មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​មួយ បោះទុន​វិនិយោគ​១​ពាន់​លាន​ដុល្លារ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០

1055
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្រា​យ​អ៊ឹម ដែលជា​ការវិនិយោគទុន​មកពី​ប្រទេស​ចិន​បាន​បោះទុន នូវ​ទឹកប្រាក់ ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ឬ​ប្រមាណ​៧​ពាន់​លាន​យ័ន​ប្រាក់​ចិន​នៅក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​គម្រោង​ទី​១​របស់ខ្លួន នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ខាងមុខ​។​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្រា​យ​អ៊ឹម ដែលជា​ការវិនិយោគទុន​មកពី​ប្រទេស​ចិន​បាន​បោះទុន នូវ​ទឹកប្រាក់ ប្រមាណ​១​ពាន់​លាន​ដុល្លារ នៅក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០(​រូប​៖​ដេប៉ូ​)​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន លោក ចាន់ តៃ​អាន ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថ្រា​យ អ៊ឹម បានឱ្យដឹង​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថ្រា​យ អ៊ឹម ដែល​សព្វថ្ងៃ​ស្ថិតនៅតាម​បណ្តោយ​ផ្លួ​វ​លេខ​៣៦ ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​ទេសចរណ៍ ជា​កន្លែង​កំសាន្ត​អន្តរជាតិ​ដ៏​ធំ និង​ជា​ផ្សា​របោះ​ដុំ​អន្តរជាតិ​ធំជាងគេ នៅក្នុង​តំបន់​អាស៊ី ហើយ​ទំនិញ​គ្រប់មុខ​នឹង​នាំមក​ប្រមូលផ្តុំ​នៅទីនេះ​។ លើសពីនេះ​ទៀត​មជ្ឈមណ្ឌល​កន្លែង​នេះ​ក៏​ជា​បណ្តុំ​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ និង ខុន​ដូរ​ប្រណិតៗ​ជាច្រើន​ទៀត​។

​លោក​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា “​ចំពោះ​មជ្ឈមណ្ឌល​ព​ណិ​ជ្ជ​កម្ម​ដ៏​ធំ​សម្បើម​នេះ មាន​ចក្ខុវិស័យ​ច្បាស់លាស់ របស់ ភាគី​ចិន ដោយ​ឈរលើ​គោលនយោបាយ «​ខ្សែក្រវ៉ាត់​១ ផ្លូវ​១» ដែលជា​ស្ពាន​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ជាពិសេស​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ វប្បធម៌ ដែលមាន​មនុស្ស​រាប់លាន​នាក់​នឹងចូលរួម​នៅក្នុង​សកម្មភាព​ដ៏​មមាញឹក​ជា​រៀងរាល់ថ្ងៃ “​។​

​ជាមួយគ្នានេះ លោក ហេ​រ៉ូ សុជាតិ​ដែល ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បានលើកឡើង​ឱ្យដឹង​ដែរ​ថា នេះ​ជា​គម្រោង​ដ៏​អស្ចារ្យ​មួយ ដែល​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ការវិនិយោគ​ទៅលើ​អគារ​ពាណិជ្ជកម្ម ឬ ក៏​ផ្សារទុន​ដ៏​ធំ​សម្បើម​នេះ​។ ជាមួយគ្នា​លោក​ក៏​រំពឹង​ដែរ​ថា​គម្រោង​នេះ​ពិត​ជ​ទទួលបាន​មកវិញ​នូវ​ភាពជោគជ័យ នឹង​អាច​ទទួលបាន​ដំណើរ​ការលក់​គម្រោង​នេះ ហើយ​អតិថិជន នឹង​ទទួលបាន​ផលចំណេញ​យ៉ាងពិត​ប្រាកដ ក្នុង​ដំណើរការ​ពាណិជ្ជកម្មរ​បស់​ខ្លួន​។​

​គួរ​បញ្ជាក់ថា គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថ្រា​យ អឹម វិនិយោគ​លើ​ផ្ទៃដី​ជិត​១០​ហិច​តា នៅត្រង់ចំណុច​ឃ្លាំង​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​រយៈពេល​វិនិយោគ​៤០​ឆ្នាំ​។ ដោយឡែក​នៅក្នុង​ដំណាក់កាល​ដំបូង នៃ​គម្រោង​នេះ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ព្រមទាំង​គ្រោង​បញ្ចប់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ​២០២២​ខាងមុខ​៕