស្សា​ គឺមាន «​ផ្កា​រីក​គ្រប់​រដូវ​»​។ មិន​ថា​អាកាសធាតុ​ក្ដៅ​យ៉ាងណា ប៉ុន្តែ ព្រៃ​ប្រឹក្សា និង​ផ្កាផ្គរលាន់ នៅតែ​រីក មាន​ភាពស្រស់ស្អាត និង​មាន​ខ្យល់​បក់​ជានិច្ច​។ ផ្ទៃមេឃ​មាន​ពណ៌​ខៀវ​ស្រឡះ​ល្អ​ជាង​ទីក្រុង ទិដ្ឋភាព​ពេល​ព្រះអាទិត្យ​លិច មាន​ទំហំ​ធំ​បំផុត និង​អាច​មើលឃើញ​ច្បាស់​ល្អ ដល់​តំបន់ភ្នំ​គូលែន និង​ប្រាសាទ​កោះ​កេរ ខេត្តព្រះវិហារ​៕MN