មជ្ឈមណ្ឌល​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រផ្តល់​ចំណេះ ជំនាញនិង​ការងារ​ដល់​ស្ត្រីក្រីក្រ​

1704
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ មូលនិធិ ធនាគារ មេឃ​ប៊ែ​ង នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​ដំបូង​គេ​បង្អស់ នៅក្នុង​ខេត្តតាកែវ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងទិសដៅ​ជំរុញ​បន្ថែមទៀត​នូវ​វិស័យ​វាយនភ័ណ្ឌ​តាមបែប​​ប្រពៃណី​ជាស​កល ប្រកបដោយ​និរន្តរភាព​ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ ក៏បាន​បង្កើត​ឱកាស​ការងារ សម្រាប់​ស្ត្រី​ដែល​គ្មាន​លទ្ធភាព ក្នុងការ​ស្វែងរក​ចំណូល អាច​នាំ​ឲ្យ​ពួកគាត់​បង្កើត​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​។​

​មជ្ឈមណ្ឌល បណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ថ្មី​នេះ មាន​ទីតាំង​ប្រមាណ​ជាង ៦៥​គីឡូម៉ែត្រ​ពី​ទី​រាជធានី​ភ្នំពេញ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស ដល់​ស្ត្រី​ក្នុង​សហគមន៍ ដែល​រស់នៅក្នុង​ជីវភាព​ក្រីក្រ​យ៉ាងខ្លាំង​។ តាមរយៈ​ការបណ្តុះបណ្តាល ការកសាង​សមត្ថភាព​និង​​សង្វាក់​ផលិតកម្ម​ដែល​អាច​ផ្គត់ផ្គង់​ជា​ផ្នែក​ហិរញ្ញវត្ថុ ស្ត្រី​ក្នុង​សហគមន៍​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ អាច​ទទួលបាន​នូវ​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​មួយ និង​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​។​

​ក្នុង​ពិធី​សម្ពោធន៍​នោះ លោក Shahril Azuar Jimin នាយក​ប្រតិ​ប​តិ្ត​នៃ​មូលនិធិ ធនាគារ មេឃ​ប៊ែ​ង ថ្លែងថា​«​តាមរយៈ​កិច្ច​សហ​​ការ​នេះ ធនាគារ​មេឃ​ប៊ែ​ង ក៏​ជួយ​រួមចំណែក​ដល់​កម្មវិធី​កសិកម្ម​សូត្រ​តម្បាញ ដែល​នៅក្នុងពេល​បច្ចុប្បន្ននេះ​យើង​បាន​ជួយ​ជ្រោ​ម​ជ្រែង​ដល់​គ្រួសារ​កសិករ ចំនួន​១៤០​គ្រួសារ និង​បាន​ដាំ​ដើម​មន​ប្រមាណ ជាង ២១.០០០ ដើម ដែលជា​ប្រភព​អាហារ​យ៉ាងសំខាន់ សម្រាប់​ដង្កូវនាង ក្នុង​ការផលិត​សរសៃសូត្រ ដោយមាន​គុណភាព​ខ្ពស់ ដែលជា​វត្ថុ​ធាតុ​សំខាន់ សម្រាប់​គុណភាព​នៃ​សូត្រ​មាស​កម្ពុជា​»​។​

​គម្រោង​«​កម្មវិធី ស្ត្រី​និង​តម្បាញ​ធនាគារ​មេ​យ​ប៊ែ​ង​»​មាន​រយៈពេល​៣​ឆ្នាំ និង​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។​

​លោកស្រី ង​ន វណ្ណ​ថា នាយិកា​ស្ថាបនិក​អង្គការ​សូត្រ​ពណ៌ ដែលជា​ដៃគូ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ ស្ត្រី​អ្នក​តម្បាញ​ប្រមាណ​ជាង ៥០​នាក់ ដែល​បានទទួល​ការបណ្តុះបណ្តាល រួចមកហើយ​នៅ​ប្រទេស​កម្ពុជា ហើយ​ស្ត្រី​ចំនួន​២៥​នាក់ កំពុង​ទទួល​ការបណ្តុះបណ្តាល​៕ដោយ៖សុផល

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​ដំបូង​គេ​បង្អស់ នៅក្នុង​ខេត្តតាកែវ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​(​រូប សុផល​)