មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ត្រូវបាន​បិទ​បន្ទាប់ពី​ការបង្ក្រាប​គ្រឿងញៀន​

639
ចែករម្លែក
  • 215
    Shares

​ដោយៈ​មុនី​រ័ត្ន​,ឆាយានាថ/​ភ្នំពេញៈ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​បិទ​បន្ទាប់ពី​ការបង្ក្រាប​គ្រឿងញៀន​និង​រកឃើញ​គ្រឿងញៀន​ក្នុង​ចំនួន​ដ៏​សម្បើម​និង​ឃាត់​មនុស្ស​ជាង​៣០០​នាក់​រួចមក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​ហើយ​ផ្សព្វផ្សាយ​កាលពី​ព្រលប់​ថ្ងៃ​ដដែល​នេះ​បញ្ជាក់ថា​នៅវេលា​ម៉ោង​១​និង​៤៥​នាទី​ទៀបភ្លឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ក្នុងនោះ​លទ្ធផល​នៃ​ប្រតិបត្តិការ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឆែកឆេរ​បង្ក្រាប​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ​និង​បាន​ចាប់យក​វត្ថុតាង​ជា​គ្រឿងញៀន​មួយចំនួន​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣១១​នាក់​ស្រី ៥៦​នាក់​។​


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​រ៉ុ​ក ហើយ​ផ្តល់​លទ្ធភាព​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​ឈានទៅ​កំណត់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន​និង​ក្រុម​ជនល្មើស​នាំយកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕​សរន​