មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា ៖ កន្លែង​តម្កល់​ឯកសារ តាំងពិព័រណ៍ និង​សម្តែង​សិល្បៈ

845
ចែករម្លែក

ដោយៈ ផាត ចាន់​សុ​និ​តា បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​នូវ​កម្មវិធី​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។ នាពេល​ថ្មីៗ​នេះ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបាន​សម្តែង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង ដែលជា​តាំង​មួយ​នៃ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា បាន​តម្កល់ទុក​ឯកសារ​ជាង​១​លាន​ទំព័រ ក្នុងនោះ​មាន​ឯកសារ​ថតចម្លង​ប្រភេទ​ជា​ក្រដាស​ជាង​៤.០០០​ទំព័រ​ទាក់ទង​នឹង​ភូមិភាគ​បូព៌ា និង​ឯកសារ​ដែល​ផ្ទុក​ក្នុង​ទិន្នន័យ​កំ​ព្យូ​ទ័​រ រួមមាន រូបភាព សំឡេង វីដេអូ និង​បទសម្ភាសន៍​ទាក់ទង​នឹង​របប​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​នេះ​ក៏មាន​ដាក់តាំង​ពិព័រណ៍​រូបថត​ចល័ត និង​អចិន្ត្រៃយ៍​របស់​មេដឹកនាំ​ភូមិភាគ​បូព៌ា​ដែរ​។ ប្រជាជន​នៅតាម​មូលដ្ឋាន សិស្ស និស្សិត និង​អ្នកសិក្សា​ស្រាវជ្រាវ​នៅតាម​បណ្ដា​ខេត្ត អាច​ស្វែងរក​ឯកសារ និង​ទស្សនាការ​តាំងពិព័រណ៍ នៅ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា​។

​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ ព្រៃវែង​គឺជា​ខេត្ត​មួយ​ស្ថិតក្នុង​ចំណោម​ខេត្ត​បួន​ផ្សេងទៀត ដែល​ត្រូវបាន​មេដឹកនាំ​របប​ខ្មែរក្រហម ចាត់​ចូលទៅក្នុង​រចនាសម្ព័ន​នៃ​ភូមិភាគ​បូព៌ា​។ ភូមិភាគ​មួយ​នេះ​ត្រូវបាន​ខ្មែរក្រហម​បែង​ចែកចេញជា​ប្រាំ​តំបន់​គឺ​តំបន់​២០, តំបន់​២១, តំបន់​២២, តំបន់​២៣ និង​តំបន់​២៤​។ តំបន់​ទាំងអស់នេះ​ត្រូវបាន​បែង​ចែកចេញជា​៣០​ស្រុក ហើយ​ស្រុក​នីមួយៗ​ត្រូវបាន​បែង​ចែកចេញជា​ឃុំ និង​ភូមិ​ជាច្រើន ទៀត​។ ភូមិភាគ​បូព៌ា​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម​នៅ​ប៉ែក​ខាងកើត និង​ទន្លេមេគង្គ​នៅ​ប៉ែក​ខាងលិច​។ មួយ​ភាគ​ធំ​នៃ​ភូមិភាគ​បូព៌ា​ជា​ដីស្រែ​ដែល​ពឹង​ផ្អែកទៅលើ​ប្រភពទឹក​ទន្លេមេគង្គ​ក្នុងការ​ស្រោចស្រព​ដំណាំ​។ ភូមិភាគ​បូព៌ា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សោ ភឹម ដែលជា​លេខា​បក្ស​ភូមិភាគ​។ អំឡុងពេល​ដែលមាន​កា​រ​ប៉ះទង្គិច​នៅតាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​កាន់តែខ្លាំង​ឡើង បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​ចោទប្រកាន់​ប្រធានភូមិ​ភាគ​នេះ​ថា ក្បត់​អង្គការ​។ បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មជ្ឈិម​ជាច្រើន​ដើម្បី​ទៅ​បោសសម្អាត​កម្មាភិបាល និង​កងទ័ព​នៅ​ភូមិភាគ​បូព៌ា​។ សោ ភឹម ត្រូវបាន​ឡោមព័ទ្ធ​ពី​សំណាក់​កងទ័ព​មជ្ឈិម និង​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​។ ចំណែក​កម្មាភិបាល និង​កងទ័ព​នៅក្នុង​ភូមិ​ភាគ​នេះ​ត្រូវបាន​អង្គការ​ចាត់ទុកថា​ជា​ខ្មាំង ហើយ​ប្រជាជន​ត្រូវបាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​ផ្សេង និង​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​។ ប្រជាជន​នៅ​ភូមិភាគ​បូព៌ា​បានទទួល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ការកាប់សម្លាប់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សោកនាដកម្ម​ដ៏​រន្ធត់​នេះ​នៅតែ​ដិតដាម​ជាប់​ជានិច្ច​ក្នុង​អារម្មណ៍​របស់​ប្រជាជន​។ ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​ក្តី ក៏ ការ​ស្អប់ និង​គំនុំគុំកួន​នៅតែ​បន្ត​កើតមាន​រវាង​ជនរងគ្រោះ និង​ជនដៃដល់​មកដល់​ពេល​បច្ចុប្បន្ន​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​ឲ្យ​មានការ​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មានការ​ផ្សះផ្សា​គ្នា​នៅក្នុង​សង្គម​កម្ពុជា និង​ដើម្បី​ព្យាបាល​ដោយសារតែ​ការឈឺចាប់ ការបាត់បង់​សាច់ញាតិ និង​មនុស្ស​ជាទី​ស្រឡាញ់​នៅក្នុង​របប​ខ្មែរក្រហម​។

​បន្ទាប់ពី​បាន​ចូលរួម​ទស្សនា​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅក្នុង​បរិវេណ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង រួចមក អ្នកទស្សនា​បាន​បញ្ចេញ​នូវ​ចំណាប់អារម្មណ៍ និង​បទពិសោធន៍​នៅក្នុង​របប​ខ្មែរក្រហម​ដូចខាងក្រោម​៖

១. នៅ សា​វ៉ាន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​រស់នៅ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​បាន​មាន​ប្រសា​ន៍​ថា នៅពេល​រំឭក​ទៅដល់​សម័យ​ខ្មែរក្រហម​បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​រឿងរ៉ាវ​ឈឺចាប់​ជាច្រើន ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅក្នុង​អំឡុង​ពេលនោះ​។ បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​កងចល័ត​លើក​ទំនប់​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ប្រធាន​កងចល័ត​បាន​ប្រើ​ខ្ញុំ​ឲ្យ​ជីកដី និង​រ៉ែ​កដី​តាំងពីព្រឹក​រហូតដល់​យ​ប់​។ ចំពោះ​របប​អាហារ​នៅ​ទីនោះ ខ្ញុំ​ទទួលបាន​បរបរ​រាវ​ពីរ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដោយសារតែ​គ្រួសារ​របស់ខ្ញុំ​ភាគច្រើន​គឺជា​មន្ត្រីរាជការ​នៅក្នុង​របប​សង្គមរាស្ត្រនិយម និង​របប លន់ នល់ ដូច្នេះ​គ្រួសារ​ខ្ញុំ​ត្រូវ​ទទួលរង​នូវ​ការ​ធ្វើបាប​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​១៩៧៧ ឪពុក​របស់ខ្ញុំ​ត្រូវបាន​យោធា​ខ្មែរក្រហម​ចាប់ខ្លួន​យកទៅដាក់​គុក​នៅ​ទួល​ម្រិញ ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជាប់​និន្នាការ​សង្គមចាស់​។ ដោយសារ​រង​ទារុណកម្ម​ធ្ងន់ធ្ងរ​ពេក ឪពុក​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទៅ​។ ក្រៅពី​ឪពុក​ខ្ញុំ នៅមាន​បងប្អូន​ថ្លៃ​រប​ស់​ខ្ញុំ​បួន​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​យោធា​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយសារតែ​សាច់ញាតិ​របស់ខ្ញុំ​ទាំងនោះ​ជា​អតីត​អ្នករដ្ឋការ​ជំនាន់​ចាស់​។ ប្រធាន​ដែល​គ្រប់គ្រង​នៅ​កងចល័ត​របស់ខ្ញុំ​ឈ្មោះ ម៉ែន​។ គាត់​បាន​ធ្វើបាប និង​កាប់សម្លាប់​ទៅលើ​ប្រជាជន​ស្លូតត្រង់​អស់​ជាច្រើន​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ ម៉ែន ត្រូវបាន​សាច់ញាតិ​ជនរងគ្រោះ​សម្លាប់​ដើម្បី​សងសឹក​វិញ​។​
​ខ្ញុំ​តែងតែ​និយាយ​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ទាំងនេះ​ប្រាប់​ទៅដល់​កូនចៅ​ជំនាន់​ក្រោយ ប៉ុន្តែ​កូនចៅ​របស់ខ្ញុំ​មិន​ជឿ​នូវ​អ្វីដែល​កើតឡើង​ទាំង​នោះទេ​។ នៅពេលដែល​ខ្ញុំ​បាន​ទស្សនា ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នឹកឃើញ​ទៅដល់​រឿងរ៉ាវ​ឈឺចាប់​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នៅក្នុង​សម័យ​ខ្មែរក្រហម​។ ជាពិសេស​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​សិល្បៈ​នៅ​សម័យ​នោះ ដោយសារ​ខ្ញុំ​ធ្លាប់​បានឮ​តែ​បទ​ចម្រៀង​បដិវត្តន៍​ចាក់​តាម​មេក្រូ ដែល​បម្រើ​ឲ្យ​គោលនយោបាយ​របស់​អង្គការ​ខ្មែរក្រហម​។ បើទោះបីជា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​រឿងរ៉ាវ​រន្ធត់​ដែល​បានកើត​នៅក្នុង​អំឡុង​ពេលនោះ ប៉ុន្តែ​ខ្ញុំ​មានការ​សប្បាយចិត្ត​ដោយសារ​តាមរយៈ​អត្ថន័យ​នៃ​សាច់រឿង បាន​ឆ្លុះបញ្ចាំង​ឲ្យ​ក្មេងជំនាន់ក្រោយ​បានដឹង​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ចូលរួម​ទប់ស្កាត់​របប​នេះ​មិន​ឲ្យ​កើតឡើង​សាជាថ្មី​។ ជាពិសេស​តាមរយៈ​ល្ខោន​នេះ​បាន​អប់រំ​ឲ្យ​មានការ​អន់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ជនរងគ្រោះ និង​ជនដៃដល់​។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ បើទោះបីជា យោធា​ខ្មែរក្រហម​បានសម្លាប់​ឪពុក និង​បងប្អូន​របស់ខ្ញុំ​អស់​ច្រើន ប៉ុន្តែ​ខ្ញុំ​មិនដែល​មានគំនិត​គុំកួន ឬ សងសឹក​ចំពោះ​ឃាតករ​ទាំង​នោះឡើយ​។

២. ស្រេង ពិសី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ គឺជា​និស្សិត​ឆ្នាំ​ទី​២​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រវត្តិវិទ្យា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​លើកឡើងថា បន្ទាប់ពី​បាន​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​រួច ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកសង្រេង​យ៉ាងខ្លាំង​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ តាមរយៈ​អត្ថន័យ​នៃ​សាច់​រឿងនេះ​បាន​រំលេច​នូវ​រឿងរ៉ាវ​ជាច្រើន​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​របប​មួយ​ដ៏​សាហាវ​យ៉ង់​ឃ្នង់​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាច្រើន​លាន​នាក់​។ លើសពីនេះទៅទៀត​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អប់រំ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​កាន់តែ​ប្រសើរឡើង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ម្យ៉ាងវិញទៀត​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​នោះ ហ៊ាន​និយាយ​ពី​ភាពឈឺចាប់​ដែល​ខ្លួន​បាន​ជួប​ប្រ​ទៈ ព្រមទាំង​រឿងរ៉ាវ​អាថ៌កំបាំង​ផ្សេងៗ​ទៀត​ដែល​បានកើត​ឡើង ដើម្បី​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ទៅដល់​អ្នកជំនាន់ក្រោយ​បានដឹង និង​ទប់ស្កាត់​របប​នេះ​មិន​ឲ្យ​កើត​ឡើងវិញ​។​

៣. សេង ស៊ីណា​រ៉ាត់ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​និស្សិត​នៃ​ដេ​ប៉ា​តេ​ម៉​ង់​ប្រវត្តិវិទ្យា​មកពី សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានលើកឡើង​ថា ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែលមាន​ឱកាស​បាន​ចូលរួម​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​។ តាមរយៈ​ការសម្តែង​របស់​តួអង្គ​បានធ្វើ​ឲ្យ​ខ្ញុំ​ដែលជា​អ្នកទស្សនា​នឹក​ស្រមៃ​ទៅដល់​ទុក្ខលំបាក​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​ខ្មែរ​នា​អំឡុង​ពេលនោះ​។ លើសពីនេះទៅទៀត​នៅក្នុង​ឈុត​ឆាក​នៃ​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បានផ្តល់​នូវ​តម្លៃ​អប់រំ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​គិតពិចារណា ចង់​ចេះ​ចង់ដឹង​ពី​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​។ ជាពិសេស​អប់រំ​ឲ្យ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ចេះ​សារភាព​នូវ​ទោសកំហុស​ដែល​ខ្លួន​បានធ្វើ និង​អប់រំ​ឲ្យ​មនុស្ស​ឲ្យ​ចេះ​អត់ឱន​យោគយល់ អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ចង់​ជួប​រឿងរ៉ាវ​ដ៏​សែន​ឈឺចាប់​ដូច​របប​ខ្មែរក្រហម​នេះ​ទេ ហើយ​ខ្ញុំ​គិតថា​ការសិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ អាចជួយ​បញ្ជៀ​ស​របប​ប្រល័យពូជសាសន៍​នេះ​មិន​ឲ្យ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ម្តងទៀត​។

៤. រ៉ូ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​គរុ​សិស្ស​ឯកទេស​រូបវិទ្យា នៃ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង បាន​លើកឡើងថា ក្រោយពី​បាន​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»​រួច ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​ចំពោះ​ការសម្តែង​ទាំង​៨​ឈុត ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ តាមរយៈ​អត្ថន័យ​នៃ​ល្ខោននិយាយ​បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ស៊ីជម្រៅ​បន្ថែមទៀត ពី​របប​ខ្មែរក្រហម ដែល​បាន​កាប់សម្លាប់​ទៅលើ​ជនជាតិខ្មែរ​គ្នាឯង​។ ជាពិសេស​ធ្វើ​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​កាន់តែច្បាស់​នូវ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម ដើម្បី​បង្កា​កុំ​ឲ្យ​របប​នេះ​កើតឡើង​វិញ​។​

​ការសម្តែង​ល្ខោន​មិន​ត្រឹមតែ​នាំមក​នូវ​ការពិភាក្សា និង​ការផ្សះផ្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ផ្តល់នូវ​ការអប់រំ​អំពី​របប​ខ្មែរក្រហម​ដល់​សិស្ស និស្សិត​ដែល​បាន​ចូលរួម​ទស្សនា​ថែមទៀត​ផង​៕ ល​

#