មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លើក​ស្លាក​រូបថត មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បី​ទីតាំង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

573
ចែករម្លែក
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លើក​ស្លាក​រូបថត មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បី​ទីតាំង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ដោយៈ​អូរ​ស្មាច់/​​ឧ​ត្ត​រ​មានជ័យៈ មន្ត្រី​នៃ​មន្ទី​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​លើក​ស្លាក ដែលមាន​រូបថត អតីត​មេដឹកនាំ​កុម្មុយនីស្ត និង​ជីវប្រវត្តិ​ចលនា​ដំបូងបង្អស់ នៅ​កម្ពុជា ដាក់​នៅ ៣ ទីតាំង លើ​ភូមិសាស្ត្រ​ស្រុក​ពីរ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​បង្ហាញ​ដល់​អ្នកទេសចរ ក្នុង​និង​ក្រៅ​តំបន់់ បាន​ស្គាល់ និង​ស្វែងយល់ ពី​ចលនា​កុម្មុយនីស្ត គ្រប់គ្រង នាកាល​សម័យ​នោះ​។​

​អ្នកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទី​ទេសចរណ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ថ្មីៗ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​អនុគណៈកម្មការ​អន្តរក្រសួង បាន​លើក​ស្លាក​ភ្ជាប់​នឹង​រូបថត ប៉ុល ពត និង​បក្ខពួក​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥.១៩៧៩) ដែល​ជំនុំ​ជម្រះក្តី ដោយ​តុលាការ​ខ្មែរក្រហម នាបច្ចុប្បន្ន​នេះ បានដាក់​បង្ហាញ​នៅ ៣ ទីតាំង ក្នុង​ទីតាំង​នីមួយៗ មាន​ចំនួន ២ ស្លាក គឺ​នៅមុខ​មន្ទី​ទេសចរណ៍​ខេត្ត ក្នុង​ក្រុង​សំរោង ១​ទីតាំង និង​ពីរ​ទីតាំង​ទៀត នៅ​សាលាស្រុក និង ពយ តា​រួន នៅលើ​ខ្នងភ្នំ​ដងរែក ស្រុក​អន្លង់វែង​។​

​អ្នកស្រី ប្រធាន​មន្ទី​ទេសចរណ៍ បាន​បន្តថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​ការលើក​ស្លាក នៅ​តំបន់​ខាងលើនេះ គឺ​ចង់បង្ហាញ​ប្រាប់ ដល់​អ្នកទេសចរ​ក្នុង និង​ក្រៅ​តំបន់ ទ​ទូល​បានការ​ស្វែងយល់​ការពិត នូវ​ជីវប្រវត្តិ​សាស្ត្រ នៃ​ចលនា​គ្រប់គ្រង​ដំបូង និង​ការរស់នៅ​របស់​មេដឹកនាំ​ខ្មែរក្រហម និង​បក្ខពួក នាកាល​សម័យ​នោះ​យ៉ាងម៉េច និង​មាន​ភស្តុតាង​អ្វីខ្លះ ដែល​បាន​បន្សល់ទុក ដល់​បច្ចុប្បន្ននេះ​។​

​អ្នកស្រី បាន​បន្ថែមថា ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តឹកតាង​ចុងក្រោយ ជា​ប្រវត្តិសាស្ត្រ មាន​ចំនួន ១៤ ទីតាំង នៅ​ស្រុក​អន្លង់វែង រួមមាន កន្លែង​ដុត​ខ្មោច ប៉ុល ពត​, កន្លែង​កាត់ទោស​ប៉ុល ពត​, ផ្ទះ​ប៉ុល ពត ខៀវ សំផន​, ឃ្លាំង​ដាក់​សម្ភារ​, កន្លែង​ដុត​ខ្មោច សុន សេន​, កន្លែង​ស្រែ​គំរូ​, ទីតាំង​ការដ្ឋាន​ដឹកជញ្ជូន​, ទីតាំង​បឹង​អន្លង់វែង​, ទីតាំង​ផ្ទះ​តា​ម៉ុក​, ទីតាំង​មន្ទី​ពេទ្យ​, ទីតាំង​អតីត​សាលារៀន​, ស្ពាន​តា​ម៉ុក ។​ល​។ ហើយ​ទីតាំង​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់ និង​រៀបចំ​តំបន់​ទាំងនេះ ទៅជា​តំបន់​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ នៅក្នុង​អនុក្រឹត្យ​លេខ ៣៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១០៕សរន

#