មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​​រៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​២០១៨

1311
ចែករម្លែក
មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​​រៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​២០១៨

ដោយៈ​សម្បត្តិ​កញ្ញា​/​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង ប្រទេស​ចិន បានរៀបចំ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​២០១៨​ដែលមាន​ការចូលរួម​ពី​និស្សិត​កម្ពុជា បរទេស និង​គ្រូ​ជនជាតិ​ចិន​ជាច្រើន​នាក់ ។​

​ ​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ស្ថាបនិក និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា ប្រចាំ​នៅ​សាកល​វិទ្យាល័យ​ជីវ​ជាំ​ង ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន និង​ជា​ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បាន​បញ្ជាក់​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា ចំនួន​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍ ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញា​បត្រ​អក្សរសាស្ត្រ​ចិន និង​ថ្នាក់​វេជ្ជសាស្ត្រ​ទូទៅ​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង បាន​កើន​ពី​ចំនួន​៧​រូប​ក្នុង​ឆ្នាំ​២០១០ ទៅដល់​២៥​រូប​ក្នុង​ឆ្នាំ​២០១៨​នេះ ។

​ ​លោក​បាន​រំលឹក​ទៀតថា ចាប់ពី​ឆ្នាំ​២០១១​មក ក្រោយពេល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ប្រចាំ​នៅសាកលវិទ្យា​ល័យ​ជីវ​ជាំ​ង​ត្រូវបាន​បង្កើតឡើង ក្រោម​ការផ្តួចផ្តើម​គំនិត​ពី​លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទើប​មានការ​រៀបចំ​ជា​ទៀងទាត់ នូវ​បាឋកថា​ស្តីពី​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជនជាតិខ្មែរ​ជូន​ដល់​មិត្ត​ចិន និង​មិត្ត​បរទេស​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​នេះ ។ ដោយឡែក ចាប់ពី​ឆ្នាំ​២០១៧​មក ក្រោម​គំនិត​ផ្តួចផ្តើម នឹង​លើកទឹកចិត្ត​ពី​លោកស្រី​​បណ្ឌិត​សភា​ចា​រ្យ ខ្លូត ធីតា ព្រមទាំង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាកលវិទ្យាល័យ​ជីវ​ជាំ​ង ទើប​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា ត្រូវ​ប្តូរ​ទៅជា​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា​វិញ ។ វិទ្យាស្ថាន​បានរៀបចំ​ជា​លើក​ទី​១ នូវ​ជីវ​ជាំ​ង​មហាសង្ក្រាន្ត​ដើម្បី​ពង្រីក​កិត្យានុភាព និង​ឧត្តមភាព​នៃ​ប្រពៃណី​ចូលឆ្នាំ​ខ្មែរ និង​ចូលរួម​លើកតម្កើង​ឥស្សរភាព​នៃ​សិល្បៈ និង​វប្បធម៌​ដ៏​ថ្កើងថ្កាន​របស់​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ ។ គំនិត​ដ៏​ប្រពៃ​នេះ បាន​បន្ត​ក្លាយជា​វប្បធម៌​មួយ​របស់​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង និង​និស្សិត​កំពុង​សិក្សា​នៅក្នុង​ប្រទេស​​ចិន​នឹង​បន្ត​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​នេះ ។


​ ​ថ្លែង​ដោយ​ក្តី​រីករាយ និង​ចូលរួម​ក្នុង​អំណរ​ឆ្នាំ​ចនេះ លោក​បណ្ឌិត លីវ ស៊ា​វ​តុង (Liu Xiaodong) សាកលវិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​បាន​គូសបញ្ជាក់ថា ចិន​និង​កម្ពុជា​គឺជា​មិត្ត​ល្អ បងប្អូន​ល្អ ដៃគូ​ល្អ និង​អ្នកជិត​ខាង​​ល្អ ដែលជា​កត្តា​លី​ករ​ដ៏​សំខាន់​ដល់​ចំណង​សាមគ្គីភាព​មិត្តភាព រវាង​ប្រជាជាតិ​យើង​ទាំងពីរ ក្នុងការ​ចែក​រំលែក​នឹងសិក្សា​ពីគ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ ដែលជា​ពិសេស​វិស័យ​វប្បធម៌ ។​ថ្ងៃនេះ​យើង​រួមជាមួយ​និស្សិត​ទាំង​ចំនួន​៤១ ០២០​រូប ក្នុងនោះ​មាន​និស្សិត​បរទេស​ចំនួន​១ ៣០០​រូប មកពី​១២​ប្រទេស ដែលមាន​ទាំង​និស្សិត​កម្ពុជា​ចំនួន​២៥​រូប កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​បានមក​ទីនេះ​ដើម្បី​ទទួល​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង ម​ហោ​ទរា​ទេវី និង​ស្វែងយល់​បន្ថែមទៀត ពី​ទម្រង់​នានា​នៃ​សិល្បៈ​ខ្មែរ​រួមមាន​របាំ គំនូរ ចម្លាក់ តន្ត្រី ចំណីអាហារ និង​បង្អែម​ដែល​និស្សិត​កម្ពុជា បាន​យកមក​ចែករំលែក​ជាមួយនឹង​មិត្ត​ចិន និង​ជនបរទេស​ដទៃទៀត​។
​ ​លោក កឿង រស្មី ក្នុងនាម​ក្រុមការងារ​រៀបចំ​ជីវ​ជាំ​ង​មហាសង្ក្រាន្ត​លើក​ទី​២​នេះ បាន​ថ្លែង​ដោយ​ក្តីរំភើប និង​មោទកភាព​ថា ឆ្នាំនេះ​ក្រោម​ការផ្តល់​យោបល់​បន្ថែម​ពី​លោក អ៊ុំ វុទ្ធី ប្រធាន​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ទើប​និស្សិត​កម្ពុជា​បានរៀបចំ​ការសម្តែងរ​បាំ​គេ​ន របាំ​ថ្វាយព្រះពរ របាំ​នារី​កម្ពុជា របាំ​ក្រមា របាំ​មួក​ស្លឹក​ត្នោត របាំ​ដូង​ច័ន្ទ រួមជាមួយ​នឹង​ការតាំងពិព័រណ៍​វប្បធម៌​ខ្មែរ ដែលមាន​សម្លៀកបំពាក់ ឧបករណ៍​របាំ​បុរាណ គំនូរទេសភាព​ស្រុក​ខ្មែរ កសិផល ដែល​រួមមាន​អង្ករ ម្រេច ស្ករត្នោត និង​នំ​ខ្មែរ​ដូចជា​នំអន្សមចេក អន្សមដូង អន្សម​ជ្រូ​​ក និង​នំ​គោម​ជាដើម ៕ មន​