មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ ជា​មជ្ឈមណ្ឌល​ពិព័រណ៍​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដែលមាន​ទំហំ​១.៤៧​លាន​ម៉ែត្រការ៉េ​

1632
ចែករម្លែក

​ដោយៈ សុផល / ស៊ា​ង​ហៃ​,​ប្រទេស​ចិន​: មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ​ហៅ​កាត់​ថា​អិន​អ៊ី​ស៊ី​ស៊ី​(NECC) បច្ចុប្បន្ននេះ​ជា​អគារ​ពិព័រណ៍​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដែល​រួមមាន​មជ្ឈមណ្ឌល​តាំងពិព័រណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អាគារ​ការិយាល័យ​និង​សណ្ឋាគារ ដែលមាន​ទំហំ ១,៤៧ លាន​ម៉ែត្រការ៉េ​។​

​អិន​អ៊ី​ស៊ី​ស៊ី មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ពាណិជ្ជកម្ម ហុង​ឆែវ (Hongqioa) ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ហុង​ឆែវ អាកាសយានដ្ឋាន​អន្តរជាតិ​ពូ​តុង មជ្ឈមណ្ឌល​ហិរញវត្ថុ​ស៊ា​ង​ហៃ​និង តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង​ស៊ា​ង​ហៃ​។​

​ថ្លែងប្រាប់​គណៈប្រតិភូ​អ្នក​សារពត៌មាន​ចិន អាស៊ាន កាលពី​ទី​៤ ឧសភា ឆ្នាំ​២០១៨ លោកស្រី វ៉ាង យូ​ស៊ាន (Wang Yu Xian) ជំនួយការ​នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ បាន​មានប្រសាសន៍ថា​៖NECC​បាន​ត្រូវ​ស្ថាបនា​រួមគ្នា​រវាង​ក្រសួងពាណិជ្ជកម្ម​ចិន និង​រដ្ឋបាល​ក្រុង​ស៊ា​ង​ហៃ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​ចិន​និង​ពិភពលោក ជាមួយ​ការ​រចនា​និង​ការបំពាក់​សម្ភារៈ​ទំនើបៗ​។​ប្លុក NECC​មាន​ទំហំ ១,៤៧ លាន​ម៉ែត្រការ៉េ ធំ​ជាង​ស៊ា​ង​ហៃ​ថាវ​វើ​(Shanghai Tower)​ដែលជា​អគារ​ខ្ពស់បំផុត​នៅ​ចិន​និង​ខ្ពស់បំផុត​ទី​២​ក្នុង​ពិភពលោក ជាង​ពីរដង​កន្លះ​។​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៦​។​

​លោកស្រី ហាន់ យេ (Han Ye) តំណាង​ការិយាល័យ​ពិព័រណ៍​អា​ហរ​ណ​អន្តរ​ជាតិចិន (CIIE) បានឱ្យដឹង​ផងដែរ​ថា​៖​កាលពី​ខែឧសភា ឆ្នាំ​២០១៧ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បានប្រកាស​នៅឯ​វេទិកា​ការផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ថា​៖ ប្រទេស​ចិន នឹង​រៀបចំ​ពិព័រណ៍​នាំចូល​អន្តរជាតិ​នៅ​ឆ្នាំ​២០១៨​។​ដូច្នេះ ពិព័រណ៍​CIIE លើកដំបូង នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ​(NECC)​។​

​លោកស្រី ហាន់ ឱ្យដឹងទៀតថា​៖ មន្ត្រី​រដ្ឋាភិបាល សហគម​ពាណិជ្ជកម្ម អ្នក​តាំងពិព័រណ៍ និង​ពាណិជ្ជករ​មកពី​ជាង​១០០​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​។​ក្រៅពី​សកម្មភាព​តាំងពិព័រណ៍ ក៏មាន​ជំនួប​ពាណិជ្ជកម្ម សិក្ខាសាលា និង​ការស្វែងយល់​ពី​ផលិតផល​នានា​។​តាម​ការប៉ាន់ស្មាន នឹងមាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង​១៥​ម៉ឺន​នាក់ ក្នុងចំណោម​នោះ មាន​សហគ្រាស​មកពី​បណ្តា​ប្រទេស​អាស៊ាន​ប្រមាណ​៩០ ដែល​រួម មាន​កម្ពុជា​ផងដែរ​។​

​លោក វី​ធី​ត ផូវ៉ា​តា​ណា​ស៊ុ​ក​( Vithit Powattanasuk) ប្រធាន​គណៈប្រតិភូ​និង​ជា​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ពត៌មាន​នៃ​មជ្ឈមណ្ឌល​ចិន​អាស៊ាន​(ACC) បាន​មានប្រសាសន៍ថាៈ​ពិព័រណ៍​នាំចូល​លំដាប់​អន្តរជាតិ​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​លើកកម្ពស់​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ចិន​និង​អាស៊ាន​ឱ្យ​កាន់តែខ្លាំង​៕

គណៈប្រតិភូ​អ្នក​សារពត៌មាន​ចិន អាស៊ាន ពេល​ទស្សនកិច្ច​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជាតិ​ស៊ា​ង​ហៃ​ (​រូប​៖​សុផល​,​ពន្លក​)