មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កម្ពុជា​និង​សិង្ហ​បុរី​នាំយក​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ទំនើប​មក​កម្ពុជា​

264
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​(SingmedMedicalCenter)​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន​(ICON Cancer Centre) នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​គោលបំណង​នាំយក​នូវ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ទំនើប​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​មក​ជូន​ពលរដ្ឋ​និង​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទាំ​ថង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​កា​លពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​រូស​វ៉ូដ​រាជធានី​ភ្នំពេញ​។​លោកស្រី​ពិន​នេត្រា​ស្ថាបនិក​និង​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​បាន​មានប្រសាសន៍ថា​ការចាប់​ដៃគូ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន​នេះ​ដោយសារតែ​មជ្ឈមណ្ឌល​នេះ​មាន​គ្រូពេទ្យ​ឯកទេស​ល្បីៗ​មានបទពិសោធន៍​យូរ​ឆ្នាំ​ដែល​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​អង់គ្លេស​និង​អូស្ត្រាលី​ផ្នែក​វះកាត់​និង​ព្យាបាល​ជំងឺមហារីក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ខណៈ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​កំពុង​ប្រឈម​នឹង​ជំងឺមហារីក​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​លោកស្រី​បាន​បន្តថា​ការសហការ​នេះ​គឺ​ខាង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៦៤​មហាវិថី​ព្រះមុនីវង្ស​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ទល់មុខ​សាកលវិទ្យាល័យ​ពេទ្យ​ជិត​អគារ​វឌ្ឍនៈ​ជា​អ្នកពិគ្រោះ​ជំងឺ​ពិនិត្យ​សុខភាព​និង​ធ្វើ​វិនិច្ឆ័យ​រោគ​ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​និង​ចុងក្រោយ​របស់​ប្រទេស​សិង្ហ​បុរី​MRI​ម៉ាស៊ីន​សុង​ក្រពះ​ទំនើប​ប្រព័ន្ធ​ឆ្លុះ​ចុងក្រោយបង្អស់​របស់ FUJIFILM ដែល​ប្រើ​រូបភាព​ពន្លឺ​ខៀវ​និង​រូបភាព​ពណ៌​ត​ភា្ជ​ប់​ក៏ដូចជា​ម៉ាស៊ីន​ស្គែ​ន GE SIGNA CREATOR 1.5Testla MRI​។​


​លោកស្រី​បាន​បន្តថា​នៅពេល​មាន​ករណី​ជំងឺមហារីក​យើង​នឹងធ្វើ​ការទាក់ទង​ទៅ​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន​ដើម្បី​ផ្តល់​អ្នកឯកទេស​ព្យាបាល​ឬ​វះកាត់​ជំងឺមហារីក​ដល់​អ្នកជំងឺ​តាមរយៈ​ការព្យាបាល​ដោយ​ការ​បញ្ចាំង​កាំរស្មី​និង​ការប្រើ​ថ្នាំ​។​ប៉ុន្តែ​ក្នុងករណី​ជំងឺ​ធ្ងន់ធ្ងរ​ទើប​យើង​ប​ញ្ជួ​ន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​។​

​លោកស្រី​នាយិកា​ប្រតិបត្តិ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​បំណង​ចង់​ពិនិត្យ​សុខភាព​ពិសេស​ទាក់ទិន​នឹង​ជំងឺមហារីក​អាចមក​កាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​បាន​ដោយ​មិនចាំបាច់​ចំណាយលុយ​ជិះ​យន្តហោះ​ទៅ​សិង្ហ​បុរី​នោះទេ​គឺ​ចំណេញ​ទាំង​ថវិកា​និង​ពេលវេលា​ព្រមទាំង​ទប់ស្កាត់​លំហូរ​ការពិនិត្យ​សុភាព​នៅក្រៅ​ប្រទេស​ទៀតផង​។​ជាងនេះទៅទៀត​លោកស្រី​បាន​បញ្ជាក់ថា​ចំពោះ​តម្លៃ​វិញ​គឺ​សមរម្យ​និង​ធូ​ថ្លៃ​ជាង​នៅ​ស្រុក​ក្រៅ​ឆ្ងាយ​ដូចជា​ការពិនិត្យ​តាម​ម៉ាស៊ីន​MRI​តម្លៃ​តែ​ជាង​៣០០​ដុល្លារ​តែបើ​នៅ​សិង្ហ​បុរី​តម្លៃ​១​ទៅ​២​ពាន់​ដុល្លារ​ឯណោះ​។​

​លោកស្រី​JoyceTan​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន​បាន​មានប្រសាសន៍ថា​ការដែល​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស៊ី​ង​មេ​ដ​នេះ​ដោយសារតែ​មជ្ឈមណ្ឌល​ស៊ី​ង​មេ​ដ​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​បច្ចេកវិទ្យា​ឈានមុខ​និង​វេជ្ជបណ្ឌិត​ជាតិ​និង​អន្តរជាតិ​ល្បីៗ​មានបទពិសោធន៍​ខ្ពស់​។​ចំណែក​បុគ្គលិក​ពេទ្យ​មាន​ជំនាញ​និង​វិជ្ជាជីវៈ​អាច​និយាយ​ភាសា​អង់គ្លេស ចិន​និង​ខ្មែរ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​មកពី​ប្រភព​និង​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។​

​ក្រៅពី​ពិធី​ចុះហត្ថលេខា​ក៏​មានការ​ការធ្វើ​បទ​បង្ហាញ​ពី​អ្នកឯកទេស​ជំងឺមហារីក​ពោះវៀន​ដែលមាន​ឈ្មោះ​ល្បី​នៅ​ប្រទេស​សិង្ហ​បិ​រី​ជួន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​ក្នុងនោះ​លោក​សាស្ត្រាចារ្យ CharriesTsang​គ្រូពេទ្យ​ឯកទេស​វះកាត់​ពោះវៀនធំ​មកពី​ប្រទេស​សិង្ហ​បុរី​បានធ្វើ​បទ​បង្ហាញ​ពី​រោគសញ្ញា​ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​និង​ការជៀសវាង​ពី​ជំងឺ​ក្រពះ​ឬ​ពោះវៀន​រ៉ាំរ៉ៃ​ដែល​បណ្តាល​ឲ្យ​ទៅជា​ជំងឺមហារីក​និង​អំពី​ជម្រើស​នៃ​ការព្យាបាល​ដែល​សាក​សម​នឹង​ការប្រើប្រាស់​ថ្នាំ​ដោយ​ប្រសិទ្ធភាព​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត​RobertLim​អ្នកឯកទេស​ព្យាបាល​ជំងឺមហារីក​ក្រពះ​ពោះវៀន​មកពី​ប្រទេស​សិង្ហ​បុរី​ក៏បាន​ធ្វើ​បទ​បង្ហាញ​ការព្យាបាល​ជំងឺមហារីក​ក្រពះ​ពោះវៀន​ការយល់ដឹង​ពី​កត្តា​កំណត់​កម្រិត​នៃ​ជំងឺមហារីក​ការវិវត្ត​និង​ភាពជឿនលឿន​របស់​ជំងឺមហារីក​និង​ភាព​រាលដាល​និង​វិធីសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ជំងឺមហារីក​ការប្រឹក្សា​ព្យាបាល​ជំងឺមហារីក​ក្រពះ​ពោះវៀន​និង​លំពែង​ជាមួយនឹង​បច្ចេកវិជ្ជា​ចុងក្រោយ​នៅ​ប្រទេស​សិង្ហ​បុរី​។​អ្នកឯកទេស​ទាំ​ពីរបាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ទៅពិនិត្យ​សុខភាព​ដ៏​ត្រឹមត្រូវ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ដឹង​ពី​ជំងឺ​និង​អាច​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​ត្រូវ​ហាត់ប្រាណ​បរិភោគ​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ជក់បារី​ដើម្បី​ការពារ​កុំ​ឲ្យ​ប្រឈម​នឹង​ជំងឺមហារីក​។​

​លោកស្រី​ពិន​នេត្រា​បាន​បញ្ជាក់ថា​ក្រៅពី​ជំងឺមហារីក​មជ្ឈមណ្ឌល​យើង​ក៏មាន​សេវាកម្ម​លើ​ជំងឺ​ទឹកនោមផ្អែម​បេះដូង​ថ្លើម​ជំងឺ​ក្រលៀន​ជំងឺ​វះកាត់​ទូទៅ​ជំងឺ​ទាក់ទង​នឹង​ឆ្អឹង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​និង​រោគ​ស្ត្រី​ជាដើម​។​សូមជម្រាបថា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​មេ​ដ​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន SGMedicalHoldingsPte.Ltd.,​ដែលជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​ដំបូង​គេ​ដែល​កំពុងបើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយមាន​ការសហការ​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កម្ពុជា​នឹង​ដៃគូ​ឧស្សាហកម្ម​ដទៃទៀត​អ្នកឯកទេស​វេជ្ជសាស្ត្រ​ពហុ​ជំនាញ​មកពី​ប្រទេស​សិង្ហ​បុរី​នឹង​ជួយ​លើកកម្ពស់​ស្តង់ដារ​នៃ​សេវា​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​៕S/

​ ​ ​ ​ចំណងជើង​រូបថត​៖​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជំងឺមហារីក​អាយ​ខន សហការ​នាំយក​នូវ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ទំនើប​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​មក​ជូន​ពលរដ្ឋ​និង​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​