មជ្ឈមណ្ឌល​អូស្ត្រាលី​បើក​ឱ្យមក​ឈ្វេងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ដោយ​សេរី​

876
ចែករម្លែក
  • 26
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយមាន​ការគាំទ្រ​ពី​សំណាក់​សិស្សានុសិស្ស​និង​អាណាព្យាបាល​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​បាន​បើក​ឱ្យ​សិស្សានុសិស្ស​និង​អាណាព្យាបាល​មក​ឈ្វេងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ដោយ​សេរី​។​

​កម្មវិធី ACE Open Day ត្រូវបានធ្វើ​ទ្បើង​ជា​បន្តបន្ទាប់​រៀងរាល់ ៣​ខែម្ដង ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​មានឱកាស​បន្ថែ​ម​ក្នុងការ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ​មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​)​។

​កម្មវិធី ACE Open Day នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​បី​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៥ ដល់ ថ្ងៃ​ចន្ទ ទី​១៧ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។

​សិស្ស​និស្សិត និង​អាណាព្យាបាល​ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់​ដោយ​ចូលរួម​សកម្មភាព​ផ្សេង​ដូចជា​៖ ទស្សនា​បន្ទប់រៀន និង​សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​ចូលរៀន​សាកល្បង​ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។​បន្ថែម​ពីនេះ​ទៀត​សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​បរទេស​ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ​ដើម្បី​បង្កើន​ចំណេះ​និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​

​គួរបញ្ជាក់​ផងដែរ​ថា​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏ ដែល​បំពាក់​ដោយ​សម្ភារៈ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​៕S/

ចំណងជើង​រូបថត​៖​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល បើក​ឱ្យ​សិស្សានុសិស្ស និង​អាណាព្យាបាល​មក​ឈ្វេងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ដោយ​សេរី​(​រូបៈ​សុផល​)